អានតួអត្ថបទ
ចិន-អវកាស

ចិន៖បេសកកម្មត្រឡប់ដល់ផែនដីប្រកបដោយជោគជ័យរបស់អវកាសយានិកចំនួន ៣នាក់ពីស្ថានីយ៍អវកាសចិន

នៅ​ថ្ងៃ​សុក្រ ទី១៧ កញ្ញា អវកាសយានិក​ចិន​ចំនួន ៣នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ដល់​ផែនដី​វិញ​ប្រកប​ដោយ​ជោគជ័យ។ កាប់ស៊ុល​ដឹក​អវកាសយានិក​ទាំង ៣នាក់​បាន​ចុះ​ចត​នៅ​លើ​វាលខ្សាច់​ហ្គោប៊ី។ ការ​ចុះ​ចត​នេះ​ត្រូវ​បាន​គេ​ថត និង​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធ័រនែត​ដោយ​មាន​ពលរដ្ឋ​ចិន​ជិត ៣០០លាននាក់​តាម​ទស្សនា។ ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ចិន​ចាត់​ទុក​ជា​មោទនភាពជាតិ។ គួរ​រម្លឹក​ថា អវកាសយានិក​ចិន​ចំនួន ៣នាក់​បាន​ទៅ​បំពេញ​បេសកកម្ម​រយៈពេល ៣ខែ​នៅ​លើ​ស្ថានីយអវកាស​របស់​ចិន។

បេសកកម្មត្រឡប់ដល់ផែនដីប្រកបដោយជោគជ័យរបស់អវកាសយានិកចិនចំនួន ៣នាក់ពីស្ថានីយ៍អវកាសចិន
បេសកកម្មត្រឡប់ដល់ផែនដីប្រកបដោយជោគជ័យរបស់អវកាសយានិកចិនចំនួន ៣នាក់ពីស្ថានីយ៍អវកាសចិន via REUTERS - REUTERS TV
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ចុះ​ដល់​ផែនដី​វិញ អវកាសយានិក​ចិន​ទាំង ៣នាក់​ត្រូវ​ធ្វើ​ចត្តាឡីសក​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ទេ។ តែ​ជា​ចត្តាឡីសក​ដើម្បី​ឲ្យ​ពួក​គេ​រក​ឃើញ​ឡើង​វិញ​នូវ​ភាព​ស៊ាំ​របស់​ផែនដី ព្រោះ​ថា ភាព​ស៊ាំ​នេះ​បាន​ចុះ​ខ្សោយ​ក្រោយ​ពី​ពួក​គេ​បាន​ស្ថិត​នៅ​លើ​អវកាស​អស់​រយៈពេល ៣ខែ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ហ័ង វេហ្វេន អ្នក​ទទួល​ខុស​ម្នាក់​នៃ​កម្មវិធី​អវកាស​ស្នាក់នៅ​របស់​ចិន។ សម្រាប់​ចិន បេសកកម្ម​រយៈពេល ៣ខែ នៅ​លើ​អវកាស​ជា​ការ​បំបែក​កំណត់ត្រា និង​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត។

ព្រឹត្តិការណ៍​ត្រឡប់​មក​ផែនដី​វិញ​របស់​អវកាសយានិក​ចិន​ទាំង ៣រូប​តាម​រយៈ​កាប់ស៊ុល​មួយ​នា​ថ្ងៃ​សុក្រ ទី១៧ កញ្ញា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ​បាន​គេ​ថត និង​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធ័រនែត​ដោយ​មាន​ការ​តាម​ទស្សនា​ពី​ពលរដ្ឋ​ចិន​ចំនួន ២៩០លាននាក់។ ការ​ចុះ​ក្នុង​ចម្ងាយ​ផ្លូវ ៣៩៣គីឡូម៉ែត្រ កាប់ស៊ុល​បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿន ៧,៩គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី។ គឺ​នៅ​វេលា​ម៉ោង ១ និង ៣៤នាទី​រសៀល​ម៉ោង​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​កាប់ស៊ុល​បាន​ទម្លាក់​ខ្លួន​នៅ​លើ​វាលខ្សាច់​ស្ថិត​ក្នុង​ខេត្ត​ម៉ុងហ្គោលី​ខាង​ក្នុង​របស់​ចិន។

គេ​ត្រូវ​រង់ចាំ​អន្តរាគមន៍​រួចរាល់​របស់​ក្រុម​គ្រូពេទ្យ​ទើប​អវកាសយានិក​ទាំង ៣រូប​អាច​ចេញ​ពី​កាប់ស៊ុល​របស់​ពួក​គេ​បាន។ ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ចិន​ចាត់​ទុក​ជា​មោទនភាពជាតិ។ គួរ​រម្លឹក​ថា បេសកកម្ម​របស់​យានអវកាស Shenzhou-១២ ជា​បេសកកម្ម​ស្នាក់នៅ​ទី១ របស់​ចិន​គិត​តាំង​ពី​ជិត ៥ឆ្នាំ​កន្លង​ទៅ។ ក្រៅ​ពី​ជា​មោទនភាពជាតិ ជោគជ័យ​មួយ​នេះ​ក៏​ជា​កិត្យានុភាព​សម្រាប់​គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​បាន​ប្រារព្ធខួប ១០០ឆ្នាំ​ក្នុង​ឆ្នាំ ២០២១ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ