អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

សកម្មជនសិទ្ធិមនុស្សអាហ្វហ្កានីស្ថាន៖ការសម្រេចរបស់អាមេរិក និងសហគមន៍អន្តរជាតិជាការសម្រេចដ៏អាក្រក់

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​កំពុង​បន្ត​កកកុញ​ដោយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ដែល​កំពុង​ព្យាយាម​ចូល​ក្នុង​អាកាសយានដ្ឋាន។ ទន្ទឹម​គ្នា​នេះ ប្រតិបត្តិការ​ជម្លៀស​ជនបរទេស និង​ប្រជាជន​អាហ្វហ្កានីស្ថាន​ក៏​កំពុង​បន្ត​មាន​យ៉ាង​សកម្ម ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​រក្សា​ទុក​ថ្ងៃទី៣១ សីហា​ជា​ថ្ងៃ​នៃ​ការ​ដកទ័ព​អាមេរិក​ទាំង​អស់​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។ ការ​សម្រេចចិត្ត​របស់​លោក​បៃដិន​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន​ភាគ​ច្រើន​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក ពិសេស​ក្រុម​សកម្មជន​សិទ្ធិមនុស្ស។ សកម្មជនសិទ្ធិមនុស្ស​ម្នាក់​ដែល​សុំ​លាក់​អត្តសញ្ញាណ​បាន​យល់​ឃើញ​ថា អវត្តមាន​កម្លាំងបរទេស​នៅ​អាហ្វហ្កានីស្ថាន​នឹង​នាំ​ផលវិបាក​ធំៗ​ដល់​ប្រទេស និង​ប្រជាជន​អាហ្វហ្កានីស្ថាន​ជា​ថ្មី។ តាម​សកម្មជនសិទ្ធិមនុស្ស​រូប​នេះ​ដដែល ការ​សម្រេចចិត្ត​របស់​អាមេរិក និង​សហគមន៍អន្តរជាតិ​ជា​ការ​សម្រេចចិត្ត​ដ៏​អាក្រក់។

ស្រ្តីអាហ្វហ្កានីស្ថានក្នុង​របបតាលីបង់​ត្រូវ​រុំមុខជិត​ទុក​តែ​ប្រលោះភ្នែក​នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ។
ស្រ្តីអាហ្វហ្កានីស្ថានក្នុង​របបតាលីបង់​ត្រូវ​រុំមុខជិត​ទុក​តែ​ប្រលោះភ្នែក​នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ។ Hoshang Hashimi AFP
ផ្សាយពាណិជ្ជកម្ម

« គឺ​ជា​បញ្ហា​ធំ​មួយ​សម្រាប់​អាមេរិក និង​សហគមន៍​អន្តរជាតិ។ ពួក​គេ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​អស់​រយៈពេល ២០ឆ្នាំ។ ពួក​គេ​បាន​គ្រប់គ្រង​ប្រទេស និង​បាន​ជួយ​យើង។ សេចក្តីសម្រេច​ដក​ទ័ព​របស់​ពួក​គេ​ជា​សេចក្តីសម្រេច​អាក្រក់។ ពួក​គេ​មិន​បាន​កំចាត់​ពួក​តាលីបង់​ឲ្យ​ដល់​ឫសគល់ មិន​បាន​កំចាត់​ភេរវនិយម និង​មិន​បាន​បំបាត់​ភាព​រើសអើង​ពូជសាសន៍​ដែល​កំពុង​មាន​វត្តមាន​ខ្លាំង​នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ឡើយ។ ពួក​គេ​មិន​បាន​ប្រយុទ្ធប្រឆាំង​ទេ ហើយ​បញ្ហា​ធំ​ទាំង​អស់​នេះ​នឹង​ត្រឡប់​មក​វិញ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

យើង​ត្រូវ​ការ​កម្លាំងទ័ព​អាមេរិក។ បើ​ពួក​គេ​ចាកចេញ​អស់​ទៅ មាន​មនុស្ស​យ៉ាង​ច្រើន​នឹង​ទទួល​រង​គ្រោះ​ដោយ​អំពើភេរវកម្ម។ យើង​កំពុង​ទទួល​រង​ទុក្ខ និង​ការ​ឈឺចាប់​ដោយ​ទង្វើ​នេះ​រួច​ទៅ​ហើយ។ យើង​មិន​ដឹង​ថា តើ​យើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ទេ។ ខ្ញុំ​ជា​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់ ហើយ​ពួក​តាលីបង់​បាន​ព្រមាន​ខ្ញុំ​ដោយ​សួរ​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​នឹង​ពួក​គេ​នៅ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ ខ្ញុំ​បាន​លាក់ខ្លួន ខ្ញុំ​កំពុង​រស់នៅ​ក្នុងជីវិត​អាថ៌កំបាំង។

ខ្ញុំ​មិន​ដឹង​ថា តើ​នឹង​ត្រូវ​ធ្វើ​អ្វី​ទេ។ ពួក​តាលីបង់​សម្លាប់​ក្រុម​សកម្មជនសិទ្ធិមនុស្ស សម្លាប់​មនុស្ស។ ពួក​តាលីបង់​ហាមឃាត់​ស្រ្តី​មិន​ឲ្យ​ទៅ​ធ្វើ​ការ មិន​ឲ្យ​ទៅ​សាលារៀន និង​មិន​ឲ្យ​ទៅ​សកលវិទ្យាល័យ។ ពួក​គេ​មិន​ជឿ​លើ​សិទ្ធិមនុស្ស​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ