អានតួអត្ថបទ
ចិន-កូវីដ១៩

ចិនធ្វើតេស្ត​រកកូវីដ លើ​​ប្រជាជន​នៅ​ក្រុង​ស៊ីអាន ទាំង​​១៣​លាន​នាក់

អាជ្ញាធរចិន នៅក្រុងស៊ីអាន បានសម្រេចបើកការធ្វើតេស្តកូវីដ ទៅលើប្រជាជន​ទាំងអស់តែម្តង នៅក្នុងទីក្រុងនេះ ដែលមានចំនួន​ប្រមាណ​១៣លាននាក់។ ការសម្រេចនេះ គឺបន្ទាប់ពីគេបានរកឃើញ ករណីវិជ្ជមានកូវីដ​១៩ ចំនួន៤២នាក់ បន្ថែមទៀត នៅថ្ងៃអង្គារទី​២១ធ្នូ។ ចិនកំពុងប្រឹងទប់ស្កាត់រលកឆ្លងរាលដាលកូវីដ ខណៈកម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងារ កាន់តែខិតជិតមកដល់។

សន្និសីទកាសែត របស់អាជ្ញាធរសុខាភិបាលចិន ថ្ងៃទី ១៧ ធ្នូ ២០២១ នៅក្រុងប៉េកាំង។
សន្និសីទកាសែត របស់អាជ្ញាធរសុខាភិបាលចិន ថ្ងៃទី ១៧ ធ្នូ ២០២១ នៅក្រុងប៉េកាំង។ © AP
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការបញ្ជាក់ ពីក្រសួងសុខាភិបាលចិន គិតពីថ្ងៃទី៩ធ្នូមក គឺមានករណីវិជ្ជមានកូវីដ​១៩ សរុបចំនួន៩១ករណី នៅក្នុងទីក្រុងស៊ីអាន។ ដោយយោងលើហេតុផលនេះ អាជ្ញាធរនឹងបើកការធ្វើ​តេស្តទ្រង់ទ្រាយធំ ទៅលើ​ប្រជាជនអ្នក​ក្រុងស៊ីអាន ទាំងអស់តែម្តង ដែល​មានចំនួន​ប្រមាណ​១៣លាននាក់។

អាជ្ញាធរក្រុងស៊ីអាន ក៏បានសម្រេចបិទសាលារៀន ជម្ឈមណ្ឌលកំសាន្ត មណ្ឌលកីឡា ដែលបិទជិតផងដែរ ដើម្បីបង្អាក់​ប្រជាជន កុំឲ្យចេញ​ទៅក្រៅ ជួបជុំគ្នាច្រើន។ សារមន្ទីរបុរេប្រវត្តិសាស្ត្រ រូបសំណាកទាហានធ្វើពីដីឥដ្ឋ ដ៏ល្បី​នៅក្បែរក្រុងស៊ីអាន ក៏បាន​ប្រកាសបិទទ្វារជាបណ្តោះអាសន្នដែរ ដោយអះអាងថាមានករណីផ្ទុះការឆ្លងរាលដាលកូវីដ។

គួររំលឹកថា តាំងតែពីផ្ទុះការឆ្លងរាលដាលកូវីដ​ នៅក្រុងវូហានមក ចិនបានកំណត់យុទ្ធសាស្ត្រ កូវីដសូន្យ ពោលគឺទប់ស្កាត់ឲ្យបានជាដាច់ខាត នូ​វករណីឆ្លងថ្មីសូម្បីតែមួយករណីក៏ដោយ។ តែយ៉ាងណា ជារឿយៗ នៅប្រទេសចិន តែងតែមាន​ករណីឆ្លងរាលដាលថ្មីទៀត ដោយចៀសមិនផុត។

គួរកត់សំគាល់ដែរថា ថ្វីបើយោងតាមតួលេខផ្លូវការ ចិនមានចំនួន​ឆ្លងថ្មីតិចបំផុតក៏ដោយ តែអាជ្ញាធរចិន នៅតែបន្ត អនុវត្តវិធានការដ៏តឹងតែង និង​ ល្អិតល្អន់បំផុត តួយ៉ាងដូចជាការដាក់ឲ្យធ្វើចត្តាឡីស័កមនុស្សទាំងទីក្រុង និង​ ការធ្វើតេស្តទ្រង់ទ្រាយធំ​ ព្រមៗគ្នាលើមនុស្សជាច្រើនលាននាក់។ វិធានការដ៏តឹងតែងនេះ គឺជាត្រៀមបំរុង មិន​ឲ្យ​មានរលកឆ្លងរាលដាលសាជាថ្មី ខណៈកម្មវិធីប្រកួត​កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង កាន់តែខិតជិតមកដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ