អានតួអត្ថបទ
ចិន-កូវីដ១៩

ចិន-កូវីដ១៩៖បន្ទាប់ពីក្រុងសៀងហៃ ក្រុងប៉េកាំងពង្រីកការធ្វើតេស្តិ៍ និងកំពុងប្រឈមនឹងការបិទខ្ទប់?

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋអំណាច​ក្រុង​សៀងហៃ​បាន​ប្រកាស​នា​ថ្ងៃ​អង្គារ ទី២៦ មេសា​ពី​ការ​ស្លាប់​ថ្មី​ដោយ​កូវីដ១៩ ចំនួន ៥២នាក់ និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១៧ ០០០នាក់​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ។ ដោយឡែក ខណៈ​ដែល​អ្នក​ក្រុង​សៀងហៃ​ទាំង ២៥លាននាក់​កំពុង​បន្ត​ស្ថិត​ក្នុង​ការ​បិទខ្ទប់​តាំង​ពី​ដើម​ខែ​មេសា រដ្ឋអំណាច​ក្រុង​ប៉េកាំង​បាន និង​កំពុង​ពង្រីក​យុទ្ធនាការ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ លើ​ពលរដ្ឋ​ទាំង ២២លាននាក់ និង​ផ្តើម​ចាត់​វិធានការ​តឹងរឹង​មួយ​ចំនួន។ ខណៈ​នេះ អ្នក​ក្រុង​ប៉េកាំង​កំពុង​បារម្ភ​ពី​ការ​បិទខ្ទប់​ទូទៅ​ដូច​អ្នក​ក្រុង​សៀងហៃ​ដែរ។

នៅថ្ងៃអង្គារ ទី២៦ មេសា យុទ្ធនាការធ្វើតេស្តិ៍រកកូវីដ១៩បានចាប់ផ្តើមនៅក្នុងសង្កាត់ថ្មីចំនួន ១១សង្កាត់ក្នុងក្រុង​ប៉េកាំង។
នៅថ្ងៃអង្គារ ទី២៦ មេសា យុទ្ធនាការធ្វើតេស្តិ៍រកកូវីដ១៩បានចាប់ផ្តើមនៅក្នុងសង្កាត់ថ្មីចំនួន ១១សង្កាត់ក្នុងក្រុង​ប៉េកាំង។ AFP - JADE GAO
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ថ្ងៃ​នេះ ស្ថានការណ៍​ក្នុង​ក្រុង​ប៉េកាំង​នៅ​មិន​ទាន់​ធ្ងន់ធ្ងរ​ដូច​នៅ​ក្រុង​សៀងហៃ​នៅ​ឡើយ​មែន តែ​ជា​ស្ថានការណ៍​មួយ​ដែល​រដ្ឋអំណាច​មិន​អាច​ធ្វេសប្រហែស និង​មើល​រំលង​បាន​ទេ។ រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ ប្រមាណ​ជា ១០០នាក់​នា​សប្តាហ៍​កន្លង​ទៅ រដ្ឋអំណាច​ក្រុង​ប៉េកាំង​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វិជ្ជមាន​ថ្មី​ចំនួន ៣៣ករណី​នៅ​ថ្ងៃ​អង្គារ ទី២៦ មេសា។ ប្រឈម​នឹង​កំណើន​ករណី​ឆ្លង និង​ដើម្បី​កំណត់​អត្តសញ្ញាណ រួម​ទាំង​ធ្វើ​ចត្តាឡីស័ក​អ្នក​វិជ្ជមាន​ឲ្យ​បាន​លឿន​បំផុត រដ្ឋអំណាច​ក្រុង​ប៉េកាំង​បាន​ពង្រីក​យុទ្ធនាការ​ធ្វើ​តេស្តិ៍​ដល់​ទៅ ១២សង្កាត់​ក្នុង​ចំណោម ១៦សង្កាត់។

នៅ​ថ្ងៃ​អង្គារ ទី២៦ មេសា យុទ្ធនាការ​ធ្វើ​តេស្តិ៍​បាន​ចាប់​ផ្តើម​នៅ​ក្នុង​សង្កាត់​ថ្មី​ចំនួន ១១សង្កាត់​ដែល​មាន​ពលរដ្ឋ​សរុប​ប្រមាណ​ជា ២០លាននាក់។ ទន្ទឹម​នឹង​យុទ្ធនាការ​ធ្វើ​តេស្តិ៍​ទ្រង់ទ្រាយ​ធំ រដ្ឋអំណាច​ក៏​បាន​ចាប់​ផ្តើម​ដាក់​ចេញ​នូវ​វិធានការ​រឹតបន្តឹង​មួយ​ចំនួន។ ជាក់ស្តែង ការ​បិទទ្វារ​ទីកន្លែង​ហាត់កីឡា​ជា​ច្រើន​រហូត​ដល់​មាន​ការ​ជូនដំណឹង​ថ្មី ការ​តាំង​ពិព័ណ៌ ពិធី​មង្គលការ ការ​រៀបចំ​ទស្សនីយភាព និង​ការ​ប្រកួត​កីឡា​នានា​ត្រូវ​បាន​ព្យួរ​មួយ​រយៈ ហើយ​ព្រះវិហារ​ពុទ្ធសាសនា​ទីតេ​ឈ្មោះ ឡាម៉ាស​នឹង​ត្រូវ​បិទទ្វារ​ចាប់​ពី​ថ្ងៃ​ពុធ ទី២៧ មេសា។

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ក្រុង​ប៉េកាំង​ហាក់​នៅ​មាន​សភាព​ធម្មតា ព្រោះ​ភោជនីយដ្ឋាន ហាង​លក់​ទំនិញ រោងកុន និង​ការិយាល័យ​ធ្វើការ​នៅ​បន្ត​បើក​ទ្វារ​ជា​ធម្មតា។ តែ​គេ​បាន​សង្កេត​ឃើញ​ថា​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អ្នក​ក្រុង​ប៉េកាំង​បាន​នាំ​គ្នា​ផ្អើល​ទិញ​ម្ហូបអាហារ​ស្តុក ដូច​ជា​សាច់ បន្លែ ផ្លែឈើ ឬ​មួយ​ទឹកសុទ្ធ។ អ្វី​ដែល​ពួក​គេ​បារម្ភ គឺ​ខ្លាច​ទទួល​រង​ការ​បិទខ្ទប់​ដូច​អ្នក​ក្រុង​សៀងហៃ នោះ​បើ​ទោះ​បី​ជា​ពេល​នេះ រដ្ឋអំណាច​ក្រុង​ប៉េកាំង​មិន​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​បិទខ្ទប់​ទាំង​ស្រុង​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ