អានតួអត្ថបទ
តុងហ្កា-អង្គការ​សហប្រជាជាតិ

អង្គការសហប្រជាជាតិ​ថា នឹងព្យាយាម​មិននាំយកជំងឺកូវីដ នៅពេលចូល​ទៅជួយ​សង្រ្គោះ​កោះតុងហ្កា

អង្គការសហប្រជាជាតិ​បាន​និយាយ​ធានា​ថា នឹង​មិន​នាំចូល​ជំងឺកូវីដ ទៅ​ក្នុង​តុងហ្កា ដែល​ទើបរងខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះរលកយក្ស​ស៊ូណាមី និងការផ្ទុះភ្នំភ្លើង​ក្រោមសមុទ្រ កាលពី​ថ្ងៃ​ចុងសប្តាហ៍​កន្លងទៅ។ នៅក្នុង​សន្និសីទកាសែត នៅទីក្រុង​ហ្សឺណែវ​ប្រទេស​ស៊្វ៊ីស កាលពីថ្ងៃ​អង្គារ អ្នកនាំពាក្យ​របស់​អង្គការ​សុខភាពពិភពលោក បានបញ្ជាក់ថា បេសកកម្ម​ផ្តល់ជំនួយមនុស្សធម៌​ដល់​ប្រទេស​ប្រជុំកោះ​តុងហ្កា នឹង​ធ្វើ​ឡើង​ដោយ​ប្រយ័ត្នប្រយែងបំផុត ដើម្បី​ជៀសវាង មិននាំយកជំងឺរាតត្បាត​កូវីដ​ទៅចម្លងប្រជាជន​តុងហ្កា។

ប្រទេស​ប្រជុំកោះតុងហ្កា​ត្រូវ​បំផ្លាញ​ដោយ​រលកយក្ស​ស៊ូណាមី ដែលបង្កឡើង​ដោយ​គ្រោះថ្នាក់ផ្ទុះភ្នំភ្លើងក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។​
ប្រទេស​ប្រជុំកោះតុងហ្កា​ត្រូវ​បំផ្លាញ​ដោយ​រលកយក្ស​ស៊ូណាមី ដែលបង្កឡើង​ដោយ​គ្រោះថ្នាក់ផ្ទុះភ្នំភ្លើងក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។​ via REUTERS - AUSTRALIAN DEPT OF DEFENCE
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណាក់កាល​រៀបចំ នាំជំនួយ​មនុស្សធម៌ ទៅ​ជួយ​តុងហ្កា នៅ​៥ថ្ងៃ​ក្រោយ តុងហ្កា រងគ្រោះ​ដោយសារ​រលកយក្ស​ស៊ូណាមី ដែល​បង្កឡើង​ដោយ​កម្លាំងផ្ទុះភ្នំភ្លើង​ក្រោមសមុទ្រ អង្គការ​សហប្រជាជាតិ បាន​អះអាងថា គោលដៅដំបូងគេ​នៃ​បេសកកម្ម​នាំជំនួយមនុស្សធម៌របស់អង្គការ​សហប្រជាជាតិ ទៅ​តុងហ្កា គឺ​ការមិននាំយក​ជំងឺកូវីដ ទៅ​ឲ្យ​ប្រជាជន​តុងហ្កា។

តាម​អ្នកនាំពាក្យ​របស់​ការិយាល័យសម្របសម្រួល​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ លោក​Jens Laekde គេនឹង​គោរព​អនុវត្ត​យ៉ាងម៉ត់ចត់ ​ច្បាប់ វិន័យ​របស់​រដ្ឋាភិបាល​តុងហ្កា ស្តីពី​ជំងឺកូវីដ។

អង្គការ​សហប្រជាជាតិ​សន្យា​ថា​នឹង​ព្យាយាមធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ប្រជុំកោះ តុងហ្កា នៅបន្ត​ជៀសឆ្ងាយ​ពី​ជំងឺរាតត្បាត​កូវីដ។ តុងហ្កា រាជាណាចក្រ​ដ៏តូច នៅ​ភាគខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលមាន​ប្រជាជន​រស់នៅ​ជាង ១សែននាក់ ជា​ប្រទេស​គ្មានកូវីដ។

គិតចាប់តាំង​ពី​ផ្ទុះកើតមាន​ជំងឺកូវីដ នៅក្នុង​ពិភពលោក តុងហ្កាមានករណី​ឆ្លងកូវីដ​តែមួយករណី លើកដំបូង​តែ​ប៉ុណ្ណោះ ដោយ​មកពីមាន​វិធានការ​គ្រងគ្រង​កូវីដ​យ៉ាង​តឹងរ៉ឹង។ តាម​អង្គការ​សុខភាពពិភពលោក​ប្រជាជន​តុងហ្កា ជាង ៦០%​បាន​ទទួលចាក់វ៉ាក់សាំង​ពេញលេញ។

សម្រាប់​អ្នកនាំពាក្យ​របស់​អង្គការ​សុខភាពពិភពលោក លោក Christian Lindmeier វាជា​សិទ្ធិ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​តុងហ្កា ដែលថា តើត្រូវផ្តោតអាទិភាព​ទៅ​ខាងណា? តើ​ត្រូវ​បន្តរក្សា​ច្បាប់ប្រឆាំង​កូវីដ​ដ៏តឹងរ៉ឹង ឬ​ត្រូវការទទួល​ជំនួយបន្ទាន់ នៅក្រោយ​គ្រោះមហន្តរាយ​រលកយក្សស៊ូណាមី។ យ៉ាងណាក៏ដោយ ពីខាង​អង្គការ​សុខភាពពិភពលោក អាទិភាព​សំខាន់​នៃ​បេសកកម្ម​ផ្តល់ជំនួយមនុស្សធម៌​ដល់​ប្រជាជន​តុងហ្កា គឺ​ការមិន​នាំយក​ជំងឺកូវីដ​ទៅប្រទេស​ប្រជុំកោះមួយនេះ។

គួរបញ្ជាក់ថា រលកយក្ស​ស៊ូណាមី ដែល​បង្កឡើង​ដោយគ្រោះថ្នាក់ផ្ទុះភ្នំភ្លើង កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ បាន​សម្លាប់មនុស្ស​២នាក់ បំផ្លាញ​ផ្ទះសម្បែង​ជាង ៥០ខ្នង។ គិត​រហូតមកដល់​ថ្ងៃ​អង្គារ ការនាំយកជំនួយ​ទៅជួយ​ប្រទេស​តុងហ្កា នៅ​ជួបការលំបាក ដោយសារ​បណ្តាញទំនាក់ទំនង អ៊ីនធ័រនែត ភ្លើងអគ្គិសនី ត្រូវ​ដាច់ រំខាន​ដោយសារ​រលកយក្ស​ស៊ូណាមី ​ទីលានចុះចត​របស់ព្រលានយន្តហោះ នៅគ្របដណ្តប់​ដោយ​ផេះដុំថ្ម ដែលបាចសាច​ចេញពី​ភ្នំភ្លើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ