អានតួអត្ថបទ
ហុងកុង -​ កូវីដ​១៩

កូវីដ១៩ ៖ ប្រឈម​នឹង​អូមីក្រុង ហុងកុង​តម្រូវ​ឱ្យ​ពលរដ្ឋមានបណ្ណវ៉ាក់សាំង

ប្រឈម​នឹង​រលក​ចម្លង​កូវីដ​បំប្លែង​ខ្លួនអូមីក្រុង អាជ្ញាធរ​ហុងកុង​បាន​សម្រេច​ដាក់​ឱ្យ​ដំណើរ​ការ​បណ្ណចាក់ថ្នាំបង្ការ។  ចាប់​ពី​សប្តាហ៍នេះ​តទៅ ពលរដ្ឋ​ហុងកុង ​ត្រូវ​មានបណ្ណបញ្ជាក់​ថា​បាន​ចាក់​វ៉ាក់សាំង​រួចហើយនៅជាប់​នឹង​ខ្លួន​ បើ​ពុំ​នោះ​ទេ​ពួក​គេ​នឹង​រង​ការ​ផាកពិន័យ។

ពលរដ្ឋ​ហុងកុង​រង់ចាំធ្វើ​តេស្ត​កូវីដ ថ្ងៃទី ២១ កុម្ភៈ ២០២២
ពលរដ្ឋ​ហុងកុង​រង់ចាំធ្វើ​តេស្ត​កូវីដ ថ្ងៃទី ២១ កុម្ភៈ ២០២២ AP - Vincent Yu
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋហុងកុង ចាប់​ពីអាយុ​១២​ឆ្នាំឡើងទៅ ត្រូវ​មាន​បណ្ណវ៉ាក់សាំង បញ្ជាក់​ថា​បានទទួលថ្នាំបង្ការ​យ៉ាង​ហោចណាស់​ក៏​មួយ​ដូសដែរ​ ឬ​មាន​លិខិត​បញ្ជាក់ “ករណីលើកលែង” ​ពី​គ្រូពេទ្យ​ ទើប​អាច​ចូលញ៉ាំ​តាម​​អាហារដ្ឋានបាន​ ចាប់​ពី​ថ្ងៃព្រហស្បតិ៍​ទី២៥កុម្ភៈ​តទៅ។ ពលរដ្ឋ​គ្រប់រូ​ប​ត្រូវ​តែមានបណ្ណ​វ៉ាក់សាំង​ និង​លិខិត​លើកលែង​ពី​គ្រូពេទ្យ នោះ​ជាប់នឹង​ខ្លួន​ ដូចត្រូវ​កាន់​អត្តសញ្ញាប័ត្រ​​យ៉ាង​ដូច្នោះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អគ្គលេខារង​នៃស្ថាប័ន​​​ចំណីអាហារ​និង​សុខភាព​ ដែល​​លម្អិត​ទៀត​ថា អាជ្ញាធរ​មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ហុងកុងទាំង​អស់​ ត្រូវ​តែ​បង្ហាញ​បណ្ណវ៉ាក់សាំង នៅ​ពេល​ចូល​ផ្សារម្ហូប ផ្សារទំនើប មន្ទីរពេទ្យ ទីតាំង​រដ្ឋបាល​រដ្ឋ​ទូទៅ​ទេ ប៉ុន្តែ​​​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នឹង​ធ្វើ​ការ​​ឆែកឆេរ​ និង​ត្រួត​ពិនិត្យ​ដោយ​ចោះៗ​ ពលរដ្ឋ​គ្មានបណ្ណវ៉ាក់សាំងនឹងរងការ​ផាក​ពិន័យ​ភ្លាម។

បន្ទាប់​មក​ នៅ​ខែ​ខាង​មុខ ពលរដ្ឋ​ហុងកុងត្រូវ​តែ​ចាក់​ថ្នាំបង្ការ​កូវីដ​១៩ ឱ្យ​បាន​គ្រប់​បី​ដូស។

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ហុងកុង ការី ឡាំ បាន​បង្ហាញក្តី​សង្ឃឹម​កាលពី​ខែ​មករា​ថា វិធានការតម្រូវ​ឱ្យ​មាន​បណ្ណ​វ៉ាក់សាំង ​នឹង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ហុងកុង នៅ​នៅ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ រូត​រះ​ទៅ​ទទួល​ថ្នាំបង្ការ​កូវីដ​។ ការ​ដាក់​ឱ្យ​ដំណើរ​ការ​បណ្ណ​វ៉ាក់សាំង ជា​វិធានការ​ចុងក្រោយ​សម្រាប់​ហុងកុង ដែលបើ​ប្រៀប​ទៅ​នឹ​ង​បណ្តាប្រទេស​ជឿន​លឿន​ដូច​គ្នា​ មាន​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​ទាប​ជាង​គេ​បំផុតមួយ ៖ ​មនុស្ស​ចាស់មិន​ដល់​៥០%​បាន​ចាក់​ថ្នាំបង្ការ​ពីរ​ដូស។

តាម​គំរូ​ប្រទេស​ចិន​ ហុងកុង​បាន​អនុវត្ត​យុទ្ធសាស្ត្រ​​ហ្សេរ៉ូកូវីដ ​​និង​ពុំមានករណី​វិជ្ជមាន​កូវីដសោះ ក្នុង​អំឡុង​ពេល​ជា​ច្រើន​ខែ​ជាប់​គ្នា ទើប​ពុំ​បាន​ត្រៀមលក្ខណៈ​ពន្លឿន​ និង​ជំរុញ​ពលរដ្ឋ​ឱ្យ​ទៅ​​ចាក់​ថ្នាំបង្ការ។

​ប៉ុន្តែ​ពេលនេះ​ ​ហុងកុង ត្រូវ​​ប្រឈម​នឹងរលក​ចម្លង​កូវីដ​យ៉ាង​ខ្លាំងក្លាបំផុត​ ដោយមាន​ករណី​ឆ្លង​ថ្មី រាប់​សិបពាន់​នាក់​ក្នុង​មួយថ្ងៃៗ ហើយ​នេះ​គ្រាន់​តែ​ជាការចាប់​ផ្តើម​ប៉ុណ្ណោះ នៅ​សប្តាហ៍ខាង​មុខ​ ​ចំនួន​អ្នកឆ្លង​កូវីដ​១៩ អាច​ឡើង​ដល់​វាល់​​សែន​នាក់​ក្នុង​មួយថ្ងៃៗ។ នេះបើ​តាម​ការព្យាករណ៍​របស់អ្នកជំនាញ​​សាលាសុខាភិបាល​សាធារណៈ​នៃសាកលវិទ្យាល័យ​ហុងកុង។ បន្ថែម​ពី​លើ​បណ្ណវ៉ាក់សាំង អាជ្ញាធរ​ហុងកុង​មិន​អនុញ្ញាត​ឱ្យ​អ្នក​វិជ្ជមាន​កូវីដ​ បង្ឃាំង​ខ្លួន​ព្យាបាលខ្លួន​ឯង​នៅ​ផ្ទះ​ទេ។ ដោយ​មាន​ជំនួយ​ពី​ចិន ហុងកុង​បាន​សម្រេច​សាងសង់​មន្ទីរពេទ្យ​ មណ្ឌល​ព្យាបាល​អ្នក​ជំងឺ​ថ្មី និង​រឹប​អូស​យក​បន្ទប់​សណ្ឋាគារ​នានា សម្រាប់ឱ្យ​អ្នក​ជំងឺ​ធ្វើ​ចត្តាឡីស័ក។

​នៅ​ចំពោះ​ជំហរ​ប្រកាន់​នយោបាយ​សូន្យ​កូវីដនេះ​ ពលរដ្ឋ​ហុងកុង​ចាប់សម្រុក​​ចាកចេញពី​ក្រុង​។ បើ​តាម​តួលេខ​រដ្ឋាភិបាល​ មានពលរដ្ឋ​ជាង​២៧៧០៣នាក់​បាន​ចាក​ចេញ​ពី​ក្រុង​។​ គឺ​ជា​ចំនួនដ៏​ច្រើន​បំផុត​មិនធ្លាប់​មាន​ទេ សម្រាប់​រដ្ឋ​ធានី​ហិរញ្ញវត្ថុ​ដែល​ពីមុន​គេចាត់​ទុក​ជាទីក្រុង​អន្តរជាតិ​ប្រចាំ​តំបន់អាស៊ីនោះ។ ជា​ង​នេះទៅ​ទៀត បើ​តាមអង្គការ​ក្រៅ​រដ្ឋាភិបាល មាន​កម្មករ​បម្រើការ​តាម​ផ្ទះ​ ភាគ​ច្រើន​ជា​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ច្រើន​ណាស់​កំពុង​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការងារ​និង​ឱ្យ​នៅ​ក្រៅ​ផ្ទះ តែម្តង​នៅ​ពេល​ធ្វើ​​តេស្ត​វិជ្ជមានកូវីដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ