អានតួអត្ថបទ
ហ្វីលីពីន-សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក​និង​ហ្វីលីន ធ្វើ​សមយុទ្ធ​រួម​គ្នា​ទ្រង់ទ្រាយ​ធំ

សមយុទ្ធ​ទ្រង់ទ្រាយ​ធំ រវាង​សហរដ្ឋ​អាមេរិកនិង​ហ្វីលីពីន ចាប់​បើកពីថ្ងៃ​ចន្ទទី ២៨ មីនា និង​ក្នុង​រយៈ​ពេល​១២ថ្ងៃ នៅ​​កោះ​ Luçon កោះ​ដែល​ធំជាង​គេ​របស់​ហ្វីលីពីន។ នេះ​ជា​លំហាត់​សឹកប្រចាំ​ឆ្នាំ​ ជាលើក​​ចុងក្រោយសម្រាប់​​លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ ដែលដំបូង​​ចង់​ផ្តាច់​ហ្វីលីពីនពីសម្ព័ន្ធភាព​យោធា​ជាមួយអាមេរិក​ ហើយ​​​ងាក​ទៅស្រវា​រក​ចិន។

ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ពិធី​បើក​សម្ពោធ​សមយុទ្ធប្រចាំ​ឆ្នាំ​​អាមេរិក-ហ្វីលីពីន​ ថ្ងៃទី ២៨​ មីនា ២០២២
ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ពិធី​បើក​សម្ពោធ​សមយុទ្ធប្រចាំ​ឆ្នាំ​​អាមេរិក-ហ្វីលីពីន​ ថ្ងៃទី ២៨​ មីនា ២០២២ AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​លុប​ចោល ឬ​បង្រួម​តូច ដោយ​ហេតុ​កូវីដ នៅ​ឆ្នាំនេះ ហ្វីលីពីន​បាន​សម្រេច​បើក​​ធ្វើ​សមយុទ្ធប្រចាំ​ឆ្នាំ​ ជាទ្រង់ទ្រាយធំ​​ឡើង​វិញ ដោយ​​ប្រសិទ្ធនាម​ថា​សមយុទ្ធ​បាលីកាតង់ ដែលមានន័យ​ថា​ជា​សមយុទ្ធ​រឹតចំណង​សម្ព័ន្ធ​ភាព​យោធា​អាមេរិក​ហ្វីលីពីន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​មេបញ្ជាកងទ័ព​ហ្វីលីពីន លោក​ឧត្តមសេនីយ៍ Andres Centino។ ជា​សមយុទ្ធ​ “មិត្តភាពនិង​ទំនុកចិត្ត” រវាង​កងកម្លាំង​យោធាពីរប្រទេស ដែល​នឹង​រួម​គ្នា​ឈ្នះ​ក្នុង​ប្រតិបត្តិការ​យោធា។ នេះ​ជា​សំដី​របស់​​មេបញ្ជាការ​អាមេរិកលោកឧត្តមសេនីយ៍ Jay Bargeron ក្នុង​ពេលប្រកាស​បើក​សមយុទ្ធ។

សមយុទ្ធ​បានចាប់​ផ្តើម​ ដោយ​មាន​ទាហាន​អាមេរិក​និង​ហ្វីលីពីន ចូលរួម​ចំនួន​ជិត​៩ពាន់​នាក់ ហាត់ចេញ​​​ធ្វើ​ប្រតិបត្តិការ​ក្នុង​​ទឹក លើ​គោក និង​​ដោយហាត់​​បាញ់​គ្រាប់​កាំភ្លើង​ពិតៗផង។ ជា​សមយុទ្ធ​ដែលមាន​កម្មវត្ថុ​​ផ្តោតលើ​ការ​ការពារ​សន្តិសុខ​ដែន​ទឹក ប្រយុទ្ធ​ប្រឆាំងនឹងភេរវនិយម ប្រតិបត្តិការ​ជំនួយ​​មនុស្សធម៌ និងប្រតិបត្តិការសង្គ្រោះ​ក្នុង​ករណីមានមហន្តរាយ។ ពោល​គឺ​ខុសស្រលះ​​ពី​សមយុទ្ធ​មុនៗ​ដែល​មានប្រធានបទ ត្រៀម​ប្រឈម​នឹង​ជម្លោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ជាប់​ជម្លោះ​ជាមួយ​​ចិន ហើយ​ចិន​​ទាមទារ​គ្រប់គ្រង​ទាំងស្រុង។

គ្រាន់​តែ​បាន​​ឡើង​កាន់​អំណាច​ជាប្រធានាធិបតី​ហ្វីលីពីន នៅ​ឆ្នាំ​២០១៦ ភ្លាម លោក ឌុយទែរតេ បាន​ប្រកាន់​នយោបាយ​ងាក​ខិត​ទៅ​រកចិន ហើយ​បាន​ប្រកាស​ចេតនាចង់​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ VFA (Visiting Forces Agreement) ឬ​ចំណង​សម្ព័ន្ធភាពយោធា​ដែល​ផ្តល់សិទ្ធិ​ស្របច្បាប់​ឱ្យកងទ័ព​អាមេរិក​ឈរជើង​នៅ​ហ្វីលីពីននិងរៀប​ចំលំហាត់​សឹក​រួម​គ្នា​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ខែកុម្ភៈ​២០២០​ទៀត។ ប៉ុន្តែ​ នៅ​ខែ​កក្កដា​២០២០​ដែល លោក​ឌុយទែរតេ បានប្តូរ​ចិត្ត​វិញ នៅពេលឃើញ​មតិសាធារណៈ និង​​យោធា​ហ្វីលីពីន ​ព្រួយ​បារម្ភខ្លាំងនឹង​​មហិច្ឆតា​ចិនក្នុង​​តំបន់​សមុទ្ទចិនខាង​ត្បូង និង​ជាពិសេស​ ក្រោយ​ពី​មាន​ភាព​តានតឹង​ជាមួយ​ចិន ដែលបាន​បញ្ជូន​នាវា​យោធា​រាប់​រយ​គ្រឿង ចូល​មក​តំបន់​ថ្មប្រះ​ទឹក​ បញ្ឈរ​តាម​​បណ្តោយ​ឆ្នេររបស់​ហ្វីលីពីន។

ប៉េកាំង​មិន​ខ្វល់​នឹងសេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ កាលពី​ឆ្នាំ២០១៦​ថា​ចិនគ្មានសិទ្ធ​ជា​ប្រវត្តិសាស្ត្រ​នៅ​សមុទ្ទ​ចិនខាងត្បូង​ ដ៏​សម្បូរ​បែប​ខាង​ធនធានធម្មជាតិ​ក្រោមទឹកទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ