អានតួអត្ថបទ

ជប៉ុនខឹងខ្លាំង ក្រោយពីយន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​​ចិន​និង​រុស្ស៊ីហោះ​រួមគ្នាក្បែរ​​ដីជប៉ុន

ថ្ងៃអង្គារ៍ទី​២៤ឧសភា យន្តហោះ​ទម្លាក់​គ្រប់បែក​​ ជាច្រើន​គ្រឿង​ របស់​ចិន​និង​រុស្ស៊ី បាន​ហោះហើរ​រួម​ព្រមគ្នា​ នៅ​ក្បែរ​កៀក​នឹង​ដែន​ដី​របស់​ជប៉ុន។ ទង្វើ​នេះ ធ្វើ​ឲ្យ​ជប៉ុន​ខឹង និង​បាន​ប្រើ​មធ្យោបាយ​ផ្លូវ​ការទូត ​ដើម្បី​បោះ​សម្តីព្រមាន​ ក្រុង​ប៉េកាំង​និង​ម៉ូស្កូ។ ព្រឹត្តិការណ៍នេះ ​ធ្លាក់​ជួន​ចំ​ពេល​ដែល​ បក្សសម្ព័ន្ធ​ចតុភាគី ក្វាដ កំពុងតែ​ជួប​ប្រជុំ​គ្នា​នៅក្រុង​តូក្យូ ដើម្បីរក​មធ្យោបាយ​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក ​Nobuo Kishi ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន និង​​បានសម្តែង​​ខឹង​សម្បារ​​ជា​ខ្លាំងទល់​នឹង​ក្រុង​ប៉េកាំង​និង​ម៉ូស្កូ​។ ​​
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក ​Nobuo Kishi ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន និង​​បានសម្តែង​​ខឹង​សម្បារ​​ជា​ខ្លាំងទល់​នឹង​ក្រុង​ប៉េកាំង​និង​ម៉ូស្កូ​។ ​​ imago images/Kyodo News - via www.imago-images.de
ផ្សាយពាណិជ្ជកម្ម

យន្តហោះទម្លាក់​គ្រាប់​បែក​ សរុបមានចំនួន​ ៤​គ្រឿង  ពីរជា​របស់​ចិន និង​ពីរគ្រឿងទៀត​ជារបស់​រុស្ស៊ី ដែល​​ហោះ​ហើរ​​នៅ​ក្បែរកៀកកិច​ដែន​សមុទ្រជប៉ុន​​​។ ​មាន​យន្ត​ហោះ​រុស្ស៊ី​មួយ​ ក៏បាន​ហើរ​ឆ្លប​យកការណ៍ ដោយ​បាន​ហោះ​ពី​កោះហុកកៃដូ ឆ្ពោះទៅ​ជ្រោយ​នូតុ​ របស់​ជប៉ុន​ទៀត​ផង។ នេះ​ជាអ្វីដែល​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក ​Nobuo Kishi ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន និង​​បានសម្តែង​​ខឹង​សម្បារ​​ជា​ខ្លាំងទល់​នឹង​ក្រុង​ប៉េកាំង​និង​ម៉ូស្កូ​។ ​​

ការព្រលែង​យន្តហោះសម្រាប់​ច្បាំង​ ឲ្យ​​ហោះហើរ​នៅ​ក្បែរ​ដែន​ទឹក​ជប៉ុន​នេះ គឺ​នៅក្នុង​ថ្ងៃតែមួយ ដែល​សម្ព័ន្ធមិត្ត​ចតុភាគី សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និង ជប៉ុន បាន​ជួប​ប្រជុំ​គ្នា​នៅក្រុង​តូក្យូ ដើម្បីរក​មធ្យោបាយ​ទប់​ទល់​នឹង​ឥទ្ធិពល​កាន់តែ​ខ្លាំងៗរបស់​ចិន ទាំងផ្នែក​​សេដ្ឋកិច្ច​និង​ទាំង​យោធា។ ចេតនា​ដែល​រុស្ស៊ី​និង​ចិនក្នុង​ការ​ប្រព្រឹត្ត​ធ្វើ​ដូច្នេះ គឺត្រូវ​​រដ្ឋមន្ត្រី​ជប៉ុន​ចាត់ទុកថា​ ជាការ​ញ៉ុះ​ញ៉ុង់បង្កហេតុ​ និងជាការ​កំញើញគំរាមគំហែង។

ទោះបីជាម្តេច​ក្តី ភាគី​ជប៉ុន​នៅតែ​ឲ្យ​តម្លៃ​លើ​ផ្លូវ​ការទូត​។ រដ្ឋមន្ត្រីការពារជាតិ​ជប៉ុន មាន​ប្រសាសន៍​ប្រាប់អ្នក​កាសែត​ថា តាម​ផ្លូវ​ការទូត ជប៉ុន​សម្តែង​ក្តី​ព្រួយ​បារម្ភ​​ជាពន់ពេក​ និងសូម​បង្ហាញពីទស្សនៈ​យល់ឃើញ​ចំពោះ​ប្រទេសជាតិ​ជប៉ុន​និង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់។​ មន្ត្រីជាន់​ខ្ពស់​ជប៉ុន​រូប​នេះ គូស​បង្ហាញថា សហគម​អន្តរជាតិ​កំពុងតែ​ឆ្លើយ​តប​ចំពោះការ​ឈ្លានពាន​របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយ​ពេល​នេះ ចិន​ ស្រាប់តែ​បាន​សហការជាមួយ​រុស្ស៊ី ធ្វើ​សកម្ម​ភាព​បែបនេះ​ទៀត នៅក្បែរដីជប៉ុន​ នេះ​គឺ​ការគួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ហើយ​ក៏​មិនត្រូវ​មាក់​ងាយ​ស្ថានការណ៍​នេះដែរ​។​

ជារបាយការណ៍​ ​រដ្ឋមន្ត្រី​ជប៉ុន​បាន​ផ្តល់​ឲ្យ​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ថា​ចាប់ពី​ខែ​វិច្ឆិកា​ឆ្នាំមុន​រហូត​មកទល់​ពេល​នេះ មាន​យន្ត​ហោះ​ចិននិងរុស្ស៊ី បាន​ហោះហើរ​ក្បែរ​ព្រំដែន​ជប៉ុន​ ចំនួន​៤​ដង​លើក​ មកហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ