អានតួអត្ថបទ
ឥណ្ឌា-វ៉ាក់សាំងកូវីដ១៩

កូវីដ១៩ ៖ឥណ្ឌាចាក់វ៉ាក់សាំង​បាន​១ពាន់​លានដូស

គិត​មក​ដល់ត្រឹមថ្ងៃ​ព្រហស្បតិ៍ទី ២១ តុលា ២០២១ ឥណ្ឌាបាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ បាន​ចំនួន ១ពាន់​លានដូស​ហើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាសរបស់​ក្រសួង​សុខាភិបាល​ឥណ្ឌា។ ឥណ្ឌា​ជា​ប្រទេស​ជាប់​លំដាប់ទីពីរ ដែល​បាន​ចាក់​ថ្នាំ​បង្ការ​បាន​ច្រើន​ជាង​គេ ដល់​កំរិត​១ពាន់​លាន​នាក់​ បន្ទាប់​ពី​ចិន ដែល​ចាក់​បាន​ដល់​ទៅ​២,៣ពាន់​លាន​ដូស (បើតាមប៉េកាំង)។

កូវីដ១៩ ៖ឥណ្ឌាចាក់វ៉ាក់សាំង​បាន​១ពាន់​លានដូស
កូវីដ១៩ ៖ឥណ្ឌាចាក់វ៉ាក់សាំង​បាន​១ពាន់​លានដូស Arun SANKAR AFP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​តួលេខរបស់​រដ្ឋាភិបាល​ បីភាគបួន​នៃ​ប្រជាពលរដ្ឋ​ពេញ​វ័យ​ឥណ្ឌា បាន​ទទួល​វ៉ាក់សាំង​ចំនួន​១ដូស​រួច​ហើយ និង​ប្រមាណ​៣០%​បាន​ទទួល​ថ្នាំបង្ការ​ ​គ្រប់​២​ដូស។ ចំណែក​យុវជន​ឥណ្ឌា​អាយុ​ក្រោម​១៨​ឆ្នាំ​ ដែល​តំណាង​ឱ្យ​៤០%​នៃ​ប្រជាជន​សរុប​១,៣លាន​នាក់​វិញ ពុំ​ទាន់​បាន​ចាក់​ថ្នាំបង្ការ​នៅ​ឡើយ​ទេ។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ឥណ្ឌា​អបអរ​ការ​ចាក់​វ៉ាក់សាំង​បាន​ដល់​ដូស​ទី​១ពាន់​លាន។ បន្ទាប់​ពីមានយុទ្ធនាការ​ចាក់​ថ្នាំបង្ការ​​យឺតយ៉ាវ​ខ្លាំង​នៅ​ពេលចាប់ផ្តើមដំបូង​​ កាលពី​ខែ​មករា ឥណ្ឌា​ពេលនេះ​ចាក់​វ៉ាក់សាំង​បាន​ក្នុងល្បឿន​៨លាន​ដូស​ក្នុង​មួយ​ថ្ងៃ។​

នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ថ្លែង​​អរគុណ​បុគ្គលិក​សុខាភិបាល និង​បានធ្វើ​សេចក្តី​​ប្រកាសពិសេស​ តាម​អាកាសយានដ្ឋាន​និង​អយស្ម័យយាន អបអរ​ការ​ឆ្លង​ដំណាក់កាល​ដ៏​សំខាន់​មួយ​នេះ។

សូម​បញ្ជាក់​ថា​ កាលពី​ខែ​មេសា​និង​ឧសភា ឥណ្ឌា​រង​ការរាតត្បាត​យ៉ាង​ខ្លាំងក្លា ដោយ​មានករណី​ឆ្លង​ថ្មី​ជាង​៤សែន​និង​ស្លាប់​ជាង​បួនពាន់​ក្នុង​មួយ​ថ្ងៃៗ។ មន្ទីរពេទ្យ មណ្ឌលសុខភាព​ ណែន​ចាល់ ខ្វះ​សព្វខ្វះ​គ្រប់ខ្វះ​ទាំង​អុកស៊ីហ្សែន​សម្រាប់​សង្គ្រោះ​ព្យាបាល​អ្នកជំងឺ សូម្បី​កន្លែង​បូជាសព​ក៏ចាល់ដែរ។ ជា​ផ្លូវការ​ ឥណ្ឌា​រាប់​មាន​អ្នក​ឆ្លង​កូវីដ​១៩​សរុប​ចំនួន​៣៤​លាននាក់ និង​ស្លាប់​៤៥២០០០នាក់។

ឥលូវករណី​ឆ្លង​ថ្មី​បានធ្លាក់​ចុះ​ក្រោម​១៥០០០នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​សកម្មភាព​ទូទៅ​ក្នុង​ប្រទេស​វិល​ត្រលប់​មកស្ទើរ​ដូច​ធម្មតាវិញ។ ជាង​នេះ​ទៅ​ទៀត កាលពី​ដើម​សប្តាហ៍​ ប៊ុមបេ ក្រុង​សេដ្ឋកិច្ច​របស់​ឥណ្ឌា លែង​មាន​អ្នកស្លាប់​ដោយ​កូវីដ​សោះ ពេញ​មួយ​ថ្ងៃ។ អាជ្ញាធរ​បាន​លើ​បម្រាមទាំងឡាយ និងអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​ជួប​ជុំ​ប្រារព្វ​ពិធី​បុណ្យ​សាសនា​ផ្សេង ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​កូវីដ​១៩បាន​ផ្ទុះ​ឡើង។

ដើម្បី​បញ្ចៀស​រលក​ចម្លង​ថ្មី រដ្ឋាភិបាល​ឥណ្ឌា​បាន​ណែនាំ​ពលរដ្ឋ​ឱ្យ​ទៅ​ចាក់​ថ្នាំ​បង្ការ​ឱ្យ​បាន​គ្រប់​ដូស។ ចំណែក​អាជ្ញាធរ​សុខភិបាល ទើប​ចេញ​អនុសាសន៍​ឱ្យ​ប្រើ​​​ថ្នាំ​បង្ការCovaxin ​ថ្នាំបង្ការ​មួយ​ក្នុង​ចំណោម​ថ្នាំបង្ការទាំង​៧​ដែល​ធ្វើ​ចរាចរណ៍​នៅ​ឥណ្ឌា សម្រាប់​យក​ទៅ​ចាក់​លើ​ក្មេងក្រោម​អាយុ​១៨​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ