អានតួអត្ថបទ

ហ្វីលីពីន៖ កូនប្រុសអតីត​​មេដឹកនាំផ្តាច់ មាន​សំឡេង​​​ស្ទង់​មតិ​ថា ​អាច​ឈ្នះការបោះឆ្នោតប្រធានាធិបតី

នៅថ្ងៃច័ន្ទទី៩ឧសភា ពលរដ្ឋ​ហ្វីលីពីន នឹង​ត្រូវ​ទៅបោះឆ្នោត​។ ការ​ស្ទង់មតិចុងក្រោយ បង្ហាញថា កូនប្រុស​របស់​អតីត​មេដឹកនាំផ្តាច់ហ្វីលីពីន គឺ​មានសំឡេងភាគច្រើន​ ហើយនឹង​​អាចឈ្នះ​ការ​បោះឆ្នោតក្លាយ​ប្រធានាធិបតី​។ ក៏ប៉ុន្តែ នេះ​ជាក្តីបារម្ភ​ខ្លាំងណាស់​ សម្រាប់​អ្នក​ការពារ​សិទ្ធមនុស្ស​ និង ​សហគម​កាតូលិក ដែល​ពួក​គេ​អះអាងថា បើ​គ្រួសារ​លោក Ferdinand Marcos មក​កាន់​អំណាច​ឡើងវិញ នោះគឺ ហ្វីលីពីន ​នឹង​ក្លាយ​ជា«ឋាន​នរក»​។ ចំពោះ​ក្រុម​បេក្ខជន​​ប្រឆាំង ការបោះឆ្នោត​លើក​នេះ គឺ​ការ​សមរភូមិ​ប្រយុទ្ធ​ដើម្បី«ព្រលឹង​ជាតិ»​ និងជាការ​ប្រឆាំងនឹង​អំណាចផ្តាច់ការ​ឃោរឃៅព្រៃផ្សៃ។​​​

 លោក Ferdinand Marcos Junior បាន​ថ្លែង​ថា ​ខ្លួន​នឹង​ឈ្នះ និង​បាន​សន្យាថា គ្មាន​រឿង​ទារុណកម្មទុក្ខ​វេទនា​កើត​មាន​ជាថ្មីឡើយ​។
លោក Ferdinand Marcos Junior បាន​ថ្លែង​ថា ​ខ្លួន​នឹង​ឈ្នះ និង​បាន​សន្យាថា គ្មាន​រឿង​ទារុណកម្មទុក្ខ​វេទនា​កើត​មាន​ជាថ្មីឡើយ​។ AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ការ​ស្ទង់​មតិ​ចុងក្រោយ បង្ហាញថា លោក Ferdinand Marcos Junior អាច​មាន​គេ​ចង់បោះឆ្នោត​ឲ្យ​គាត់ ប្រមាណ​៥៦ភាគរយ គឺ​ច្រើន​ជាង​គូប្រជែង​លោកស្រី Leni Robredo ដែល​បាន​ត្រឹមតែ​៣៣ភាគរយ​។ ចំណែក​​បេក្ខជន​​ផ្សេងទៀត មាន​សំឡេង​តិចតួច ដែល​ចង់​បោះឆ្នោត​ឲ្យ។

លោក Ferdinand Marcos Junior ជាកូន​ប្រុស​របស់​លោក Ferdinand Marcos ដែល​ធ្លាប់​បាន​កាន់​អំណាច​ផ្តាច់​ការ​ នៅ​ហ្វីលីភីន អំលុង​ទសវត្សរ៍​១៩៧០និង​៨០ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ ៧ម៉ឺននាក់ ត្រូវ​គេ​សម្លាប់ ត្រូវ​រងទារុណកម្ម និងត្រូវ​គេ​​រំលោភផ្លូវ​ភេទ​។ នេះបើតាម​អង្គការ​ Amnesty International។ លោកFerdinand Marcos បាន​ភៀសខ្លួនរត់​ចោល​ស្រុក​​ និង​ស្លាប់​នៅ​សហរដ្ឋអាមេរិក ​ឆ្នាំ១៩៨៧។​ ​លោក​ត្រូវជាប់​ឈ្មោះថា ជាមេដឹកនាំផ្តាច់​ការ និង​បាន​លួច​លុយជាតិ ១០ពាន់​លាន​ដុល្លារ​។​

នៅពេល​នេះ កូន​ប្រុស​របស់​លោកបាន​ឈាន​ឆ្ពោះ​ទៅ​ការ​​កាន់​អំណាច​ឡើងវិញ​នៃគ្រួសារ​អ្នក​នយោបាយ Marcos។ អ្នក​វិភាគ​នយោបាយ​ហ្វីលីពីន ​​មើលឃើញថា Ferdinand Marcos Junior បាន​ប្រើយុទ្ធសាស្ត្រនយោបាយ​គ្មាន​​តម្លាភាព។ លោក​មិនព្រម​​ផ្តល់​សម្ភាស​ជាមួយ​អ្នក​កាសែត ឬជៀសវាង​ការសួរ​ដេញ​ដោល​ទស្សនគំនិត​ដឹកនាំប្រទេស​របស់​លោក។ លោកមិន​ផ្តល់​សម្ភាស​តាម​ទូរទស្សន៍​ជាមួយ​អ្នក​សារព័ត៌មានជំនាញ​​។ លោក​និយាយតែតាម​បណ្តាញ​សង្គមផ្ទាល់ខ្លួន ដែល​ចង់​និយាយពី​​អ្វីស្រេចតែ​​ចិត្ត​ ដោយគ្មាន​អ្នក​សួរ​ទប់ឬដេញដោល​ ហើយនៅ​​តាម​បណ្តាញ​សង្គម ដូចជាYoutube​ លោក​បង្ហាញ​ពីភាព​មាន​បាន​និងទ្រព្យសម្បត្តិ ដើម្បីទាក់ទង​ចិត្ត​យុវជន​ហ្វីលីពីន ដែល​កំពុង​អត់​ការងារ​និងដែល​កំពុង​តែអស់សង្ឃឹម ឲ្យ​គិតថា គ្រួសារអ្នក​នយោបាយ​និង​​អ្នកមានមហាសាល​​នេះ នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​រីកចម្រើន​ឡើង និង​បង្កើត​ការងារ​ឲ្យ​ពួក​គេ​។ យុទ្ធសាស្ត្រ​នេះ បាន​ទាក់ចិត្ត​យុវជន​ច្រើន ឲ្យ​គាំទ្រ​រូប​លោក។ យុវជន​​ទាំង​នោះ​ជាមនុស្ស​​កើត​ក្រោយ​សម័យ​ផ្តាច់​ការ​របស់​ឪពុក Ferdinand Marcos និង​មិនស្គាល់​ច្បាស់​ពីប្រវត្តិ​ពុក​រលួយ​របស់​គ្រួសារ​នេះទេ​។​

ម្យ៉ាងវិញទៀត ការ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹងលោកស្រី​ Sara Duterte ជា​កូនស្រី​របស់ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ​Rodrigo Duterte ក៏​រឹងរឹត​ធ្វើ​ឲ្យ​ Ferdinand Marcos Junior កាន់តែ​​មាន​សំឡេង​គាំទ្រ​ច្រើនឡើង​ៗ​។​ កាលពីថ្ងៃ​សៅរ៍ ក្នុង​យុទ្ធនាការ​ឃោសនា​ចុងក្រោយ លោក Ferdinand Marcos Junior បាន​ថ្លែង​ថា ​ខ្លួន​នឹង​ឈ្នះ និង​បាន​សន្យាថា គ្មាន​រឿង​ទារុណកម្មទុក្ខ​វេទនា​កើត​មាន​ជាថ្មីឡើយ​។

ចំណែក ​ក្រុម​អ្នក​ប្រឆាំងនិង​ក្រុមអង្គការ​សិទ្ធិមនុស្ស បារម្ភ​ក្លាចក្រែង​ថា​ បើ​​ជាប់ឆ្នោត គឺ​លោកអាច​នឹងកែប្រែ​រដ្ឋធម្មនុញ លុប​បំបាត់​មាត្រា​​ចែង​ពី​ការ​កំណត់អាណត្តិ​ប្រធានាធិបតី​ ឲ្យកាន់​អំណាច​ត្រឹមតែមួយ​អាណត្តិ ​៦ឆ្នាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ