អានតួអត្ថបទ
ហ្វីលីពីន-ណូបែល

ហ្វីលីពីនចង់រារាំង​មិន​ឱ្យ​ជ័យលាភី​ណូបែលសន្តិភាព​ ទៅ​ទទួលរង្វាន់​នៅអូស្លូ

រដ្ឋាភិបាលហ្វីលីពីន កំពុង​ព្យាយាម​រារាំង មិន​ឱ្យ​លោកស្រី ម៉ារីយ៉ា រេសា Maria Ressa ជ័យលាភី​ ណូបែល​សន្តិភាព​ឆ្នាំ​២០២១ ធ្វើ​ដំណើរទៅទីក្រុង​អូស្លូ នៅ​ខែធ្នូ​ខាងមុខ ដើម្បី​ទទួល​រង្វាន់របស់​លោកស្រី​ទេ។ មូលហេតុ​មក​ពី​ ​អាជ្ញាធរ​ខ្លាចលោកស្រី​​រត់គេច​ខ្លួន​ពីតុលាការ។ នេះ​បើ​តាម​ឯកសារ​ដែលភ្នាក់ងារ​សារព័ត៌មាន​បារាំង​​AFP ​បានឃើញ។

ហ្វីលីពីនចង់រារាំង​មិន​ឱ្យ​ជ័យលាភី​ណូបែលសន្តិភាព​ ទៅ​ទទួលរង្វាន់​នៅអូស្លូ
ហ្វីលីពីនចង់រារាំង​មិន​ឱ្យ​ជ័យលាភី​ណូបែលសន្តិភាព​ ទៅ​ទទួលរង្វាន់​នៅអូស្លូ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ជា​ស្ថាបនិក​វេបសាយ​សារព័ត៌មាន​អង្កេត​ Rappler លោកស្រី ម៉ារីយ៉ា រេសា និង​អ្នកកាសែត​រុស្ស៊ី លោក​ ឌីមីទ្រី មូរ៉ាតូវ Dmitri Mouratov បាន​ជាប់​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០២១ ចំពោះបុព្វហេតុ​ការពារ​​សេរីភាព​សារព័ត៌មាន​​។ ពិធី​ប្រគល់​ពាន​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃទី ១០ធ្នូ​ នៅ ទីក្រុង​អូស្លូ ប្រទេសន័រវែស។

ប៉ុន្តែ​អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឱ្យ​ទូរទស្សន៍អាមេរិក​CNN ដែល​បច្ចុប្បន្ន​មាន​សេរីភាព​ រស់​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ កំពុង​រង់​ចាំ​ការ​កាត់​ក្តីនៅ​សាលាឧទ្ទរណ៍។ កាលពី​ខែមិថុនា តុលាការ​បាន​កាត់​ទោសលោកស្រីរេសា ពី​បទ​បរិហារកេរ្តិ៍ ហើយ​លោកស្រី​ក៏​មាន​​ជាប់​បណ្តឹង​ជា​ច្រើន​ករណី​ទៀត ក្នុង​នោះ​មាន​មួយ​ករណី ដែល​លោកស្រី​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ដល់​ទៅ ៦ឆ្នាំ។

ក្នុង​វ័យ​៥៨​ឆ្នាំ លោកស្រីអ្នកកាសែត​មាត់​ឆៅដែល​បរិហារ​នយោបាយ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿង​ញៀន​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ លោក ឌុយទែរតេ និង​ប្រព័ន្ធតុលាការហ្វីលីពីន មិនសំចៃមាត់ បាន​ដាក់សំណើ​ទៅ​តុលាការ​សុំសិទ្ធិ​ ​ធ្វើ​ដំណើរ​ទៅ​ទទួលរង្វាន់​នៅ​ក្រុង​អូស្លូ។ ​ប៉ុន្តែ​រដ្ឋ​អាជ្ញា​ប្រឆាំង​ ដោយ​យល់​ថា​ហេតុផល​របស់​លោកស្រី​ គ្មាន​លក្ខណៈ​ចាំ​បាច់​ ដាច់​ខាត​​ត្រូវ​ធ្វើ​ដំណើរ​ទេ។ ផ្ទុយ​ទៅវិញ ពាក្យ​រិះគន់​វាយប្រហារ​ ប្រព័ន្ធ​តុលាការ​ហ្វីលីពីន ជា​ញឹកញយ​របស់​លោកស្រី អាច​បញ្ជាក់​បាន​ថា​លោកស្រី គ្មាន​ការ​​គោរព​ដំណើរការ​តុលាការ ដូច្នេះហានិភ័យ​​រត់​គេច​ខ្លួន​មាន​ខ្ពស់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋអាជ្ញាហ្វីលីពីន​កាលថ្ងៃទី ៨​វិច្ឆិកា ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ទើប​ទទួល​បាន។ ពេលនេះ លោកស្រីដែល​មាន​សញ្ញាតិ​អាមេរិក​ដែរ កំពុង​ស្ថិត​នៅ​លើ​ទឹក​ដីសហរដ្ឋ​អាមេរិក ក្រោយ​ពី​ទទួល​ការ​អនុញ្ញាត​ពី​តុលាការ។

វិទ្យាស្ថាន​ណូបែល យល់​ថា ពិត​ជាគួរ​ឱ្យ​អៀន​ខ្មាសណាស់​ដែល​ជាតិ​មួយ​​មិន​ព្រម​ផ្តល់​សេរីភាព​ឱ្យ​ពលរដ្ឋ​ខ្លួន ធ្វើ​ដំណើរ​មក​ ​ទទួល​ពាន​រង្វាន់​ណូបែលសន្តិភាព​ នៅអូស្លូនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ