អានតួអត្ថបទ
ឥណ្ឌា-វ៉ាក់សាំងកូវីដ១៩

ឥណ្ឌា​នឹង​នាំ​ចេញ​វ៉ាក់​សាំង​កូវីដ​​៨​លាន​ដូស​ក្នុង​ខែ​តុលា​ខាង​មុខ

ប្រទេស​ឥណ្ឌា​នឹង​នាំចេញវ៉ាក់សាំង​បង្ការ​កូវីដ​ចំនួន​៨ លានដូស​នៅត្រឹម​ចុងខែ​តុលា​ខាងមុខ​ បន្ទាប់ពី​បញ្ចប់​វិធានការ​បិទ​ខ្ទប់​ការ​នាំ​ចេញ​ថ្នាំ​បង្ការ​មួយ​រយៈ​រួចមក​។ នេះ​បើ​យោងទៅតាម​ការ​ឲ្យដឹងពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេសឥណ្ឌា​ម្នាក់​នៅថ្ងៃសៅរ៍​ ទី ២៥​ ខែកញ្ញា​ ឆ្នាំ២០២១​។

ឥណ្ឌានឹងបន្តការនាំចេញវ៉ាក់សាំងឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌីបានសន្យាជាមួយសម្ព័ន្ធមិត្តចតុភាគីថានឹងបញ្ជូនវ៉ាក់សាំងទៅបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។
ឥណ្ឌានឹងបន្តការនាំចេញវ៉ាក់សាំងឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌីបានសន្យាជាមួយសម្ព័ន្ធមិត្តចតុភាគីថានឹងបញ្ជូនវ៉ាក់សាំងទៅបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។ POOL GETTY IMAGES NORTH AMERICA/AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ​មេដឹកនាំ​បក្សសម្ព័ន្ធចតុភាគី​ ជាមួយ​សហរដ្ឋអាមេរិក​ ជប៉ុន​ និង​អូស្ត្រាលី​ ក្នុង​ទីក្រុងវ៉ាស៊ីនតោន​ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ ណារិនដ្រា ម៉ូឌី​ បាន​សន្យាថា​ប្រទេសឥណ្ឌា​នឹង​ផ្តើមបន្ត​ណើរការ​នាំចេញ​វ៉ាក់សាំង​កូវីដ​ទៅក្រៅ​ប្រទេសឡើងវិញ​។

បើ​តាម​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា​ លោក​ហាស​ វ៉ាដាន​ ស៊ីងឡា​ (Harsh Vardhan Shringla) វ៉ាក់សាំង​ដែល​ឥណ្ឌា​ នឹងនាំ​ចេញឆាប់ៗនេះ​ គឺ​ Johnson & Johnson ដែលជា​ប្រភេទ​វ៉ាក់សាំង​ត្រូវ​ការចាក់​តែមួយដូស​។ ហើយ​ភាគច្រើន​នៃ​វ៉ាកសាំងទាំងនេះ​នឹង​ត្រូវ​ដឹកបញ្ជូន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ីប៉ាស៊ីហ្វិក​។

កាល​ពី​ថ្ងៃសៅរ៍ម្សិលមិញ​ លោក​រដ្ឋមន្ត្រីការ​បរទេសឥណ្ឌា​បាន​ប្រាប់​ក្រុម​អ្នកកាសែតថា​ដំណើរ​ដឹក​បញ្ជូនវ៉ាក់សាំង​ទៅកាន់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នឹង​ធ្វើឡើងយ៉ាងឆាប់​រហ័ស​ និងអាច​រួចរាល់​នៅចុងខែតុលាខាងមុខ​។

គួរ​ជម្រាបជូនថា​ ឥណ្ឌាគឺជាប្រទេស​ ផលិត​វ៉ាក់សាំង​ធំ​បំផុតមួយ​នៅលើ​ពិភពលោក​ និងបាន​សន្យា​កាលពីដើមឆ្នាំ​ ២០២១នេះ​ថា​ នឹងនាំចេញវ៉ាក់សាំង​ប្រឆាំងកូវីដ​ឲ្យបាន​ដល់មួយ​ពាន់លានដូស​ នៅត្រឹមខែធ្នូ​ ឆ្នាំ ២០២២​។

ក៏ប៉ុន្តែ​ ដោយសាររងគ្រោះខ្លាំងពីរលកឆ្លងកូវីដនៅក្នុងស្រុក​ រដ្ឋាភិបាល​ក្រុងញូវដែលី​កាលពីខែឧសភា​បាន​ប្រកាសផ្អាកការនាំចេញវ៉ាកសាំង​ដើម្បីផ្តល់​អាទិភាព​ដល់​ការ​ចាក់វ៉ាក់សាំងជូន​ប្រជាជនខ្លួនវិញ​។

ក្រោយមកទៀត​ ដោយមើលឃើញថា​ករណីឆ្លងនិងការ​ស្លាប់​ដោយសារ​ជំងឺកូវីដ​បាន​ថយចុះ​ ទើបរដ្ឋ​អំណាច​ឥណ្ឌា​សម្រេច​លុបចោល​វិធានការ​ហាមឃាត់ការ​នាំចេញវ៉ាក់សាំង​របស់ខ្លួន​នៅសប្តាហ៍នេះ​។

គួររំឭកថា​ ប្រទេស​ឥណ្ឌាបាន​រងគ្រោះពី​រលក​ឆ្លងកូវីដយក្ស​ និង​ខ្វះខាត​វ៉ាក់សាំងខ្លាំង​ នៅចន្លោះ​ខែមីនា​ និង​ខែ​ឧសភា​ ដែល​កាលណោះ​មាន​ប្រជាជនឥណ្ឌារាប់​លាន​អ្នក​បាន​ឆ្លង​កូវីដ​ ហើយ​មាន​ស្លាប់​យ៉ាងហោច​ ២៥ ម៉ឺននាក់​។

បច្ចុប្បន្ននេះ​ មាន​វ៉ាក់សាំង​ចំនួនជិត​ ៨៤០ លានដូស​ ត្រូវបាន​អាជ្ញាធរ​ឥណ្ឌា​ ចាក់​ជូន​ប្រជាជន​។ មាន​ប្រជាជន​ពេញវ័យ​ឥណ្ឌាជិត​ពាក់កណ្តាល​ បាន​ចាក់វ៉ាក់សាំង​មួយដូស​ ហើយមាន​១៦ %​បាន​ទទួល​ការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ​ដូសទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ