អានតួអត្ថបទ
ចិន-អវកាស

ចិន៖អវកាសយានិកចំនួន ៣នាក់ទៅដល់ស្ថានីយ៍អវកាស និងស្ថិតនៅទីនោះចំនួន ៦ខែ

នៅ​ក្នុង​ប្រទេស​ចិន អវកាសយានិក​ចិន​ចំនួន ៣នាក់ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​បាន​ទៅ​ដល់​ស្ថានីយ៍​អវកាស​ប្រកប​ដោយ​ជោគជ័យ​នា​ថ្ងៃ​សៅរ៍ ទី១៦ តុលា។ កម្មវត្ថុ​របស់​អវកាសយានិក​ចិន​ទាំង ៣នាក់​ពេល​នេះ គឺ​បន្ត​បេសកកម្ម​សាងសង់​ស្ថានីយ៍អវកាស​ចិន។ តាម​គម្រោង ពួក​គេ​ទាំង ៣នាក់​នឹង​ស្ថិត​នៅ​លើ​អាកាស​រយៈពេល ៦ខែ ពោល​ច្រើន​ជាង​បេសកកម្ម​របស់​អវកាសយានិក​ចំនួន ៣នាក់​កាល​ពី​ពាក់កណ្តាល​ខែ​មិថុនា​កន្លង​ទៅ​ដែល​មាន​រយៈ​ពេល​តែ ៣ខែ​ប៉ុណ្ណោះ។

អវកាសយានិកចិនចំនួន ៣នាក់ទៅដល់ស្ថានីយ៍អវកាស និងស្ថិតនៅទីនោះចំនួន ៦ខែ ថ្ងៃទី១៦ តុលា ២០២១
អវកាសយានិកចិនចំនួន ៣នាក់ទៅដល់ស្ថានីយ៍អវកាស និងស្ថិតនៅទីនោះចំនួន ៦ខែ ថ្ងៃទី១៦ តុលា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​យាន​ស្ហ៊ីនចូវ​ទី ១៣ ដែល​អវកាសយានិក​ចិន​ចំនួន ៣នាក់​ថ្មី​បាន​ទៅ​ដល់​ស្ថានីយអវកាស​ដែល​ចិន​កំពុង​សាងសង់។ អវកាសយានិក​ថ្មី​ទាំង ៣នាក់​មាន​បុរស​ពីរ​នាក់​អាយុ ៥៥ឆ្នាំ និង ៤១ឆ្នាំ រួម​ទាំង​ស្រ្តីម្នាក់​អាយុ ៤១ឆ្នាំ។ នៅ​ក្នុង​បេសកកម្ម​រយៈពេល ៦ខែ អវកាសយានិក​ថ្មី​ទាំង ៣នាក់​នឹង​បន្ត​ការ​សាងសង់​ស្ថានីយ៍អវកាស ផ្ទៀងផ្ទាត់​លើ​សម្ភារៈបរិក្ខារ​ផ្សេងៗ និង​ធ្វើ​ការ​ពិសោធន៍​វិទ្យាសាស្រ្ត​មួយ​ចំនួន ពិសេស​ស្វែង​រក និង​ស្វែង​យល់​លើ​ព័ត៌មាន​ស្តីពី​ការ​សម្របខ្លួន​រយៈពេល​យូរ​នៅ​លើ​អាកាស។ បន្ទាប់​មក ពួក​គេ​ក៏​អាច​ចេញ​ក្រៅ​ស្ថានីយ៍អវកាស​ចំនួន ២ ឬ ៣ដង​នៅ​ក្នុង​បេសកកម្ម​រយៈពេល ៦ខែ​របស់​ខ្លួន​ដែរ។

គួរ​បញ្ជាក់​ថា ស្ថានីយ៍អវកាស​ដែល​ចិន​កំពុង​សាងសង់​ខ្លួន​ឯង​មាន​កម្ពស់​ពី​ផែនដី​ពី ៣៥០ ទៅ ៤០០គីឡូម៉ែត្រ និង​ត្រូវ​ផ្គុំ​ឡើង​ដោយ​ម៉ូឌុល​ចំនួន ៣ខុស​គ្នា។ តែ​មក​ដល់​ពេល​នេះ គឺ​ទើប​មាន​ម៉ូឌុល​មួយ​ឈ្មោះ « ធានហ័រ » ដែល​បាន​បាញ់​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី។ គឺ​ម៉ូឌុល « ធានហ័រ » នេះ​ឯង​ដែល​អវកាសយានិក​ថ្មី​ទាំង ៣នាក់​ត្រូវ​ស្នាក់​នៅ​រយៈពេល ៦ខែ។ នេះ​ជា​រយៈពេល​មួយ​យូរ​ដែល​ចិន​មិន​ធ្លាប់​បាន​សាកល្បង ព្រោះ​បេសកម្ម​ចុង​ក្រោយ​មាន​រយៈពេល​តែ ៣ខែ​ប៉ុណ្ណោះ។ លោក Erik Seedhouse សាស្រ្តាចារ្យ​ជំនាញ​បេសកកម្ម​អវកាស​អាមេរិក​បាន​ពន្យល់​ថា ហេតុផល​នៃ​ការ​ពន្យារពេល​ស្នាក់នៅ គឺ​ដើម្បី​ទាញ​យក​បទពិសោធន៍​ពី​បេសកកម្ម​រយៈពេល​យូរ។

សូមជម្រាប​ថា អនាគត​ស្ថានីយ៍អវកាស​ចិន​ឈ្មោះ​ធានកុង​នឹង​គ្រោង​សាងសង់​រួច​នា​ដំណាច់​ឆ្នាំ ២០២២។ តែ​ចាប់​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២២ ចិន​ត្រូវ​មាន​បេសកកម្ម​អវកាស​ចំនួន ១១ ដង។ បើ​សរុប​ទៅ បេសកម្ម​បញ្ជូន​អវកាសយានិក​ថ្មី​ចំនួន ៣នាក់​តាម​រយៈ​យាន​ស្ហ៊ីនចូវ​ទី ១៣ ពេល​នេះ គឺ​ទើប​ជា​បេសកកម្មទី៥ ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ