អានតួអត្ថបទ
ចិន-កូវីដ១៩

អ្នក​ជំនាញចិនកំពុង​ចោទ​សួរ​អំពីប្រសិទ្ធភាព​នៃ​​យុទ្ធសាស្ត្រ​ “សូន្យកូវីដ”

គ្រាន់​តែ​រក​ឃើញ​មានករណី​វិជ្ជមាន​​មេរោគ​កូវីដបំប្លែងខ្លួន “ដែលតា” ភ្លាម អាជ្ញាធរចិនបាន​ចាត់​វិធានការ​បិទ​ខ្ទប់ និង​កំរិត​ការ​​ធ្វើ​ដំណើរ​យ៉ាង​តឹង​តែងភ្លាម ព្រមទាំង ​បាន​បើក​យុទ្ធនាការ​ធ្វើ​តេស្តទ្រង់ទ្រាយ​ធំទាំងសង្កាត់ៗ ឬ​ទាំង​​ក្រុង​ៗតែម្តង។ ជាក់ស្តែង​ នៅ​ទី​ក្រុង​វ៉ូហាន ទី​ដែល​មានផ្ទុះកូវីដ​ករណី​ដំបូង​គេ​បំផុត​​កាលពី ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩ យុទ្ធនាការ​ធ្វើ​តេស្តកូវីដ​​ លើ​ប្រជាពលរដ្ឋ​​ទាំង​ជាង​១១​លាន​នាក់​ ទើប​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ទី ៨ សីហា​ម្សិលមិញ។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ​ ក្រុម​អ្នក​ជំនាញ​ចិន បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ធ្វើការ​ពិចារណាឡើងវិញ​អំពី យុទ្ធសាស្ត្រ​ “ហ្សេរ៉ូកូវីដ ឬ​ សូន្យ​កូវីដ” ដើម្បី​សម្រប​ខ្លួន​រស់​ជាមួយ​កូវីដ។

រូបថតពេល​ក្រុង​វូហាន បើកយុទ្ធនាការ​ធ្វើ​តេស្ត​កូវីដ ទូទាំង​ក្រុង ​ថ្ងៃទី ៥ សីហានិង​ទើប​ចប់​នៅ​ថ្ងៃ៨​សីហា២០២១
រូបថតពេល​ក្រុង​វូហាន បើកយុទ្ធនាការ​ធ្វើ​តេស្ត​កូវីដ ទូទាំង​ក្រុង ​ថ្ងៃទី ៥ សីហានិង​ទើប​ចប់​នៅ​ថ្ងៃ៨​សីហា២០២១ AFP - STR
ផ្សាយពាណិជ្ជកម្ម

ជា​សំឡេង​ភាគ​តិច​នៅ​ឡើយ​ទេ ប៉ុន្តែ​​សំខាន់​ក្នុង​រង្វង់អ្នក​វិទ្យាសាស្ត្រ​។ បើ​តាម​សារព័ត៌មាន​ South China Morning Post ​ក្រុម​សកលវិទ្យា​ធិការ និងប្រធាន​មជ្ឈមណ្ឌលជាតិ​​ការពារ​និង​ត្រួត​ពិនិត្យ​ជំងឺ ដែល​ជា​អ្នក​​ជំនាញ​​រោគរាតត្បាត​​ បានជួប​​ពិភាក្សាគ្នា​ កាលពី​ថ្ងៃអាទិត្យ ទី ៨ សីហា ​អំពី​ប្រសិទ្ធភាព​នៃយុទ្ធសាស្ត្រ "ហ្សេរ៉ូកូវីដ" ដោយ​​ចង់​ឱ្យ​អាជ្ញាធរ​ប្តូរ​យុទ្ធសាស្ត្រ​ដើម្បី​សម្រប​ខ្លួន​រស់​ជាមួយ​កូវីដ។

សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ក្រុម​នេះ យុទ្ធសាស្ត្រ​ "០កូវីដ" ​​ជា​បន្ទុក​ដ៏​ធ្ងន់​ខ្លាំង និង​ពុំ​​បាន​ទាញ​​ប្រយោជន៍ពី​​ការ​ចាក់​ថ្នាំ​បង្ការទេ។ ម្យ៉ាង​វិញ​ទៀត​ ករណី​វិជ្ជមាន​កូវីដ​ឆ្លង​ថ្មី ភាគ​ច្រើន​ជា​ជំងឺស្រាល ដែល​មិន​គួរ​ណាក្លាយ​ជា​សម្ពាធ​និង​បង្ក​ភាព​ស្លន់ស្លោដល់​​សង្គម ដូច​អ្វី​ដែលមានកើត​ឡើង​នៅ​តាម​ខេត្ត​ក្រុង​ និង​នៅ​វូហាន​ មួយ​ខែ​កន្លង​មកនេះ​ទេ។

សូម​បញ្ជាក់​ថា ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​​នេះ ភូមិឋាន សង្កាត់​ក្រុង​ខ្លះ ត្រូវ​បិទ​ខ្ទប់ ប្រជាជន​ផ្អើ​លឆោទៅ​វិញឥវ៉ាន់​មកស្តុក​ទុក​ ... មាន​សណ្ឋាន​ដូច​ផ្ទុះកូវីដ​ដំបូង។ នេះ​មិន​និយាយ​អំពី​ការ​ដាក់ទណ្ឌកម្ម​ លើ​អ្នក​ទទួល​ត្រូវ​ខេត្ត​ជាង​សាមសិប​នាក់ ​ពី​បទ​គ្រប់​គ្រង​ស្ថានការណ៍​មិន​បានបណ្តោយ​ឱ្យ​មាន​ករណីឆ្លង​កូវីដ​ផង។

ប៉ុន្តែ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលចិន មិន​​គាំទ្រដាច់​ខាត ការ​ប្តូរ​យុទ្ធសាស្ត្រមក​រៀន​រួម​រស់​ជាមួយ​កូវីដ។ លោក​ជឿជាក់ជានិច្ច​ថាចិននឹង​​អាច​លុប​បំបាត់​កូវីដ​បាន ហើយ​​អាច​ដើរ​ចេញ​វិបត្តិ​កូវី​ដ តាម​រយៈ​យុទ្ធសាស្ត្រ​ "គ្មាន​កូវីដ​សោះឬ​សូន្យ​កូវីដ"។

យុទ្ធសាស្ត្រ ដែល​ជា​​វិធានការ​យ៉ាង​តឹង​តែង។ ការ​បិទខ្ទប់ កំរិត​ការ​ធ្វើ​ដំណើរ ដាក់​ពណ៌ឱ្យ​តំបន់​មួយទៅ​តាម​ស្ថានភាព​​មាន​ករណីវិជ្ជមាន​ជាតំបន់​ក្រហម ឬ​លឿងទុំ​ ដែល​អាច​ត្រលប់​មក​ជា​តំបន់​បៃតង​(ធម្មតា)វិញ​ដរាប​លែង​មានករណី​វិជ្ជមាន​សោះ​រយៈ​ពេល​១៤​ថ្ងៃ ​ លើក​ពេល​បើក​បវេសនកាល នៅ​ប៉េកាំង ឬ​បន្ត​បិទ​ទ្វារ​ទីកន្លែង​វប្បធម៌​​ជា​បណ្តោះ​អាសន្ន​ទៀត​សិន ... ចិន​ធ្វើ​គ្រប់​យ៉ាង​​ទាំង​អស់​ដើម្បី​ការពារ​និង​ទប់​ស្កាត់​មិន​ឱ្យ​មានករណី​វិជ្ជមានកូវីដ​ក្នុង​ទឹក​ដីខ្លួន​ជា​ថ្មី ជាពិសេស​គឺ​នៅ​រដ្ឋធានី​ប៉េកាំងតែម្តង។

វិធានការ​នេះ បាន​កំរិត​ការ​ចម្លង​កូវីដ​បំប្លែង​ខ្លួន​ដែលតា​ ឱ្យ​មាន​ត្រឹម៦០០​នាក់ (៨១នាក់​ក្នុង​មួយ​ថ្ងៃអាទិត្យ​ទី​៨​សីហា) ក្នុង​មួយ​ខែ​ និង​គ្មាន​ស្លាប់​ម្នាក់​សោះក្នុង​​រលក​ចម្លង​ថ្មី​​នេះ។ ដូច្នេះ​ គំនិត​ ចង់​ប្តូរ​ផ្លាស់យុទ្ធសាស្ត្រ "០កូវីដ"​ ពិត​ជា​ពិបាកទទួលណាស់​សម្រាប់​អាជ្ញាធរ​​ចិនដែល​ស្រមៃ​ចង់​​រៀប​ចំ​កីឡាអូឡាំពិក​រដូវ​រងារចុង​ឆ្នាំ​២០២២ដោយ​​មាន​ទស្សនិជន​ចូលរួម​យ៉ាង​ច្រើន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ