អានតួអត្ថបទ
ហុងកុង-បាតុកម្ម

ហុងកុង ៖ សកម្មជនប្រជាធិបតេយ្យ​ ​តូនីជុង ប្រឈមនឹងការ​ជាប់​ទោស​អស់​មួយជីវិត ពីបទ​បះបោរ

នៅ​ថ្ងៃពុធទី ៣ វិច្ឆិកា២០២១​នេះ តុលាការ​ហុងកុង​ បានបើកសវនាការកាត់​ក្តី​សំណុំ​រឿង​ទីបួន លើ​យុវសកម្មជន តូនី ជុង Tony Chung អាយុ​២០ ឆ្នាំ ពីបទ​បះបោរ​ចង់​ផ្តាច់ទឹក​ដី។ ស្រប​តាមច្បាប់សន្តិសុខ​ជាតិ​ហុងកុង​ថ្មី ដែល​ចិន​តាក់តែង​ឱ្យ​ សកម្មជន​ប្រជាធិបតេយ្យ​រូ​ប​នេះ អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​អស់មួយ​ជីវិត។

សកម្មជនប្រជាធិបតេយ្យ Tony Chung ក្នុង​បាតុកម្ម​ថ្ងៃទី ១ មករា ២០១៩
សកម្មជនប្រជាធិបតេយ្យ Tony Chung ក្នុង​បាតុកម្ម​ថ្ងៃទី ១ មករា ២០១៩ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

តូនី​ ជុងជា​សកម្មជន​វ័យក្មេង​ជាង​គេ​បំផុត ដែល​ត្រូវ​តុលាការ​កាត់​ទោស​ស្រប​តាម​ច្បាប់​សន្តិសុខ​ជាតិ​តាក់តែង​ឡើង​ដោយប៉េកាំង និង​ត្រូវបាន​ចៅក្រម ព្រមាន​មិន​ឱ្យ​និយាយ “​អំពី នយោបាយ”​ នៅក្នុង​អង្គសវនាការ​ទេ។

បើ​តាម​បទ​ចោទប្រកាន់ ​ចលនា​និស្សិតបង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៦ ដើម្បី​ទាមទារឯករាជ្យហុងកុង Studen Localism ដែល​មាន​ តូនី ជុង ​​ប្រធាន ចង់ផ្តាច់​ហុងកុង​ឱ្យ​ចេញ​ផុត​ពី​ក្រញាំ​​របប​កុម្មុនិស្តចិន និង​ស្ថាបនា​សាធារណរដ្ឋ​ហុងកុងមួយ តាមរយៈ​ការ​​ផ្សព្វផ្សាយ​សារ​តាម​ប្រព័ន្ធសង្គមទាមទារ​ឯករាជ្យ និង​ដោយ​អំពាវនាវ​ឱ្យ​មាន​បាតុកម្ម។ ចលនានិស្សិត​ក្រុមនេះ​បាន​ថែម​ទាំង​សុំ​ឱ្យ​អាមេរិកអនុម័ត​ច្បាប់​​ដាក់​ទណ្ឌកម្ម​ហុងកុង​និង​ចិន​ទៀត។ នេះ​បើ​តាម​ពាក្យ​ចោទ​ ​របស់​រដ្ឋអាជ្ញា។

បន្ថែម​ពីលើ​បទចោទ​ប្រកាន់​​បះបោរចង់​​ផ្តាច់​ទឹក​ដី​ នៅ​ថ្ងៃពុធ​នេះ តូនី ជុង ត្រូវ​ជាប់​ចោទ​បាន​​ប្រព្រឹត្ត​បទ​ល្មើស​លាង​លុយ​ទៀត។ ហើយ​បើ​ទោះ​បី​ជា​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ថ្មី​ ទើប​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ខែមិថុនា​២០២០​ក្តី ក៏​រដ្ឋ​អាជ្ញា​បាន​លើក​ឡើង​អំពី​បទ​ល្មើស​ជា​ច្រើន​របស់​តូនី ជុង កាលពីមុន​មាន​ច្បាប់​ទៅ​ទៀត។

សូម​រំលឹក​ថា សកម្មជន​ តូនី ជុង ត្រូវ​បាន​ប៉ូលិស​ស៊ីវិល​ហុងកុងចាប់​ខ្លួន នៅ​ក្បែរស្ថានទូតអាមេរិក​ប្រចាំហុងកុង​ កាលពី​ខែ​តុលា​ឆ្នាំ​កន្លង​ទៅ និងឃុំ​ទុក ហើយ​​​ត្រូវ​បានតុលាការ​កាត់​ទោស កាលពី​ចុង​ឆ្នាំ​មុន​​ឱ្យ​ជាប់​ពន្ធនាគារ​បួនខែ​​ពី​បទ​បំផ្លាញ​ទង់ជាតិ​ និង​ប្រមូលផ្តុំធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់។

ក្រោម​គំនាប​យ៉ាង​តឹង​តែង​​របស់​ចិន​លើ​ហុងកុង សកម្មជន​ប្រជាធិបតេយ្យ​​ហុងកុង​ជា​ច្រើនបាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​ទៅ​បរទេស។ អ្នក​ចេញមិនទាន់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​អំពី​បទ​ធ្វើ​វិទ្ធង្សនា ឬ​ស៊ុំ​គ្រលំជាមួយ​បរទេស​។ តាមរយៈ​​ច្បាប់​សន្តិសុខ​ថ្មី ក្នុង​ចំណោម​សកម្មជន​ប្រជាធិបតេយ្យ​ជាង​១៥០នាក់​ដែល​ចាប់​ខ្លួន​បាន​ បួននាក់​បានកាត់​ទោស​រួច​ហើយ ពាក់កណ្តាល​រងការចោទ​ប្រកាន់​ជា​ផ្លូវការ និង​គ្មាននរណា​ម្នាក់​អាចសុំ​នៅ​ក្រៅ​ឃុំ​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ