អានតួអត្ថបទ
ហុងកុង-សេរីភាព​សារព័ត៌មាន

បណ្តាញព័ត៌មាន​នៅ​ហុងកុង​មួយ​ទៀត​ប្រកាស​បិទ ដោយ​បារម្ភពី​សុវត្ថិភាព​អ្នក​កាសែត

សេរីភាព​សារព័ត៌មាន​នៅ​ហុងកុងរួញ​​​កាន់​តែតូច​ទៅៗ។ នេះ​បើ​តាម​ពាក្យ​បរិហារ​របស់​ក្រុម​អ្នកកាសែត​នៃបណ្តាញ​សារព័ត៌មាន​អន​ឡាញ ​CitizenNews ដែល​ប្រកាស​បិទទ្វារ ​ ចាប់​ពី​អាធាត្រ​ ថ្ងៃចន្ទទី ៣​មករា​២០២២​នេះ​តទៅ។ CitizenNews បញ្ឈប់​សកម្មភាព​លែងផ្តល់ព័ត៌មាន ដោយ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នកកាសែត។ CitizenNews ​ជា​បណ្តាញសារព័ត៌មាន​ទីបី​ហើយ​ Stand News និង​ Apple Daily ដែល​បាន​បិទ​ទ្វារ គិត​ចាប់​តាំង​ពី ហុងកុង មាន​ច្បាប់សន្តិសុខ​ថ្មី តាក់តែង​ដោយ​ចិន​តាំងពី​ខែមិថុនា​២០២០​មក។

លោក Chris Yeung សហស្ថាបនិក​វេបសាយ Citizen Newsនិង​ជា​អតិតប្រធានសមាគមន៍អ្នកកាសែត​ហុងកុង ធ្វើ​សន្និសីទ​កាសែត​ថ្ងៃ​ទី ៣​មករា ២០២២
លោក Chris Yeung សហស្ថាបនិក​វេបសាយ Citizen Newsនិង​ជា​អតិតប្រធានសមាគមន៍អ្នកកាសែត​ហុងកុង ធ្វើ​សន្និសីទ​កាសែត​ថ្ងៃ​ទី ៣​មករា ២០២២ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

បង្កើ​ត​ឡើង​នៅ​ឆ្នាំ​២០១៧ ដោយ​ក្រុម​អ្នកកាសែតជើង​ចាស់ និង​​ទ្រទ្រង់​ហិរញ្ញវត្ថុដោយ​​អ្នកអាន  CitizenNews  ជា​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អនឡាញដ៏​មាន​ប្រជាប្រិយភាព​ជាង​គេបំផុត​មួយ​នៅ​ហុងកុង ដោយ​មាន​អ្នក​ដាន​​តាម​បណ្តាញ​សង្គម​ចំនួន ៨សែន​នាក់។ ប៉ុន្តែ​ចាប់​ពី​ម៉ោង​១២​អាធ្រាត្រ​ថ្ងៃទី ៣​ មករា ២០២២​ទៅ វេបសាយ​CitizenNews លែង​ដំណើរការ​ទៀត​ហើយ។

ក្នុង​ថ្ងៃផ្សាយ​​ចុងក្រោយ ​ក្រុមអ្នកកាសែត​ បាន​ពន្យល់​ថា គ្មានការ​ប៉ះទង្គិច​ឬ​បញ្ជា​ពី​អាជ្ញាធរទេ បណ្តាញ​សារព័ត៌មាន បាន​​បង្ខំចិត្ត​បិទ​ទ្វារ​ដោយ​ខ្លួនឯង ក្រោយ​ពី​ឃើញ​អាជ្ញាធរ​ហុងកុង​បាន​បើក​ប្រតិបត្តិការ​ចាប់​ខ្លួន​អ្នកកាសែត​ចំនួន​​៧​នាក់ ​និង​បិទខ្ទប់​ហិរញ្ញវត្ថុ​របស់​​បណ្តាញ​ Stand News កាលពីសប្តាហ៍​មុន។ លែង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ក្នុង​ពេលធ្វើ​ការ អ្នកកាសែត​ក៏​ជាមនុស្ស និង​មានក្រុមគ្រួសារ ទើបចេះ​តែ​​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន​នោះ។ នេះ​បើ​តាម​ការគូស​បញ្ជាក់​បន្ថែម​របស់​លោក Chris Yeung សហស្ថាបនិក​វេបសាយ CitizenNews ​ និង​ជា​អតីត​ប្រធានអ្នកកាសែត​នៅ​ហុងកុង។

ការបិទទ្វារ​របស់​CitizenNews បាន​ទទួលការស្វាគមន៍​និង​អបអរ​ពី​សំណាក់​សារព័ត៌មាន​ផ្លូវការ​ជា​ភាសា​អង់គ្លេស Global Times ថា “​ដូច​ Stand News វេបសាយ​CitizenNews តែង​តែ​​សរសេរ​​ព័ត៌មានរិះគន់​រដ្ឋាភិបាល​និង​បក្សកុម្មុយនិស្ត​ចិនណាស់” និង​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​ដែល​សមាជិក​សភា​ហុងកុង​ថ្មី ស្បថ​ចូលកាន់​តំណែង។ សមាជិក​សភា​ថ្មី ​៨៩​នាក់​ក្នុង​ចំណោម៩០​នាក់​បាន​ចេញសេចក្តី​ថ្លែងការណ៍​រួម កាលពីសប្តាហ៍​មុន​ គាំទ្រ​ប្រតិបត្តិការ​ចាប់​ខ្លួន​អ្នកកាសែត​Stand News។

អតីត​​ដែនដី​​ក្រោមអាណានិគម​អង់គ្លេស ហុងកុង​ធ្លាប់​ជា​បន្ទាយ​នៃ​សេរីភាព​សារព័ត៌មាន​ដ៏​ចំបង​បំផុត​នៅ​អាស៊ី និង​ត្រូវ​បាន​សារព័ត៌មានអន្តរជាតិ​ជាច្រើន AFP, CNN, Wall Street Journal, Financial Times  ឬក៏ Bloomberg បាន​ទៅ​តាំង​ទីស្នាក់ការ​ធំ​។ ប៉ុន្តែ​​ស្ថានភាព​បាន​ធ្លាក់​ដុន​ដាប​ជា​លំដាប់​តាំងពីឆ្នាំ​២០១៩ និងជាពិសេស​​ក្រោយ​ការ​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នៅ​ឆ្នាំ ២០២០មក។ ច្បាប់​ដែល​បាន​ក្លាយ​ជា​ឧបករណ៍​បង្ក្រាបរាល់​គ្រប់​សំឡេង​បះបោរ​ប្រឆាំង និង​បំបិទ​បណ្តាញសារព័ត៌មាន​ Apple Daily កាលពី​ខែមិថុនា និង  Stand News កាលពី សប្តាហ៍មុន។

​ប្រឈម​នឹង​ស្ថានភាពនេះ New York Times និង Washington Post ​ បាន​រើ​ទីស្នាក់ការ​មួយភាគី​ទៅសេអ៊ូល។ ចំណែកកាសែត​ក្នុង​ស្រុក បាន​បន្ទន់​សំឡេង​តាម​បន្ទាត់​នយោបាយ​របស់​អាជ្ញាធរ​កាន់​តែ​ខ្លាំងឡើងៗ។ សូម្បី​តែកាសែត South China Morning Post ដ៏ល្បីនៅហុងកុង​របស់លោក ចេក ម៉ា Jack Ma ក៏​បានសម្រប​ខ្លួន​តាម និង​បានចាត់​ទុក​ការ​រិះគន់​របស់​ក្រុមបស្ចឹម​លោកស្តីពី​សេរីភាព​នៅ​ហុងកុង ថា​គ្មានសីលធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ