អានតួអត្ថបទ
ច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល

ឥណ្ឌា៖ សមាគម អង្គការក្រៅរដ្ឋាភិបាល​ជិត ៦០០០ បាត់បង់​សិទ្ធិ​ទទួលជំនួយពីបរទេស

នៅប្រទេស​ឥណ្ឌា អង្គការក្រៅរដ្ឋាភិបាល​និង​សមាគម ក្នុងស្រុក​ជិត ៦០០០​ត្រូវហាម​មិន​ឲ្យ​ទទួល​ប្រាក់ជំនួយបរទេស​ចាប់ដើម​ខែមករាឆ្នាំ ២០២២។ នៅក្នុង​ចំណោម​អង្គការក្រៅរដ្ឋាភិបាល​ដែលបានបាត់បង់​សិទ្ធិ​ទទួលជំនួយពីបរទេស​មាន​ផងដែរ អង្គការ​Oxfam​ឥណ្ឌា ដែលធ្វើការ​ទៅ​ការអប់រំ​របស់​កុមារ ការពង្រឹង​សមត្ថភាព​អំនាច​របស់​ស្រ្តី ហើយនិង​ប្រយុទ្ធប្រឆាំង​ភាពមិនស្មើភាព​នៅ ឥណ្ឌា។ អ្នកទទួលខុសត្រូវ​របស់​អង្គការ​Oxfam ឥណ្ឌា​បាន​ទាមទារ​ឲ្យអាជ្ញាធរ​លើកចោល​បម្រាម ព្រោះវា​ធ្វើ​ឲ្យប៉ះពាល់​ដល់​ការងារ​របស់​អង្គការ​ដែលកំពុង​ជួយ​ប្រជាជន​ឥណ្ឌា​ក្នុង​ស្ថានភាព​លំបាក បង្កឡើង​ដោយ​វិបត្តិកូវីដ។

ផ្លាកសញ្ញា​របស់​អង្គការ​Oxfamនៅទីក្រុង​Glasgow នៅប្រទេស​អង់គ្លេស​ឆ្នាំ ២០១៨
ផ្លាកសញ្ញា​របស់​អង្គការ​Oxfamនៅទីក្រុង​Glasgow នៅប្រទេស​អង់គ្លេស​ឆ្នាំ ២០១៨ AFP - ANDY BUCHANAN
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​ឥណ្ឌា អង្គការ​ក្រៅរដ្ឋាភិបាល មិនបានទទួលដំណឹងល្អឡើយ នៅថ្ងៃ​បើកទំព័រឆ្នាំថ្មី ឆ្នាំ ២០២២។ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ សមាគម និង អង្គការ​ក្រៅរដ្ឋាភិបាល​ជិត ៦០០០ ដែលនៅក្នុង​នោះ​មាន​អង្គការ​Oxfam ឥណ្ឌា បាន​បាត់បង់​សិទ្ធិ ក្នុង​ការទទួល​បាន​ប្រាក់ជំនួយ​ពី​បរទេស។ មូលហេតុ គឺ​អាជ្ញាបណ្ណ​របស់​ពួកគេ ដែលផ្តល់​ដោយ​រដ្ឋាភិបាល​ឥណ្ឌា ត្រូវ​អស់​សុពលភាព ចាប់ពី​ដើមឆ្នាំ​២០២២នេះ។

នៅ​ឥណ្ឌា ដើម្បី​បានសិទ្ធិ​ទទួល​ថវិកា​ពីបរទេស គ្រប់​អង្គការ​ក្រៅរដ្ឋាភិបាល និង​សមាគមសុប្បរសធម៌ ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិភាគទាន​បរទេស។ ប៉ុន្តែ តាម​ក្រសួងមហាផ្ទៃ​ឥណ្ឌា អង្គការ​មួយភាគធំ​ដូចជា Oxfam បាន​បាត់បង់សិទ្ធិ​ទទួល​ប្រាក់​ជំនួយ​ពីបរទេស ព្រោះ​ពួកគេ​មិនបាន​ដាក់​ពាក្យ​សុំថ្មី សម្រាប់ឆ្នាំ ២០២២។ ចំណែក​ពាក្យសុំ​ជាង ១៧០ ត្រូវ​អាជ្ញាធរ​បដិសេធ​ទាត់ចោល ក្នុងហេតុផល​រំលោភច្បាប់​ឥណ្ឌា។

អង្គការ​ Oxfam ឥណ្ឌា​បានអះអាងថា ខ្លួន​បាន​ដាក់ពាក្យសុំ​អាជ្ញាបណ្ណថ្មី​ដើម្បី​បន្តទទួល​ជំនួយ ពីបរទេស ប៉ុន្តែ អាជ្ញាធរ​បដិសេធ។ អង្គការ​Oxfam ឥណ្ឌា​ដែលជា​សាខា​របស់​អង្គការ​Oxfam អន្តរជាតិ មានទីតាំង​នៅទីក្រុង​ឡុងដ៍​បានអំពាវនាវ​ឲ្យរដ្ឋាភិបាល​លើកចោល​បម្រាមនេះ​វិញ ព្រោះ​វានឹង​អាចប៉ះពាល់​ខ្លាំង​ដល់​ការងារ​របស់​អង្គការ។ សូមបញ្ជាក់ថា នៅក្នុង​អំឡុង​ជួបរលកកូវីដ​កាលពីខែ​មេសា​ឆ្នាំ​មុន អង្គការ​Oxfam បាន​ផ្តល់​ជំនួយ​ដ៏សំខាន់ បំពង់អុកស៊ីសែន សម្ភារៈដកដង្ហើម ដល់​ប្រជាជន​ដែលឆ្លងមេរោគកូវីដ នៅក្នុងខណៈពេល​ដែល​រដ្ឋាភិបាល​ មន្ទីរពេទ្យរដ្ឋ​ខ្វះខាត​មធ្យោបាយ​ខ្លាំង។

មួយសប្តាហ៍មុននេះ អាជ្ញាធរ​ឥណ្ឌា​ទើបបាន​ដកហូត​អាជ្ញាបណ្ណដូចគ្នានេះ​ពីអង្គការផ្តល់ជំនួយមនុស្សធម៌ Mère Teresa។ ក្រុមអង្គការ សមាគម​ដែលរិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការគ្រប់គ្រង​វិបត្តិកូវីដ ក៏​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​ដែរ ដូចជាអង្គការ​វេជ្ជសាស្ត្រ​ឥណ្ឌា សកលវិទ្យាល័យអ៊ីស្លាម និងអង្គការ​គ្រឹស្ត​ផ្សេងទៀត។ គេបារម្ភថា ដោយ​លែងផ្តល់អាជ្ញាបណ្ណ​ដល់​អង្គការ​ដល់ទៅ​ជិត ៦០០០ រដ្ឋាភិបាល​ឥណ្ឌា របស់​លោក​ណារិនដ្រា ម៉ូឌី ចង់កាត់ផ្តាច់ ប្រភពចំណូល​របស់​អង្គការ​ដែល​រិះគន់ រដ្ឋាភិបាល​របស់​លោក។

ចាប់តាំង​ពី​ចូលកាន់តំណែងជានាយករដ្ឋមន្រ្តី​ឥណ្ឌា​នៅ​ឆ្នាំ ២០១៤ លោកណារិនដ្រា ម៉ូឌី​បានជំរុញ​ឲ្យមានកំណែទម្រង់ ច្បាប់​រឹតបន្តឹង ប្រាក់ជំនួយបរទេសសម្រាប់អង្គការក្រៅរដ្ឋាភិបាល។ ច្បាប់នេះ ត្រូវ​បាន​ប្រើ​ផងដែរ សម្រាប់ប្រឆាំង​អង្គការ​Greenpeace និង​អង្គការ​ការពារ​បរិស្ថានផ្សេងទៀត ដែលហ៊ានរិះគន់ រដ្ឋាភិបាលក្នុងរឿងប្រើប្រាស់​ថាមពលធ្យូងថ្ម។ ជាលទ្ធផល នៅ​ឥណ្ឌា​ដែល​ល្បីខាង​បញ្ចេញផ្សែងពុល ឧស្ម័នកាបូនិក អង្គការ​ការពារ​បរិស្ថាន​បានបាត់មុខសឹងទាំងស្រុង​ពីទេសភាព​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ