អានតួអត្ថបទ
អាកាសធាតុ

អាមេរិក​និង​ជប៉ុន រួមគ្នា​បញ្ចុះបញ្ចូល​ចិន ឲ្យ​​ចូលរួម​កាន់តែ​ច្រើន ក្នុងការ​កាត់​បន្ថយ​ឧស្ម័ន​​កាបូនិក

លោកចន ឃែរី ប្រេសិតពិសេសរបស់រដ្ឋាភិបាល​អាមេរិក ទទួលបន្ទុក​កិច្ចការអាកាសធាតុ បាន​ទៅ​ជួប​រដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ មុននឹងទៅជួប​ភាគីចិន នៅទីក្រុងធានជីង។ ជប៉ុន និង អាមេរិក បានរួមគ្នា​សន្យាថា នឹង​ស្នើសុំទៅចិន ឲ្យ​បន្ថែមការប្រឹងប្រែង ក្នុងការកាត់បន្ថយ​ឧស្ម័នកាបូនិក ដើម្បីចូលរួម​កាត់បន្ថយ​កំដៅផែនដី។ ដំណើរទៅជួបនិយាយ​ របស់​លោកចន ឃែរី នៅជប៉ុននិងនៅចិននេះ គឺដើម្បីត្រៀម​រៀបចំ ​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP26 ដែលនឹង​បើក​នៅ​ខែ​វិច្ឆិកាខាងមុខ ខណៈដែល អាមេរិក ចិន ជប៉ុន គឺជាប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិក ច្រើនជាងគេបំផុត។

លោក John Kerry ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga នៅក្រុងតូក្យូ ថ្ងៃទី ៣១ សីហា ២០២១ ដើម្បីនិយាយអំពីការសន្យា​ ប្រឹងប្រែងកាត់បន្ថយ​ឧស្ម័ន​កាបូនិក។
លោក John Kerry ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga នៅក្រុងតូក្យូ ថ្ងៃទី ៣១ សីហា ២០២១ ដើម្បីនិយាយអំពីការសន្យា​ ប្រឹងប្រែងកាត់បន្ថយ​ឧស្ម័ន​កាបូនិក។ AP - Behrouz Mehri
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិត​របស់​ក្រសួងការបរទេសអាេមរិក លោក ចន ឃែរី បានជួបនិយាយជាមួយ​ភាគីជប៉ុន ដើម្បី​លើកឡើងអំពី​ការប្រឹងប្រែងចូលរួម​ ទាំងទ្វេរភាគី និង​ពហុភាគី ក្នុង​យុទ្ធនាការ​កាត់បន្ថយ​កំដៅផែនដី។ ចេញពីក្រុងតូក្យូ លោក ចន ឃែរី នឹងបន្តដំណើរទៅជួប​លោក រដ្ឋមន្ត្រីការបរទេសចិន នៅទីក្រុងធានជីង។

នៅក្នុងសន្និសីទកាសែត ក្រោយជួប​ជាមួយ​លោក ចន ឃែរី​ លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថា ជប៉ុន និងអាមេរិក​នឹងរកវិធីបញ្ចុះបញ្ចូល សុំឲ្យ​រដ្ឋាភិបាលចិន ចូលរួម​ឲ្យ​បានច្រើនជាងនេះ។ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បន្ថែមថា ចិនគឺជាប្រទេសបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេបង្អស់ ហើយ​ក៏​ជាមហាអំណាចសេដ្ឋកិច្ច​លំដាប់ទី​២ទៀត។ ដូច្នេះ វាជារឿងចាំបាច់​ ដែលយើងត្រូវរំលឹក ឲ្យចិន​បានយល់ដឹង ពីទំនួល​ខុសត្រូវរបស់ខ្លួន ទាក់ទិននឹងវិបត្តិអាកាសធាតុ។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ នឹងចាប់ផ្តើមបើកនៅខែ​វិច្ឆិកា នៅទីក្រុងហ្កាសកូវ តំបន់អេកូស។ លោក ចន ឃែរី កំពុងតែព្យាយាមបញ្ចុះបញ្ចូល ឲ្យ​ប្រទេសធំៗ ដែល​បញ្ចេញឧស្ម័នកាបូនិក​​ច្រើនបំផុតនោះ ឲ្យ​ចូលរួម​ប្រឹងប្រែងបន្ថែមទៀត នៅក្នុងការទប់សីតុណ្ហភាព​ផែនដី​។

ក្នុងនាមជាប្រទេសបញ្ចេញ​ឧស្ម័នកាបូនិក​ច្រើន​លំដាប់ទី​៣ ជប៉ុន​បាន​ប្តេជ្ញាថានឹងឈានទៅ​សម្រេច​ កម្មវត្ថុអព្យាក្រិត្យភាព​កាបូន នៅឆ្នាំ​២០៥០។ តែយ៉ាងណា​ ជប៉ុន​កំពុងតែ​ងាក​ទៅ​ប្រើប្រាស់ថាមពល​​ធ្យូងថ្ម ជំនួស​ឲ្យ​​ថាមពល​​នុយក្លេអ៊ែរ បន្ទាប់ពី​​ជួប​​​មហន្តរាយ​នុយក្លេអ៊ែរ Fukushima ដោយសារ​រលក​យក្សស៊ូណាមី នៅឆ្នាំ​២០១១។ ចំណែកចិនវិញ បានកំណត់អព្យាក្រិត្យភាព​​កាបូន​​នៅឆ្នាំ​២០៦០។ តែយ៉ាងណា​ចិនទើបតែបានប្រកាសពីការប្រឹងប្រែងបន្ថែម ដោយដំឡើង​ភាគរយ​នៃការ​កាត់​បន្ថយ​ឧស្ម័នកាបូនិក ពី២៦% ទៅ៤៦% នៅ​រវាង​​ឆ្នាំ​​២០៣០។ ការប្រឹងប្រែង​របស់ចិន​នេះ ត្រូវបាន​​លោកចន ឃែរីអបអរផងដែរ។

ទោះជាយ៉ាងនេះក្តី ការសន្យារបស់ប្រទេសធំៗ ហាក់​ដូចជា​នៅឆ្ងាយ មិនទាន់គ្រប់គ្រាន់ទេ​ក្នុងការទប់​ការកើនសីតុណ្ហភាពផែនដី។ យោងតាម​របាយការណ៍របស់​អ្នកជំនាញអាកាសធាតុ នៃអង្គការសហប្រជាជាតិ (Giec) ផែនដីយើង នឹងឡើងកំដៅចំនួន ១.៥°c នៅរវាងឆ្នាំ​២០៣០ បើប្រៀបធៀបទៅនឹង​កម្រិតសម័យ​បុរេឧស្សាហកម្ម។ ពោលគឺការកើនឡើងនេះលឿនរហ័ស ជាងការរំពឹងស្មានទុក ដល់ទៅ១០ឆ្នាំ។ អ្នកជំនាញអះអាងថា មនុស្ស​គឺជាដើមហេតុនៃបញ្ហានេះ។ ដូច្នេះ​ប្រសិន​បើចង់កាត់បន្ថយផលប៉ាល់ពាល់​ផ្នែកអាកាសធាតុ គឺត្រូវតែមនុស្សខ្លួនឯង ប្រឹងប្រែងកាត់បន្ថយឧស្ម័នកាបូនិក ឲ្យ​បានច្រើនបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ