អានតួអត្ថបទ
សិង្ហបុរី-សិទ្ធិមនុស្ស

អង្គការសិទ្ធមនុស្ស​អំពាវនាវ ឲ្យ​​សិង្ហបុរី​កុំប្រហារ​ជីវិត​អ្នកទោស​ម្នាក់ ដែល​មាន​បញ្ហា​សរសៃប្រសាទ

អជ្ញាធរតុលាការសិង្ហបុរី នឹងកាត់ទោសប្រហារជីវិត អ្នកទោសម្នាក់ ជាជនជាតិម៉ាឡេស៊ី ដែលជាប់ចោទ កាន់កាប់គ្រឿងញៀន នៅថ្ងៃពុធ សប្តាហ៍ក្រោយ។ ក៏ប៉ុន្តែមេធាវី របស់ជននេះ បានអះអាងថា ជននេះមានបញ្ហាជំងឺសរសៃប្រសាទ មិនដឹងខុសត្រូវទេ។ អង្គការសិទ្ធិមនុស្ស បានអំពាវនាវ ឲ្យ​អាជ្ញាធរសិង្ហបុរី ត្រូវតែលុបចោល ការ​ប្រហារជីវិតនេះ ព្រោះវាជារឿងអមនុស្សធម៌។

ក្រុម​សកម្មជន Anti-Death Penalty Asia Network (ADPAN) លើកបដា​នៅខាងក្រៅ​សភាម៉ាឡេស៊ី ទាមទារ​ឲ្យ​ធ្វើអន្តរាគមន៍ កុំ​ឲ្យ​អាជ្ញាធរសិង្ហបុរី​ប្រហារជីវិត បុរសឈ្មោះ Nagaenthran K. Dharmalingam នៅថ្ងៃពុធសប្តាហ៍ក្រោយ។ ក្រុងកូឡាឡំពួរ ថ្ងៃទី ៣ វិច្ឆិកា ២០២១
ក្រុម​សកម្មជន Anti-Death Penalty Asia Network (ADPAN) លើកបដា​នៅខាងក្រៅ​សភាម៉ាឡេស៊ី ទាមទារ​ឲ្យ​ធ្វើអន្តរាគមន៍ កុំ​ឲ្យ​អាជ្ញាធរសិង្ហបុរី​ប្រហារជីវិត បុរសឈ្មោះ Nagaenthran K. Dharmalingam នៅថ្ងៃពុធសប្តាហ៍ក្រោយ។ ក្រុងកូឡាឡំពួរ ថ្ងៃទី ៣ វិច្ឆិកា ២០២១ AP - Dobby Chew
ផ្សាយពាណិជ្ជកម្ម

បុរសជនជាតិម៉ាឡេស៊ី ឈ្មោះ Nagaenthran K. Dharmalingam បច្ចុប្បន្នអាយុ៣៣ឆ្នាំ ត្រូវបានអាជ្ញាធរសិង្ហបុរី ចាប់ឃាត់ខ្លួន នៅ​ឆ្នាំ​២០០៩ បន្ទាប់ពីបានរកឃើញថា ជននេះ​មានកាន់កាប់គ្រឿងញៀន ហេរ៉ូអ៊ីន ចំនួន ៤៣ក្រាម  ​ពោល​គឺ​ប្រមាណជា​៣ស្លាព្រៀបាយ ក្នុងពេលធ្វើដំណើរមកដល់សិង្ហបុរី។

បន្ទាប់ពីត្រូវបានកាត់ទោស និងជាប់ឃុំអស់រយៈពេលជាង​១០ឆ្នាំ អាជ្ញាធរសិង្ហបុរី គ្រោង​នឹងកាត់ទោសប្រហារជីវិតជននេះ ដោយព្យួរក នៅថ្ងៃពុធ ទី១០វិច្ឆិកា។ វានឹងជាការកាត់ទោស​​ប្រហារជីវិតអ្នកទោស លើកទី១ បើគិតពីឆ្នាំ​២០១៩មក។ សម្រាប់អាជ្ញាធរសិង្ហបុរី ទោសប្រហារជីវិត គឺមានសារសំខាន់ណាស់ សំរាប់បំភ័យ បន្លាច ពួកឧក្រិដ្ឋជន​នានា។

តែយ៉ាងណា គម្រោង​កាត់ទោសប្រហារជីវិត បុរសម៉ាឡេស៊ី ឈ្មោះ Nagaenthran K. Dharmalingam នេះ កំពុងតែធ្វើឲ្យ​សិង្ហបុរី រងការចោទប្រកាន់ជាខ្លាំង។ ក្រុមអ្នកប្រឆាំងការប្រហារជីវិតនេះ បានលើកឡើងថា ជននេះជាមនុស្ស​ខ្សោយ​បញ្ញា មានបញ្ហាសរសៃប្រសាទ ហើយ​ជាមនុស្សញៀនស្រា មិនដឹងខុសត្រូវ ថែមទៀតផង នៅក្នុងអំឡុងពេល​ប្រព្រឹត្តិបទល្មើស។ លោកស្រី Rachel Chhoa-Howard តំណាងអង្គការ Amnesty International បាន​លើកឡើងថា យោងតាម​សាក្សីជាច្រើន អះអាងថា ជនជាប់ចោទមិនទាំងយល់ ថាខ្លួននឹងត្រូវគេព្យួរកសម្លាប់ នៅសប្តាហ៍ក្រោយ​នេះផងទេ។

មេធាវីរបស់បុរសម៉ាឡេស៊ី ដែលប្រឈមនឹងការប្រហារជីវិតនេះ បានអះអាងថា កូនក្តីលោក ថ្វីបើ​មាន​អាយុ​ជាង៣០ឆ្នាំមែន តែមានសតិស្មារតី ដូចក្មេងអាយុក្រោម១៨ឆ្នាំ។ លោកបញ្ជាក់ថា​ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ លោក​នឹងដាក់ពាក្យ​បណ្តឹងមួយទៀត ដើម្បីទាមទារឲ្យ​លុបចោលការប្រហារជីវិតនេះ ព្រោះវាជាអំពើ​ផ្ទុយនឹងរដ្ឋធម្មនុញ្ញសិង្ហបុរី​។ សម្រាប់លោក ការប្រហារជីវិតមនុស្ស​ម្នាក់ ដែលមាន​បញ្ហាសរសៃប្រសាទ វាគឺជារឿងមិនសមហេតុផល គ្មានមនសិកា និងជារឿងចចេសរឹងរូស ធ្វើឲ្យ​តែបាន​ របស់អាជ្ញាធរប្រទេសមួយ។ ដូចគ្នាដែរ អង្គការ Human Rights Watch បាន​លើកឡើងថា​ការ​ប្រហារជីវិត អ្នកទោសម្នាក់ ដែលគ្នាមានជំងឺ​សសៃ​ប្រសាទ វាគឺជារឿងអនុស្សធម៌ និងផ្ទុយ​ពីច្បាប់អន្តរជាតិ និងជាអំពើព្រៃផ្សៃ ហួសប្រមាណពេកណាស់។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី បានអះអាងថា នៅក្នុងពេល​បើកសវនាកាជំនំជំរះក្តី​ ជនឈ្មោះ Nagaenthran K. Dharmalingam មិនត្រូវបានសមត្ថកិច្ចសង្កេតឃើញ ឬធ្វើកោសល្យវិច្ច័យឃើញថា មានបញ្ហាសរសៃប្រសាទទេ។ ដូច្នេះ ការប្រហារជីវិត គឺត្រូវតែអាចធ្វើទៅ​បាន តាមការកំណត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ