អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង-ជំនួប​កំពូល​អន្តរ​កូរ៉េ

ប្អូន​ស្រី​របស់​គីម ជុង​អ៊ុន​ថា​ជំនួប​កំពូល​អន្តរ​កូរ៉េ​អាច​នឹង​ប្រព្រឹត្ត​ទៅ​បាន​បើ​មាន​ការ​គោរព​គ្នា

ប្អូន​ស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេ​ដឹកនាំ​កូរ៉េខាង​ជើង​គីម ជុងអ៊ុន​ បាន​ចេញ​មុខ​និយាយ​កាលពី​ថ្ងៃសៅរ៍​ ២៥ កញ្ញាម្សិលមិញថា​ ទីក្រុង​ព្យុងយ៉ាង​មាន​ឆន្ទៈ​ចង់​ពិចារណា​រៀបចំ​ជំនួប​កំពូល​អន្តរកូរ៉េ​ជាមួយ​ស៊េអូល​។ ប៉ុន្តែ​ជំនួប​នេះ​អាច​នឹង​កើត​ឡើងបាន​លុះត្រាតែ​មាន​គោរពគ្នា​ទៅវិញទៅមក​ និង​គ្មាន​ភាព​លម្អៀង​ណាមួយ​រវាង​ប្រទេស​ទាំងពីរ​។

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន និងប្អូនស្រី គីម យ៉ូជុង។
មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន និងប្អូនស្រី គីម យ៉ូជុង។ Korea Summit Press Pool Korea Summit Press Pool/AFP/Archivos
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃសៅរ៍​គឺការ​ចេញមុខ​ជាលើក​ទីពីរ​របស់​លោកស្រី គីម យ៉ូជុង​ ប្អូនស្រីដ៏​មានឥទ្ធិពល​និងជា​ទីប្រឹក្សា​ដ៏សំខាន់​របស់​មេដឹកនាំកូរ៉េខាងជើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗគ្នា​។

កាលពីថ្ងៃសុក្រ​ លោកស្រី យ៉ូជុង​ បាន​ប្រាប់​ទីក្រុង​សេអ៊ូល​ឲ្យ​បញ្ចប់​នូវ​គ្រប់​គោល​នយោបាយ​អរិភាព​របស់ខ្លួន​ចំពោះ​ទីក្រុងព្យុងយ៉ាង​ ក្រោយ​ពេលដែល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកមូន ចែអ៊ីន​ អំពាវនាវឲ្យ​មាន​ការ​ប្រកាស​បញ្ចប់​ជាផ្លូវការ​នូវស្ថានភាព​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​។

ជំនួប​កំពូល​អន្តរ​កូរ៉េ​រវាង​មេដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុន​ និង​លោក មូន ចែអ៊ីន​ ប្រធានាធិបតី​កូរ៉េខាងត្បូង​អាចនឹង​ប្រព្រឹត្តធ្វើទៅបាន​ លុះត្រាតែ​ការ​គោរព​គ្នា​ទៅវិញទៅមក និងភាពស្មើភាពគ្នា​ត្រូវ​បានធានា​។ នេះ​គឺ​ការ​លើកឡើង​របស់​លោកស្រី គីម យ៉ូជុង​ ដែលត្រូវ​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ KCNA​។

បន្ថែមលើនេះ​ ប្អូនស្រីរបស់គីម ជុងអ៊ុនបានលើកឡើងដែរ​ថា​កិច្ច​ប្រជុំ​កំពូល ក៏ដូចជា​ការ​ពិភាក្សា​អំពីសេចក្តី​ប្រកាស​បញ្ចប់​សង្គ្រាម​អាច​ត្រូវ​បានរៀបចំឡើង​នៅវេលា​កំណត់​ណាមួយ​ តាម​រយៈការពិភាក្សា​រលូតល្អ​រវាង​ប្រទេស​ទាំងពីរ​។ តែវាមិនមែន​កើតឡើង តាម​រយៈ​ការរិះគន់​ចាប់កំហុស​និង​ធ្វើសង្គ្រាមពាក្យសំដីនឹងគ្នា​ទៅវិញទៅមក​ឡើយ​។

លោកស្រី​ ក៏បាន​បញ្ជាក់​ពីការ​អំពាវនាវ​របស់​ព្យុងយ៉ាងជាថ្មី​ ឲ្យកូរ៉េខាងត្បូង​ទម្លាក់​ចោល​នូវ ស្តង់ដារពីរ​មិនស្មើគ្នាដែល​លោកស្រីចង់​សំដៅដល់​ការរិះគន់​របស់​លោក មូន ចែអ៊ីន ចំពោះ​ការបាញ់សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ ខណៈដែលកូរ៉េខាងត្បូងខ្លួនឯង​ក៏បាន​បាញ់​សាកល្បង​មីស៊ីលបាលី​ស្ទិកពី​នាវាមុជទឹកដែរ​ កាលពី​សប្តាហ៍មុន​។

គួររំឭកថា​ សង្គ្រាមកូរ៉េឆ្នាំ​ ១៩៥០-៥៣​ បាន​បញ្ចប់ដោយ​បទឈប់បាញ់​ មិនមែន​សន្ធិសញ្ញា​សន្តិភាពទេ​។ មកទល់នឹងពេលនេះ​ សន្ធិសញ្ញា​សន្តិភាព​នេះនៅតែ​មិន​ទាន់​ត្រូវ​បាន​ភាគី​ជម្លោះ​ចុះហត្ថលេខា​ ដែលជាហេតុធ្វើឲ្យ​ឧបទ្វីបកូរ៉េ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាមរហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ននេះ​បើ​និយាយ​តាមផ្លូវច្បាប់​។

មួយវិញទៀត ទំនាក់ទំនង​រវាងកូរ៉េខាងជើង​និងកូរ៉េខខាងត្បូង​ ត្រូវ​បាន​កាត់ផ្តាច់​ទៅទៀត​ ក្រោយ​​ជំនួប​ពូលលើកទី២​ រវាង​អាមេរិក-ខាងជើង នៅទីក្រុងហាណូយ​កាលពីខែកុម្ភៈ​ ឆ្នាំ ២០១៩ ទទួលបរាជ័យដោយសារតែ​ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និង​គីម ជុងអ៊ុន​មិន​ត្រូវរ៉ូវគ្នា​និង​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​ជាមួយគ្នា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ