អានតួអត្ថបទ
កាហ្សាក់ស្ថាន

វិបត្តិកាហ្សាក់ស្ថាន៖ ប្រទេស​លោកខាងលិច​បារម្ភពីការបញ្ជូនទ័ពរុស្ស៊ីទៅកាហ្សាក់ស្ថាន

នៅកាហ្សាក់ស្ថាន ប្រធានាធិបតី​បាន​អះអាង​នៅថ្ងៃ​សុក្រនេះថា អាជ្ញាធរ​បាន​ស្តារ​សន្តិសុខ​សណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងតំបន់​មួយផ្នែកធំ​របស់​ប្រទេស ដែល​បាន​រងរញ្ជួយ ដោយសារ​បាតុកម្ម និង​កុប្បកម្ម​ហិង្សា នៅប៉ុន្មានថ្ងៃ​មកនេះ។ តាម​ក្រសួងមហាផ្ទៃ​កាហ្សាក់ស្ថាន គេ​បាន​បាញ់សម្លាប់​ឧក្រិដ្ឋជន​ប្រដាប់អាវុធ ២៦នាក់ ដែល​ចំណែក​មនុស្ស​ជាង ៣ពាន់នាក់ដែលពាក់ព័ន្ធ​នឹង​ហេតុការណ៍​ធ្វើបាតុកម្ម កុប្បកម្ម ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន។ សហគមន៍​អន្តរជាតិ​បានអំពាវនាវ​ឲ្យគ្រប់ភាគី ជៀសវាង​កាប្រើអំពើហិង្សា និង​ត្រូវ​ដោះស្រាយបញ្ហា​តាម​ការចរចា។

ប៉ូលិស​បាញ់​ទឹកបំបែកក្រុមបាតុករនៅទីក្រុង​អាម៉ាលទី ជាទីដែលបាតុកម្ម​អហិង្សាដើម្បីប្រឆាំង​ឧស្ម័នឡើងថ្លៃ បាន​​ប្រែក្លាយជាទៅកុប្បកម្ម​ ហិង្សា សម្លាប់មនុស្ស​នៅកាហ្សាក់ស្ថាននៅថ្ងៃព្រហស្បតិ៍ ទី ៦ មករា ២០២២
ប៉ូលិស​បាញ់​ទឹកបំបែកក្រុមបាតុករនៅទីក្រុង​អាម៉ាលទី ជាទីដែលបាតុកម្ម​អហិង្សាដើម្បីប្រឆាំង​ឧស្ម័នឡើងថ្លៃ បាន​​ប្រែក្លាយជាទៅកុប្បកម្ម​ ហិង្សា សម្លាប់មនុស្ស​នៅកាហ្សាក់ស្ថាននៅថ្ងៃព្រហស្បតិ៍ ទី ៦ មករា ២០២២ via REUTERS - INTERIOR MINISTRY OF KAZAKHSTAN
ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប អាមេរិក និង​អង្គការ​សហប្រជាជាតិ បាន​សំដែងក្តីបារម្ភ និង​បាន​អំពាវនាវ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​នៅ​កាហ្សាក់ស្ថាន ដែល​រងរញ្ជួយ ដោយសារ​កុប្បកម្ម​ដ៏ហិង្សា តាំង​ពីថ្ងៃ​ពុធ។ ប្រធាន​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស បានអំពាវនាវឲ្យ​មានការ​គោរព​សិទ្ធិ​ធ្វើបាតុកម្ម​អហិង្សា និង​បានទាមទារ​ឲ្យ​អាជ្ញាធរ​បើកឡើងវិញ បណ្តាញ​អ៊ីនធ័រនែត សម្រាប់​ការប្រើប្រាស់បន្ទាន់​របស់​បុគ្គលិកពេទ្យ​ប្រឆាំងជំងឺកូវីដ។

នៅក្រោយ​រុស្ស៊ី​បាន​បញ្ជូន​ទាហាន​មួយកងពល​ទៅ​ជួយ​កងកម្លាំង​កាហ្សាក់ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទៅ តាមការស្នើសុំ​របស់​ប្រធានាធិបតី​កាហ្សាក់ស្ថាន ក្រុមប្រទេស​លោកខាងលិច​នាំមុខដោយ​អាមេរិក បាន​ព្រមាន​កងទ័ព​រុស្ស៊ី កុំ​ឲ្យ​មានគំនិត ចង់​រំលោភ​សិទ្ធិមនុស្ស និងឆ្លៀត​ឱកាស​ចូល​គ្រប់គ្រង​ស្ថាប័នសំខាន់ៗ កាហ្សាក់ស្ថាន។

នៅយប់​ថ្ងៃ​ព្រហស្បតិ៍ កងកម្លាំង​កាហ្សាក់ស្ថាន​បាន​វាយបណ្តេញ ក្រុមបាតុករ​ចេញអស់​ពីទីលាន​សាធារណៈ​ក្នុងទីក្រុង​អាល់ម៉ាទី (Almaty) ជាទី​ដែលបាតុកម្ម​អហិង្សា​បាន​ប្រែក្លាយទៅជា​កុប្បកម្ម​ដ៏ហិង្សា ដែលបាន​បណ្តាល​ឲ្យ​ស្លាប់មនុស្ស​ជាច្រើននាក់។

តាម​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​វិមានប្រធានាធិបតី កាហ្សាក់ស្ថាន បាតុកម្ម​សន្តិភាព ដែលដំបូងឡើយ​ផ្ទុះឡើង ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការដំឡើង​តម្លៃ​ឧស្ម័ន បាន​ប្រែក្លាយ​ជា​កុប្បកម្ម ដោយសារ​ការញុះញង់​របស់​មនុស្ស​មួយក្តាប់តូច។ ពួកគេទាំងនោះ​មួយចំនួន​ជា​ចោរប្លន់ ប្រដាប់អាវុធ និង​មួយក្រុមទៀត ជា​ភេរវជន ដែល​បើកការវាយប្រហារ​ទៅលើ​កម្លាំង​សមត្ថកិច្ច ដើម្បី ដណ្តើមកាំភ្លើងមកប្រើប្រាស់។

តាម​ក្រសួងមហាផ្ទៃ​កាហ្សាក់ស្ថាន នៅក្នុង​ការបង្រ្កាប​ ឧក្រិដ្ឋជន​ប្រដាប់អាវុធ ២៦នាក់ ត្រូវ​បាញ់សម្លាប់ ចំណែក ១៨នាក់​រងរបួសធ្ងន់។ នៅ​ចំណែក កងរក្សា​សន្តិសុខ​កាហ្សាក់ស្ថាន មាន​មនុស្ស​១៨នាក់​បាត់បង់ជីវិត និង​៧៤៨នាក់​រងរបួស។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាននៅថ្ងៃ​សុក្រទី ៧មករា ប្រធានាធិបតី​កាហ្សាក់ស្ថាន​បាន​ថ្លែងថា សណ្តាប់ធ្នាប់​សន្តិសុខ ត្រូវ​បាន​ស្តារឡើង​វិញទាំងស្រុង ប៉ុន្តែ អាជ្ញាធរ​នៅបន្ត​បេសកកម្ម ដើម្បី​បំផ្លាញ​ទាំងស្រុង ក្រុមជនប្រដាប់អាវុធ ដែលនៅតែ​បន្ត​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ