អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋ​អាមេរិក

អាមេរិក​ថា​ កូរ៉េខាង​ជើង កំពុង​ “​បង្ក​ហេតុ” តែ​ហៅ​ឱ្យ​ចូល​ចរចា

ទង្វើ​សាកល្បង​មីស៊ីល​បាលីស្ទិក​​របស់​កូរ៉េខាង​ជើង កាលពី​ពេល​ថ្មីៗ​នេះ​ ជា សញ្ញា​បញ្ជាក់​ថា ព្យុងយ៉ាង​កំពុង​តែ “បង្ករឿង​”។ នេះ​ជា​ការ​យល់​ឃើញ​របស់​​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក អង់តូនី ប្លីងកិន ក្រោយ​ពី​បាន​​ជួប​ប្រជុំ​ជាមួយ​សមភាគី​ជប៉ុន​និង​កូរ៉េខាង​ត្បូង នៅ​កោះ​ហាវៃ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken (កណ្តាល) និង​សមភាគី​កូរ៉េខាង​ត្បូង Chung Eui-yong និង​សមភាគី​ជប៉ុន ធ្វើ​សន្និសីទ​កាសែត​រួម ថ្ងៃទី ១២​កុម្ភៈ​២០២២
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken (កណ្តាល) និង​សមភាគី​កូរ៉េខាង​ត្បូង Chung Eui-yong និង​សមភាគី​ជប៉ុន ធ្វើ​សន្និសីទ​កាសែត​រួម ថ្ងៃទី ១២​កុម្ភៈ​២០២២ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

“ព្យុង​យ៉ាង​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​សាកល្បង​មីស៊ីល​បាលីស្ទិក​ខុសច្បាប់ ហើយ​ត្រូវ​ត្រលប់​មក​ចូល​តុចរចា” ​ នេះ​ជា​សេចក្តីថ្លែងការណ៍​រួម​របស់​សហរដ្ឋ​អាមេរិក កូរ៉េខាង​ត្បូង​និង​ជប៉ុន ក្រោយ​ជំនួប​ត្រីភាគ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ នៅ​រដ្ឋ​ហាវៃ នា​ថ្ងៃសៅរ៍​ទី ១២​កុម្ភៈ។ សេចក្តី​ថ្លែង​ការណ៍​ដដែល​​បាន​ចាត់​ទុក​ ​ការ​សាកល្បង​មីស៊ីល​បាលីស្ទិក ទាំង​៧​លើក ក្នុង​ឆ្នាំ​២០២២​​​របស់​កូរ៉េខាង​ជើង កន្លង​មកនេះ​​ បាន​បង្ក​ឱ្យ​មាន​អស្ថិរភាព​​តំបន់​ខ្លាំងណាស់។

លោក ប្លីងកិន និង​សមភាគី​កូរ៉េខាង​ត្បូង និង​ជប៉ុន បាន​អះអាង​ជា​ថ្មី ក្នុង​សំឡេង​តែ​មួយ​ អំពី​សាមគ្គីភាព​​ជា​ធ្លុង​មួយ​ ប្រឈម​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។ ក្នុង​សន្និសីទ​កាសែត​រួម លោក​ប្រមុខ​ការទូត​អាមេរិក​ បាន​ថែម​ទាំ​ងប្រកាស​ចាត់​ទុក​សកម្មភាព​សាកល្បង​មីស៊ីល​​របស់​កូរ៉េខាង​ជើង​កន្លង​មក​ ដោយ​ពាក្យ​ធ្ងន់ៗ​ថាជា ដំណាក់កាល​បង្ក​រឿង។ ហើយ​សម្ព័ន្ធ​ត្រីភាគី នឹង​បន្ត​រិះរក​គ្រប់​មធ្យោបាយ​នាំ​កូរ៉េខាង​ជើង​ឱ្យ​ព្រម​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន មាន​ជា​អាទិ៍​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គលចំនួន​៨​នាក់​​​និង​អង្គការ​ពាក់​ព័ន្ធ​នឹង​របប​ព្យុងយ៉ាង​ ជា​ឧទាហរណ៍​។

ប៉ុន្តែ​វ៉ាស៊ីនតោន តូក្យូ និង​សេអ៊ូល គ្មាន​ឆន្ទៈ​ស្អប់​ខ្ពើម​ព្យុងយ៉ាង​ទេ និង​នៅ​តែ​បន្ត​ចង់​បើក​កិច្ចចរចា​ ដោយ​គ្មាន​លក្ខខណ្ឌ​ជាមួយ​កូរ៉េខាង​ជើង​ជានិច្ច។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​រដ្ឋមន្ត្រី​ទាំង​បី។

សូម​បញ្ជាក់​ថា ជំនួប​ត្រីភាគី អាមេរិក​ ជប៉ុន​កូរ៉េខា​ង​ត្បូង ប្រព្រឹត្ត​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ប៉ាស៊ីហ្វិក​របស់​លោក​ប្រមុខ​ការ​ទូត​អាមេរិក រយៈ​ពេល​មួយ​សប្តាហ៍ ដោយ​ផ្តើម​ពី​អូស្ត្រាលី ហ្វីជី និង​បញ្ចប់​នៅ​រដ្ឋ​ហាវៃ​នេះ​ឯង។ កាល​នៅ​​ទីក្រុង​មែលប៊ន លោក ប្លីងកិន បាន​ជួប​ប្រជុំ​សម្ព័ន្ធចតុ​ភាគី​ Quad អាមេរិក​អូស្ត្រាលីជប៉ុន​និង​ឥណ្ឌា​ ដើម្បី​ទប់ទល់​ការពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ចិន។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​មួយ​ជុំ​នេះ​ អាមេរិក​បាន​ផ្សព្វផ្សាយ​ឯកសារ​១៨​ទំព័រ​ បញ្ជាក់​អំពី​លក្ខណៈ​ជា​​យុទ្ធសាស្ត្រ​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់​នយោបាយការបរទេស និង​ផល​ប្រយោជន៍​​អាមេរិក។ ​ជីវិត​របស់​ប្រជាពលរដ្ឋ​អាមេរិក​និង​​មនុស្ស​លើ​ពិភពលោក អាស្រ័យនឹង​​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិកដ៏​សំខាន់​នេះ​ហើយ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​ប្លីងកិន​ពី​រដ្ឋ​ហាវៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ