អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖ កីឡាករ​ប្រដាល់ ម៉ានី ប៉ាក់គីយ៉ាវ ប្រកាស​ឈរឈ្មោះ​ជា​ប្រធានាធិបតី

កំពូលកីឡាករប្រដាល់ដ៏ល្បីហ្វីលីពីន ម៉ានី ប៉ាក់គីយ៉ាវ បានប្រកាសកាលពីថ្ងៃអាទិត្យ ទី​១៩កញ្ញាម្សិលមិញ ថាខ្លួន​នឹងឈរឈ្មោះ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីអាណត្តិក្រោយ។ កីឡាករប្រដាល់ ដ៏មានប្រជាប្រិយភាព​រូបនេះ នឹងគឺជាបេក្ខជនប្រធានាធិបតី របស់គណបក្សមួយ​ ដែលផ្សំឡើងដោយ​ក្រុមមនុស្ស​ផ្តាច់ខ្លួន ចេញពីគណបក្សរបស់​លោកប្រធានាធិបតី ឌុយទែរតឺ។

លោក Manny Pacquiao ពេល​ប្រកាស​បេក្ខភាពប្រធានាធិបតី នៅថ្ងៃទី ១៩ កញ្ញា ២០២១
លោក Manny Pacquiao ពេល​ប្រកាស​បេក្ខភាពប្រធានាធិបតី នៅថ្ងៃទី ១៩ កញ្ញា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានប្រកួតជាលើកចុងក្រោយបង្អស់ នៅ Las Vegas កាលពីថ្ងៃ​ទី​២២សីហា កីឡាករប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីយ៉ាវ Manny Pacquiao បាន​ប្រកាសនៅថ្ងៃទី​១៩កញ្ញា ថាខ្លួន​នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីន តំណាងឲ្យ​គណបក្ស PDP-Laban។

បច្ចុប្បន្នមានអាយុ៤២ឆ្នាំ ម៉ានី ប៉ាក់គីយ៉ាវ មានប្រជាប្រិយភាព​យ៉ាងខ្លាំងនៅហ្វីលីពីន។ ជាអតីតក្មេងក្រីក្រ រស់នៅតាមចិញ្ចើមផ្លូវ ម៉ានី ប៉ាក់គីយ៉ាវ បាន​ចូលហាត់រៀនកីឡាប្រដាល់អាជីព នៅឆ្នាំ​១៩៩៥ មុននឹងសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗ នៅលើឆាកអន្តរជាតិ។ ម៉ានី ប៉ាក់គីយ៉ាវ គឺជាកីឡាករ​ប្រដាល់តែម្នាក់គត់ ដែលបានទទួលខ្សែក្រវ៉ាត់ ជើងឯកពិភពលោក កម្រិតទំងន់៨ខុសៗគ្នា។ ទ្រព្យសម្បត្តិ​របស់​កីឡាកររូបនេះ ត្រូវគេប៉ាន់ស្មានថា មានប្រមាណ​៥០០លានដុល្លារ។

ម៉ានី ប៉ាក់គីយ៉ាវ បានសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយ នៅឆ្នាំ​២០១០ នៅក្នុង​គណបក្សរបស់​លោកប្រធានាធិបតី ឌុយទែរតឺ។ បន្ទាប់ពីជាប់ឆ្នោតជាសមាជិកសភា កំពូលកីឡាកររូបនេះ បានជាប់ឆ្នោតជាសមាជិក​ព្រឹទ្ធសភាហ្វីលីពីន នៅឆ្នាំ​២០១៦។ ម៉ានី ប៉ាក់គីយ៉ាវ បានឃ្លាតឆ្ងាយ​បន្តិចម្តងៗ ពី​លោកឌុយទែរតឺ បន្ទាប់ពីខ្លួន​ធ្លាប់បានចេញមុខរិះគន់ លោក​ឌុយទែរតឺ ជាសាធារណៈ ច្រើនដង ទាក់ទិនអំពើពុករលួយ ព្រមទាំងបញ្ហា​សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ម៉ានី ប៉ាក់គីយ៉ាវ មានទំនោរនយោបាយបែប​ប្រជានិយម ដោយ​ធ្លាប់បាន​ប្រកាសអំពីគំនិតគាំទ្រ ទោសប្រហារជីវិត និង​ប្រឆាំងចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ នៅក្នុងពេល​ប្រកាសបេក្ខភាពខ្លួន ម៉ានី ប៉ាក់គីយ៉ាវ បានអះអាងផងដែរ ថាបើខ្លួនឈ្នះឆ្នោត ខ្លួននឹងសាងសង់គុកមួយដ៏ធំ​ ដើម្បីចាប់អូសក មន្ត្រី​ពុករលួយ​ទាំងអស់ដាក់បញ្ចូលនៅទីនោះ។

ថ្វីបើ​មានប្រជាប្រិយភាពខ្លាំង ក្នុងចំណោម​ប្រជាជនក្រីក្រ បេក្ខភាព​របស់​​ ម៉ានី ប៉ាក់គីយ៉ាវ មិន​ប្រាកដថាអាចឈ្នះឆ្នោត​ដោយ​ងាយ​ស្រួលនោះទេ។ តាមការរំពឹងទុក មានបេក្ខជន២ទៀត ក៏អាចមាន​កម្លាំងគួរសមដែរ គឺលោក Christopher Lawrence សមាជិកសភាមកពី​បក្ស លោកឌុយទែរតឺ និង​កូនស្រីរបស់​លោកឌុយទែរតឺផ្ទាល់តែម្តង​ មកពីគណបក្សផ្សេងមួយទៀត។ ដោយឡែក លោកឌុយទែរតឺ ដែល​​មិនអាច​ឈរឈ្មោះ​មួយអាណត្តិទៀតបាន បានប្រកាសថាលោក​នឹង​ឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតដាច់ដោយ​ឡែកមួយទៀត ដើម្បីបន្តប្រតិបត្តិការ​បោសសំអាតគ្រឿងញៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ