អានតួអត្ថបទ
ចិន-ឥណ្ឌា-ព្រំដែន

ប្រមុខ​ការទូត​ចិន​ទៅ​ឥណ្ឌា ដើម្បី​ស្តារ​ទំនាក់ទំនង​ឱ្យ​ប្រសើរ​ឡើង

ឥណ្ឌា​និង​ចិន បាននិង​កំពុងខិត​ខំ​​ស្តារ​ទំនាក់ទំនង​គ្នា​ឱ្យ​បាន​ប្រសើរ​ឡើង។ គិត​ចាប់​តាំង​ពីខែមិថុនា​​ឆ្នាំ​២០២០​ ថ្ងៃ​ដែល​មាន​ការ​ប៉ះទង្គិច​ប្រដាប់​​អាវុធ​នៅ​តាមព្រំដែន​មក  ​នៅ​ថ្ងៃ​សុក្រទី ២៥​មីនា​២០២២​នេះ ជាលើកទីមួយដែល​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ញូវដេលី។

រដ្ឋមន្ត្រីការបរទេស​ចិន លោក​ វ៉ាងយី ទៅ​ឥណ្ឌា ថ្ងៃទី ២៥ មីនា២០២២
រដ្ឋមន្ត្រីការបរទេស​ចិន លោក​ វ៉ាងយី ទៅ​ឥណ្ឌា ថ្ងៃទី ២៥ មីនា២០២២ AP - Kith Serey
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ជំនួប​រវាងលោកប្រមុខ​ការ​ទូត​ចិន ​វ៉ាងយី និងសមភាគីឥណ្ឌា​លោក ចៃស្ហាន់ការ Jaishankar ចិន​បានអះអាង​នៅ​ក្នុង​​​សេចក្តី​ថ្លែងការណ៍​ថា “ប៉េកាំង​ចង់​ឃើញ​ប្រទេស​ជាប់​ព្រំដែន​គ្នា​ទាំងពីរ ធ្វើ​ការ​រួម​គ្នា​ដើម្បី​សន្តិភាព​និង​ស្ថិរភាព​តំបន់ និង​សន្តិភាព​នៅលើ​ពិភពលោក។ នៅពេល​ចិន​និង​ឥណ្ឌា​ និយាយ​ក្នុង​សំឡេង​តែមួយ នោះ​ពិភពលោកទាំងមូល​នឹង​ស្តាប់​បាន។ ចិន​ចង់​ឃើញ​ប្រទេសទាំងពីរ​ ពង្រឹង​ការ​ប្រាស័យ​ទាក់ទង​គ្នា និង​កិច្ចសហប្រតិបត្តិការ  ពង្រឹង​ការ​គាំទ្រ​គ្នាទៅ​វិញទៅ​មក និង​ផ្តល់​សញ្ញាវិជ្ជមាន​លើកស្ទួយ​នយោបាយ​ពហុជាតិ​និយម”។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​ចិន​ដដែល។

ប៉ុន្តែ​​ភាគី​ឥណ្ឌាមិន​សូវ​បង្ហាញ​សុទិដ្ឋនិយម​ទេ លោកប្រមុខការទូត​ឥណ្ឌា បានលើក​ឡើង​ ​ថា ជំនួប​ប្រជុំថ្នាក់​មេបញ្ជាការ​ជាន់​ខ្ពស់​យោធា ចំនួន​១៥​លើក គិត​ចាប់​តាំងពី​ឆ្នាំ​២០២០មក វិវឌ្ឍ​ទៅ​ដោយ​យឺតៗបំផុត ​មិន​ដូច​ការ​ប្រាថ្នាចង់​បាន​ទេ។ ភាព​តាន​​តឹង​តាម​ព្រំដែន​នៅ​តែ​បន្តប៉ះពាល់​​ដល់​ទំនាក់ទំនង​ចិន-ឥណ្ឌា​ដដែល។ ដូច្នេះ បើ​គេ​សួរ​​ថា​តើ​ទំនាក់ទំនងរវាង​​ប្រទេស​ទាំង​ពីរ​បាន​ជា​នា​ធម្មតា​ឡើង​វិញ​ហើយ​នៅថ្ងៃ​នេះ ចម្លើយ​គឺ​ “ទេ”។ នេះ​ជា​ការ​​បញ្ជាក់បន្ថែម​របស់​លោក​ ចៃស្ហានការ

ធ្លាប់​មានសង្គ្រាម​នឹង​គ្នា​នៅ​ឆ្នាំ​១៩៦២ កាលពី​ខែ​មិថុនា​២០២០ ជា​លើក​ទីមួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥មក ដែល​ទាហាន​ឥណ្ឌា​និង​ចិន​បានប្រយុទ្ធ​គ្នា​មួយ​ប្រាវ នៅ​តាម​ព្រំដែន រហូត​បង្ក​ឱ្យ​មាន​ស្លាប់​២០នាក់​ខាង​ឥណ្ឌា និង​៤​នាក់​ខាង​ចិន។ ហេតុការណ៍​នោះ​បានធ្វើ​ឱ្យ​ទំនាក់ទំនង​ឥណ្ឌា​ចិន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ហើយ​ម្ខាងៗ​សុទ្ធ​តែ​បាន​នាំ​គ្នា​ពង្រឹងកម្លាំង​យោធា​នៅ​តាមព្រំដែន​រៀង​ខ្លួនៗ។

សម្រាប់ពេលនេះ អ្វី​ដែល​ប្រទេសទាំងពីរ​មានជំហរ​ដូច​គ្នា គឺ​ចិននិង​ឥណ្ឌា បាន​បោះឆ្នោតអនុវប្បវាទ​ដូចគ្នា​នៅ​អង្គការ​សហប្រជាជាតិ មិន​ថ្កោលទោស​ទង្វើឈ្លានពានរបស់​រុស្ស៊ី​លើ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ