អានតួអត្ថបទ
ហ្វីលីពីន

ក្រោយខ្យល់ព្យុះទីហ្វុង Rai ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៧៥នាក់ ហ្វីលីពីនអំពាវនាវរកជំនួយ

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ចំនួន​អ្នក​ស្លាប់​ដោយ​ខ្យល់ព្យុះ​ទីហ្វុង Rai បាន​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី២១ ធ្នូ ចំនួន​មនុស្ស​ស្លាប់​មាន​យ៉ាង​តិច ៣៧៥នាក់ និង​មាន​ប្រជាជន​ប្រមាណ​ជា ៤០០ ០០០នាក់​កំពុង​ជ្រកកោណ​នៅ​តាម​មជ្ឈមណ្ឌល​ដែល​រៀបចំ​ដោយ​រដ្ឋអំណាច ឬ​មួយ​ក៏​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​តាម​ផ្ទះ​ក្រុមគ្រួសារ។ ខណៈ​នេះ ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ផ្តើម​ដឹក​ជញ្ជូន​ជំនួយ​ទៅ​កាន់​តំបន់​រងគ្រោះ ហើយ​ក្រុម​អង្គការ​មនុស្សធម៌​បាន​ផ្តើម​អំពាវនាវ​រក​ជំនួយ។

ក្រោយខ្យល់ព្យុះទីហ្វុង Rai ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៧៥នាក់ ហ្វីលីពីនអំពាវនាវរកជំនួយ
ក្រោយខ្យល់ព្យុះទីហ្វុង Rai ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៧៥នាក់ ហ្វីលីពីនអំពាវនាវរកជំនួយ AP - Erwin Mascarinas
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ភ្លៀង​មេឃ​ស្រឡះ តែ​ក្រោយ​ព្យុះ​ជា​ពេល​វេលា​ដែល​ត្រូវ​គិតគូរ​ពី​ការ​សាងសង់​ឡើង​វិញ និង​ការ​ស្វែង​រក​ជំនួយ​ជួយ​ជនរងគ្រោះ​ដែល​កំពុង​ខ្វះ​ស្បៀង និង​គ្មាន​ទឹកស្អាត​ប្រើប្រាស់ ពិសេស​នៅ​កោះ​បូអូល​ដែល​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ។ នៅ​លើ​កោះ​ទេសចរណ៍​មួយ​នេះ និង​ក្រៅ​ពី​ប្រជាជន​ជា​ម្ចាស់ស្រុក មាន​ប្រជាជន​ហ្វីលីពីន​ជា​ច្រើន​នាក់​ទៀត​បាន​ទៅ​ដើរ​លេង​សម្រាក​លំហែកាយ​នៅ​ក្នុង​ពេល​បុណ្យ​ណូអែល​នា​ពេល​ខាង​មុខ។ តែ​អ្វីៗ​ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់ព្យុះ Rai និង​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១០០នាក់​នៅ​លើ​កោះ​បូអូល​នោះ។

ទន្ទឹម​នឹង​អំពាវនាវ​រក​ជំនួយ​ដោយ​ខ្លួន​ឯង អភិបាល​កោះ​បូអូល​លោក Arthur Yap ក៏​បាន​បញ្ជាក់​ពី​ក្តីសង្ឃឹម​ទទួល​បាន​ជំនួយ​ឆាប់​រហ័ស​ពី​ប្រធានាធិបតី​លោក​ឌុយទែរតេ។ ជំនួយ​ដែល​លោក Arthur Yap ចង់​បាន​នៅ​ចំពោះ​មុខ​ពី​លោក​ឌុយទែរតេ គឺ​ថវិកា​ដើម្បី​ទិញ​ចំណីអាហារ និង​ទឹកស្អាត ឬ​មួយ​ក៏​បញ្ជូន​កម្លាំងទ័ព និង​ប៉ូលិស​ដើម្បី​ជួយ​ការពារ​ពី​ការ​ចូល​លួច ប្លន់។ គេ​បាន​សង្កេត​ឃើញ​ជា​ទូទៅ​ថា ទាហាន ប៉ូលិស និង​ឆ្មាំ​សមុទ្រ​រាប់​ពាន់​នាក់​កំពុង​ខ្នះខ្នែង​ដឹក​ជញ្ជូន​ជំនួយ​ចាំ​បាច់​ទៅ​កាន់​កោះ​នានា​ដែល​បាន​រង​ការ​វាយប្រហារ​ដោយ​ខ្យល់ព្យុះ Rai។

ការ​ដឹកជញ្ជូន​ជំនួយ​នេះ​ត្រូវ​បាន​ក្រសួង​ការពារជាតិ​ចេញ​បញ្ជា​ឲ្យ​ប្រើ​នាវា កាណូត យន្តហោះ និង​ឡានកាំមីញ៉ុង។ ស្រប​ពេល​ជាមួយ​គ្នា អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​ក៏​បាន​អំពាវនាវ​រក​ជំនួយ​ចំនួន ២២លានដុល្លារ​សម្រាប់​ការ​ជួយ​បន្ទាន់ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ។ ខណៈ​នេះ ប្រទេស​អង់គ្លេស​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​ដោយ​សន្យា​ផ្តល់​ចំនួន ១លានដុល្លារ ប្រទេស​កាណាដា​បាន​សន្យា​ឲ្យ​ប្រមាណ​ជា ២លាន ៣សែនដុល្លារ ហើយ​សហភាព​អឺរ៉ុប​បាន​សន្យា​ជួយ​ជិត ២លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ