អានតួអត្ថបទ

តើទំនាក់ទំនងរវាងចិន និងអូស្រា្តលីអាចស្គាល់ភាពធូរស្រាលជាមួយនាយករដ្ឋមន្រ្តីថ្មីអូស្រា្តលីដែរ ឬទេ?

នៅ​ក្នុង​ប្រទេស​ចិន នាយករដ្ឋមន្រ្តី​លោក​លី ខឺជាំង​បាន​ផ្ញើ​សារ​អបអរសាទរ​នាយករដ្ឋមន្រ្តី​ថ្មី​អូស្រា្តលី​លោក​អង់តូនី អាល់បានីស៊ី។ « ភាគី​ចិន​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​ភាគី​អូស្រ្តាលី​ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​ភាព​ចម្រូងចម្រាស​លើ​រឿង​អតីតកាល និង​សម្លឹង​មើល​អនាគតកាល​ដើម្បី​លើក​កម្ពស់ និង​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​រួម » នេះ​ជា​សម្តី​របស់​លោក​លី ខឺជាំង​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន​ស៊ីនហួរ​បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ចន្ទ ទី២៣ ឧសភា។ គួរ​រម្លឹក​ថា ចិន និង​អូស្រា្តលី​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​លោក​ស្កុត ម៉ូរីសុន​បាន​ស្គាល់​ទំនាក់ទំនង​តានតឹង​ខ្លាំង​ដោយ​ក្រុង​កង់បេរ៉ា​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ​ស្តីពី​ប្រភពដើម​នៃ​មេរោគ​កូវីដ១៩ និង​ការ​ដែល​អូស្តា្រលី​មិន​ឲ្យ​ក្រុមហ៊ុន​ចិន Huawei ចូលរួម​សាងសង់​បណ្តាញ​ទូរគមនាគមន៍ 5G។ ក្រុង​ប៉េកាំង​បាន​ឆ្លើយ​បក​វិញ​ដោយ​ឈប់​ទិញ​ផលិផល​អូស្រា្តលី​មួយ​ចំនួន ដូច​ជា​ធ្យូងថ្ម ឬ​ស្រា។ យ៉ាង​ណា​ក៏​ដោយ អ្នកស្រាវជ្រាវ និង​អ្នកជំនាញ លោក​បារតេឡេមី គួរម៉ុង​បាន​យល់​ឃើញ​ថា នាយករដ្ឋមន្រ្តី​ថ្មី​អូស្រា្តលី​លោក​អង់តូនី អាល់បានីស៊ី​ចេញ​ពី​គណបក្ស​ពលករ​ត្រូវ​ស្វែង​រក​តុល្យភាព​នៃ​ទំនាក់ទំនង​រវាង​អូស្រា្តលី និង​អាមេរិក ហើយ​រវាង​អូស្រា្តលី និង​ចិន។

​នាយករដ្ឋមន្រ្តី​ថ្មី​អូស្រា្តលី​លោក​អង់តូនី អាល់បានីស៊ី។
​នាយករដ្ឋមន្រ្តី​ថ្មី​អូស្រា្តលី​លោក​អង់តូនី អាល់បានីស៊ី។ AFP - CHARLY TRIBALLEAU
ផ្សាយពាណិជ្ជកម្ម

« យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​អូស្រា្តលី​កន្លង​មក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​បង្កើត​សម្ព័ន្ធ​យោធា​ត្រីភាគី AUKUS ដែល​មាន​អូស្រា្តលី អង់គ្លេស និង​អាមេរិក និង​ការ​ដែល​អូស្រា្តលី​បាន​បោះបង់​ចោល​វិញ​នូវ​កិច្ចសន្យា​ទិញ​នាវាមុជទឹក​បារាំង​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា មាន​ឥស្សរជន​គ្រាក់ៗ​ចេញ​ពី​គណបក្ស​ពលករ ពិសេស​អតីត​នាយករដ្ឋមន្រ្តី​លោក​គេវីន រូដ​បាន​ចេញ​មុខ​ជា​ចំហ​ដើម្បី​រិះគន់​ទិតៀន​ចាស់​ដៃ​លើ​ជំហរ​របស់​ក្រុម​អ្នកអភិរក្សនិយម។

ក្រុម​គណបក្ស​ពលករ​បាន​វាយប្រហារ​លើ​ក្រុម​អ្នកអភិរក្សនិយម​ដែល​មាន​ជំហរ​ចាក់​ស្រប​ជាមួយ​អាមេរិក និង​ដែល​បាន​ចេញ​មុខ​ប្រឆាំង​ចិន​ខ្លាំងក្លា។ ដូច្នេះ នេះ​ជា​វិញ្ញាសារ និង​ជា​សមីការ​មួយ​ដែល​នាយករដ្ឋមន្រ្តី​ថ្មី​លោក​អង់តូនី អាល់បានីស៊ី​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស។ តើ​រដ្ឋាភិបាល​ថ្មី​អូស្រា្តលី​នឹង​ព្យាយាម​រក​ឲ្យ​ឃើញ​ឡើង​វិញ​ដោយ​នៅ​ម្ខាង នូវ​ទម្រង់​តុល្យភាព​នៃ​ភាព​ជិតស្និទ្ធ​ជា​យុទ្ធសាស្ត្រ​ជាមួយ​សហរដ្ឋអាមេរិក រួម​ទាំង​ជាមួយ​ប្រទេស​សមាជិក​ផ្សេង​ទៀត​ក្នុង​បក្សសម្ព័ន្ធ​ក្វាដ « Quad »។

ហើយ​នៅ​ម្ខាង​ទៀត​ក្នុង​ពេល​ជា​មួយ​គ្នា រដ្ឋាភិបាល​ថ្មី​អូស្រា្តលី​ត្រូវ​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនាក់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ខ្លាំង​ណាស់​ជាមួយ​ចិន។ ទំនាក់ទំនាក់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នេះ គឺ​សំខាន់​ជាង​ជាមួយ​អាមេរិក​ទៅ​ទៀត។ ដូច្នេះ​គេ​អាច​រង់ចាំ​ថា នាយករដ្ឋមន្រ្តី​ថ្មី​អូស្រា្តលី​ជា​មនុស្ស​ដែល​បង្ហាញ​ចេញ​នូវ​នយោបាយ​ឆ្លាត​ជាង​អតីត​នាយករដ្ឋមន្រ្តី និង​ចេះ​បត់បែន​ពី​ជំហរ​នយោបាយ​ដែល​ធ្លាប់​មាន​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ