អានតួអត្ថបទ
វៀតណាម-សាសនា

វៀតណាម​៖ ព្រះ​សង្ឃ​ដ៏​មាន​ឥទ្ធិពល​ ធីក​ ញឹត​ហាញ់​សុគត​ក្នុង​ជន្មាយុ​៩៥​ព្រះ​វស្សា

ព្រះ​សង្ឃ​វៀតណាម​ព្រះនាម​ ធីក ញឹតហាញ់​ (Thich Nhat Hanh) ដែល​ជា​សង្ឃ​ដ៏​មាន​ឥទ្ធិពល​មួយ​អង្គ​នៅ​លើ​ពិភព​លោក​ផ្នែក​អប់រំ​ផ្លូវចិត្ត​បាន​សុគត​ក្នុង​ជន្មាយុ​ ៩៥​វស្សា​ដោយ​ជរាពាធ​នៅថ្ងៃ​សៅរ៍​ ទី២២​ មករា​ ឆ្នាំ​២០២២​។ ព្រះអង្គ​បាន​សុគត​នៅឯ​វត្ត​ធូហៀវ​ក្នុង​ទីក្រុង​ហ៊ុយ​ប្រទេស​វៀតណាម​ បន្ទាប់ពី​រស់​នៅ​និរទេស​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក​។

ព្រះសង្ឃធីក ញឹតហាញ់។
ព្រះសង្ឃធីក ញឹតហាញ់។ REUTERS - CHAIWAT SUBPRASOM
ផ្សាយពាណិជ្ជកម្ម

ព្រះ​សង្ឃ​ធីក​ ញឹត​ហាញ់​ ជា​សង្ឃ​ដឹកនាំ​ផ្នែក​អប់រំផ្លូវចិត្ត​ដ៏​ល្បី​ឈ្មោះ​នៅប្រទេស​លោក​ខាងលិច​ ត្រូវបានគេមើលឃើញ​ថា​បុគ្គលទី២​ បន្ទាប់ពី​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ (Dalai Lama) ដែល​បាន​ចំណាយ​ពេល​ជិត ៤ទសវត្សរ៍​រស់នៅ​និរទេស​ខ្លួនពី​ប្រទេស​កំណើត​។ ព្រះ​អង្គ​ត្រូវបាន​បណ្តេញ​ចេញ​ពី​ប្រទេស​វៀតណាមក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​ដោយ​សារ​តែ​បាន​ប្រឆាំង​នឹង​សង្គ្រាម​វៀតណាម​-អាមេរិក​។

ក្រោយ​ចាកចេញ​ពី​ប្រទេស​កំណើត​ ព្រះអង្គ​បាន​ចំណាយ​ពេល​រាប់​ទសវត្សរ៍​នៅក្នុងប្រទេស​បារាំង​ ជាទី​ដែល​ព្រះអង្គ​បាន​បង្កើត​វត្ត​ "Plum Village​" និង​បាន​បន្តបេសកកម្ម​បង្កើត​វត្ត​អារាម​និង​មជ្ឈមណ្ឌល​សមាធិជាច្រើនកន្លែង​នៅ​ជុំវិញ​ពិភពលោក​។ គឺ​ក្នុង​អំឡុងពេលនេះហើយ​ដែល​ប្រទេស​លោកខាងលិច​ចាប់​ស្គាល់​សង្ឃ​ពុទ្ធសាសនាអង្គ​នេះថា​ជា​អ្នក​តវ៉ាដ៏​សកម្ម​ទៅនឹង​សង្គ្រាម​វៀតណាម​។

ព្រះសង្ឃ​ដ៏​មាន​ឥទ្ធិពល​មួយអង្គនេះ​តែង​ធ្វើដណើរ​និង​មាន​សង្ឃដីកា​ជា​ប្រចាំ​អំពី​ការ​អនុវត្ត​នៃ​ការ​ហាត់​លត់​អប់រំចិត្ត​ ការពិចារណា​ក៏ដូចជា​សតិ​បញ្ញា​នៅអឺរ៉ុប​និង​អាមេរិក​។ ក្នុងពេល​​នៅ​មាន​ព្រះជន្ម​ សង្ឃ​ញឹតហាញ់​បាន​សរសេរ​សៀវភៅ​ជាង​ ១០០ក្បាល​ស្តីពីការ​គិតពិចារណា​ និង​សមាធិ​។ សៀវភៅ​ចុង​ក្រោយ​របស់​ព្រះអង្គ​ត្រូវ​បាន​បោះពុម្ព​នៅខែតុលា​ ឆ្នាំ ២០២១​។

ក្នុងឆ្នាំ​ ២០១៤​ ព្រះសង្ឃ​ញឹតហាញ់​ បាន​រងគ្រោះពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​រហូត​លែង​អាច​មាន​សង្ឃដីកាបាន​។ ៤​ឆ្នាំ​ក្រោយ​ ពោលនៅក្នុង​ឆ្នាំ២០១៨​ ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​វៀតណាម​ ព្រះអង្គ​បាន​វិល​ត្រលប់​ទៅ​ស្រុកកំណើត​ក្នុងទីក្រុង​ហ៊ុយភាគ​កណ្តាល​នៃ​ប្រទេស​ដើម្បី​ចំណាយ​ជីវិត​ចុង​ក្រោយ​នៅទីនោះ​។ ក៏ប៉ុន្តែ​ ទីតាំងវត្តធូហៀវ កន្លែង​ដែល​ព្រះអង្គ​គង់នៅ​ត្រូវ​បាន​តាមដាន​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​ពី​សំណាក់​មន្ត្រីប៉ូលិស​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល​។

នៅពេលនេះ​ គេ​នៅមិនទាន់ដឹង​ច្បាស់នៅឡើយទេ​ថាតើ​រដ្ឋាភិបាល​វៀតណាម​នឹង​មានប្រតិកម្ម​យ៉ាងណា​ចំពោះ​ពិធី​បុណ្យសព​របស់​ព្រះអង្គ​ដែល​គ្រោង​ប្រារព្ធ​ធ្វើ​រយៈពេល​ ៥ ថ្ងៃ​ចាប់ពីថ្ងៃសៅរ៍ ​ទី​ ២២​ខែ​មករា​តទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ