អានតួអត្ថបទ
ចិន-កូវីដ១៩

ចិន៖មេរោគបំប្លែងខ្លួន « អូមីក្រុង » ចូលដល់ក្រុងប៉េកាំងតាមរយៈសំបុត្រមួយផ្ញើចេញពីប្រទេសកាណាដា

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋអំណាច​សុខាភិបាល​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី១៧ មករា​ថា មេរោគបំប្លែងខ្លួន « អូមីក្រុង » មួយ​ករណី​ដែល​បាន​រក​ឃើញ​ក្នុង​ក្រុង​ប៉េកាំង​នា​ចុង​សប្តាហ៍​កន្លង​ទៅ​បាន​ឆ្លង​តាម​សំបុត្រ​មួយ​ផ្ញើ​ចេញ​ពី​ប្រទេស​កាណាដា។ ការ​ហ៊ាន​លើកឡើង​យ៉ាង​ដូច​នេះ​ដោយ​រដ្ឋអំណាច​សំអាង​ថា ស្រ្តី​អ្នក​ទទួល​សំបុត្រ​នោះ​មាន​វិជ្ជមាន​អូមីក្រុង​នៅ​ក្រោយ​ទទួល​សំបុត្រ។ តែ​រដ្ឋអំណាច​បាន​ធានា​ថា រូប​ស្រ្តី​វិជ្ជមាន​អូមីក្រុង​មិន​បាន​ចាកចេញ​ពី​ក្រុង​ប៉េកាំង​ទេ​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

Des Pékinois vont se faire tester alors que le variant Omicron a été détecté pour la première fois à Pékin.
Des Pékinois vont se faire tester alors que le variant Omicron a été détecté pour la première fois à Pékin. © Andy Wong/AP
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ រដ្ឋអំណាច​សុខាភិបាល​ចិន​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ចំពោះ​ចំណីអាហារ កក ដែល​នាំ​ចូល​ពី​ក្រៅ។ តែ​ឥឡូវ​នេះ សំបុត្រ​ផ្ញើ​ពី​ក្រៅ​កំពុង​ក្លាយ​ជា​ផ្ទាំងស៊ីប​ថ្មី​មួយ​ទៀត។ សំបុត្រ​ដែល​រដ្ឋអំណាច​សុខាភិបាល​ចិន​ចង់​និយាយ​នេះ គឺ​សំបុត្រ​ដែល​បាន​ផ្ញើ​ចេញ​ពី​ប្រទេស​កាណាដា​ក្នុង​ថ្ងៃទី៧ មករា​ដោយ​បាន​ឆ្លង​កាត់​សហរដ្ឋអាមេរិក និង​ហុងកុង មុន​នឹង​ទៅ​ដល់​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង​ក្នុង​ថ្ងៃទី១០ មករា។ នៅ​មួយ​ថ្ងៃ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី១១ មករា សំបុត្រ​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ស្រ្តី​ម្នាក់​ដែល​រស់​នៅ​ក្នុង​សង្កាត់ Haidian។

ក្រោយ​ពី​បាន​ទទួល​សំបុត្រ ស្រ្តី​រូប​នោះ​ក៏​មាន​វិជ្ជមាន​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង » នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋអំណាច​សុខាភិបាល។ ចំណែក​នាយិការង​រដ្ឋបាល​ប្រៃសណីយ៍​ក្រុង​ប៉េកាំង​បាន​លំអិត​ថា « អូមីក្រុង » ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ស្រោមសំបុត្រ និង​នៅ​ក្នុង​សំបុត្រ។ ដោយឡែក បណ្តាញ​សារព័ត៌មាន​រដ្ឋ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​យ៉ាង​លំអិត​​ស្តីពី​រូប​ស្រ្តី​វិជ្ជមាន​អូមីក្រុង​ដែល​មិន​បាន​ចាក​ចេញ​ពី​ក្រុង​ប៉េកាំង​ក្នុង​រយៈពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ​ទេ។ មួយ​វិញ​ទៀត ស្រ្តី​រូប​នោះ​ក៏​មិន​បាន​ជួប​នរណា​ម្នាក់​មក​ពី​ខាង​ក្រៅ​ដែរ។

តែ​មុន​នឹង​ដឹង​ថា​មាន​វិជ្ជមាន​អូមីក្រុង ស្រ្តីរូប​នោះ​ដដែល​បាន​ចេញ​ដើរ​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​រស់​នៅ ដូច​ជា​ចូល​បង្គន់​សាធារណៈ ជិះ​រថយន្ត​ក្រុង ចូល​មើល​ល្ខោន ទៅ​លេង​ផ្ទះ​មិត្ត​ភក្តិ ទៅ​ញាំ​នៅ​ភោជនីយដ្ឋាន ទៅ​ទិញ​ម្ហូបអាហារ ឬ​មួយ​ក៏​ទៅ​ផ្សារទំនើប​ជា​ដើម។ ភ្លាមៗ​ក្រោយ​ពី​ដឹង​ថា​ស្រ្តីរូប​នោះ​មាន​វិជ្ជមាន​អូមីក្រុង និង​ក៏​ដូច​ជា​មាន​ផ្ទុះ​ករណី​ឆ្លង​ថ្មី រដ្ឋអំណាច​បើក​យុទ្ធនាការ​ធ្វើ​តេស្តិ៍​ទ្រង់ទ្រាយ​ធំ។ ជាក់ស្តែង​នៅ​ផ្សារទំនើប​ដែល​ស្រ្តីរូប​នោះ​បាន​ទៅ រដ្ឋអំណាច​បាន​បោះតង់​ធំ​មួយ​នៅ​ខាង​ក្រៅ​ដើម្បី​ធ្វើ​តេស្តិ៍។ តែ​ខណៈ​នេះ ការ​ធ្វើ​តេស្តិ៍​លើ​ករណី​ទាក់ទង​ជាង ១៣ ០០០នាក់​បាន​បញ្ជាក់​ពី​លទ្ធផល​អវិជ្ជមាន​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ