អានតួអត្ថបទ
កោះសាឡូម៉ុង-បាតុកម្ម

នាយក​រដ្ឋ​មន្ត្រី​កោះសាឡូម៉ុង​ថា​កុបកម្ម​គឺ​ការ​រៀប​ចំ​ឡើង​ដើម្បីផ្តួល​រំលំ​លោក

ក្រោយ​ផ្ទុះ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​ នាយករដ្ឋមន្ត្រី​កោះសាឡូម៉ុង​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ ទី២៨​ វិច្ឆិកានេះថា​ លោក​នឹងមិន​ចុះ​ពី​តំណែង​ទៅ​តាម​ការ​ទាមទារ​របស់​បាតុករ​នោះទេ​។ លោក​នាយករដ្ឋមន្ត្រី​បន្ថែម​ថា​ កុបកម្ម​ហិង្សា​រយៈពេល​បីថ្ងៃ​កន្លងមកនេះ​គឺការ​រៀបចំ​ឡើង​ដោយ​ក្រុម​មនុស្ស​មួយក្តាប់​តូចដែល​មាន​ចេតនាចង់​ផ្តួលរំលំរដ្ឋាភិបាល​របស់​លោកតែ​ប៉ុណ្ណោះ​។

នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង (ឆ្វេង) និងនាយករដ្ឋមន្ត្រីកោះសាឡូម៉ុង ម៉ាណាសេហ្វ សូហ្កាវ៉ារ។
នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង (ឆ្វេង) និងនាយករដ្ឋមន្ត្រីកោះសាឡូម៉ុង ម៉ាណាសេហ្វ សូហ្កាវ៉ារ។ © AP Photo/Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថាមួយ​ដែលផ្សាយទៅកាន់​ប្រជាជាតិទាំងមូល​ លោកនាយករដ្ឋមន្ត្រីកោះសាឡូម៉ុង​ ម៉ាណាសេហ្វ សូហ្កាវ៉ារ​ (Manasseh Sogavare) បាននិយាយថាវាច្បាស់​ណាស់ថា​ព្រឹត្ដិការណ៍ថ្មីៗ​ដែលកើតនៅទីក្រុង​ហូនីញ៉ារ៉ា​ត្រូវបាន​រៀបគ្រោង​ទុក​យ៉ាងល្អ​ និងរៀបចំឡើង​ដើម្បីកម្ចាយលោកចេញពីតំណែង​មេដឹកនាំ​កោះ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​។

បន្ថែមលើនេះ​ លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់ប្រជាជន​កោះសាឡូម៉ុងថារដ្ឋាភិបាល​របស់លោក​មានការតាំងចិត្តមោះមុត… ហើយក៏​នឹង​មិនចុះចាញ់​ចំពោះចេតនា​អាក្រក់របស់​មនុស្សក្រុមមនុស្សមួយត្តាប់តូច​តែពីរបីនាក់នោះដែរ​។

គួរបញ្ជាក់ថា​ ប្រជាជន​នៅ​កោះសាឡូម៉ុង​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​ចុះ​ចេញ​ពី​តំណែងរយៈពេលបីថ្ងៃមកហើយ​ចាប់ពីថ្ងៃ​ព្រហស្បតិ៍ ទី២៥ វិច្ឆិកា​។ ប្រជាជនជា​ច្រើននៃ​តំបន់​កោះប៉ាស៊ីហ្វិក​ដែល​មាន​ប្រជាជន​សរុប ៨សែននាក់​ ជឿថា​រដ្ឋាភិបាល​របស់ពួកគេប្រព្រឹត្តអំពើពុករលួយ​ ហើយ​ជំពាក់គុណ ឬបំណុល ឬ​បម្រើផល​ប្រយោជន៍​ឲ្យចិន និង​បរទេស​ផ្សេងទៀត​។

ក្រុមបាតុករ​បានបញ្ចេញកំហឹងរបស់ពួកគេដោយផ្ទាល់ទៅកាន់​ លោកនាយករដ្ឋមន្ត្រី សូហ្កាវ៉ារ និងរដ្ឋាភិបាលរបស់លោក។ បាតុកម្ម របស់ប្រជាជន​បានឈាន​ក្លាយជា​កុបកម្ម​ហិង្សា​ ហើយអ្នក​តវ៉ាជាច្រើន​ក៏បាន​ប៉ុនប៉ងដុតអគារសភា​និងគេហដ្ឋានឯកជន​របស់​នាយករដ្ឋមន្ត្រីផងដែរ​។

ក៏ប៉ុន្តែ​ ក្រុមអ្នកតវ៉ាទាំងនោះ​ត្រូវបាន​បង្ក្រាបដោយ​ប៉ូលិសដោយការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និងការបាញ់គ្រាប់កាំភ្លើងពិតឡើងលើដើម្បីជាការព្រមាន​។ នាយករដ្ឋមន្ត្រី​កោះសាឡូម៉ុងបានលើកឡើងថាកុបកម្មហិង្សាបានកើតឡើងដោយ​មាន​មេខ្លោងពីរ​បីនាក់ជាអ្នកដើរបំបោងបំភ្លៃព័ត៌មាន​កៀរគរប្រជាជនឲ្យចូលរួមនៅក្នុងការតវ៉ា​។

លោកបានឲ្យដឹងដែរ​អំពើហិង្សាដែលផ្តោតលើទីក្រុងចិន Chinatown នៅ​រដ្ឋធានី​ហូនីញ៉ារ៉ា បានធ្វើឲ្យកោះសាឡូម៉ុង​ខាតបង់ប្រាក់ប្រមាណ ២៥ លានដុល្លារ និង​បានបំផ្លាញ​ផងដែរការងារ​ចំនួន ១ពាន់ការងារនៅក្នុង​សេដ្ឋកិច្ច​របស់ប្រទេសដែលត្រូវ​បានញាំញី​រួចទៅហើយពី​ផលប៉ះពាល់​នៃជំងឺកូវីដ១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ