អានតួអត្ថបទ
ឥណ្ឌា-ទឹកជំនន់

ទឹក​ជំនន់​ទឹក​ភ្លៀង​កាន់​តែ​កំណាច ​បន្ទាប់​ពី​ចិន មាន​ស្លាប់យ៉ាង​ហោច​៦៧​នាក់នៅឥណ្ឌា

បី​ថ្ងៃ​ក្រោយ​ព្យុះ​ភ្លៀង នៅ​ចឹង​​ចូវ ចំនួន​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅភាគ​កណ្តាល​នៃ​​ប្រទេស​ចិន កើន​ឡើង​ យ៉ាង​ហោច​ដល់​៥៧​នាក់ បើ​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៣កក្កដា។ ហើយ ចិន​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែងថ្មី​មួយ​ទៀត។ ព្យុះ​សង្ឃរា​ In-Fa ​ នឹង​វាយបោក​បក់​លើ​ក្រុង​សៀងហៃ​និង​តំបន់​ឆ្នេរ​ជុំ​វិញ នៅ​ចុង​សប្តាហ៍​នេះ​។ ​អ្នក​ជំនាញ​ឧតុនិយម​បាន​ទាញ​សញ្ញា​អាសន្ន​លឿង​ទុំផង។ ចំណែក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​ ភាគ​ខាង​លិច មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៦៧​នាក់

ស្លាប់​យ៉ាង​ហោច​៦៧​នាក់​​ក្នុង​គ្រោះទឹក​ជំនន់ នៅ​ប្រទេស​ឥណ្ឌា​
ស្លាប់​យ៉ាង​ហោច​៦៧​នាក់​​ក្នុង​គ្រោះទឹក​ជំនន់ នៅ​ប្រទេស​ឥណ្ឌា​ - Indian Navy/AFP
ផ្សាយពាណិជ្ជកម្ម

ទឹកភ្លៀង​បាន​ធ្លាក់​ឥត​ឈប់ ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​ ​កម្ពស់​ទឹក​ភ្លៀង​បាន​ឡើង​ដល់​២០០មីល្លីម៉ែត្រ នៅ​តំបន់​ឆ្នេរ​ខាង​លិច និង​កន្លែង​ខ្លះ​ដល់​៩៥៤មីល្លឺម៉ែត្រ។ ទឹក​ទន្លេ​Vashishti​ នៃ​តំបន់​​ប៊ុមបេ បាន​ជន់​ជោរ​ ក្លាយ​ជា​ទឹក​ជំនន់​លិច តំបន់​ជុំ​វិញ​ និង​បង្ក​ឱ្យ​មាន​កា​រហូរ​បាក់​ដី​ យ៉ាង​ហោច​បី​កន្លែង។ ពលរដ្ឋ​រាប់​សិប​នាក់​ត្រូវ​ជាប់​កុន និង​យ៉ាងហោច​៣៦នាក់​បាន​ស្លាប់​ ព្រមទាំង​ជា​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន​ នៅ​ថ្ងៃ​សុក្រ​ទី​២៣​កក្កដា២០២១នេះ។ នៅ​កន្លែង​ខ្លះ​ត្រូវ​ជន់​លិច​ដល់​​កម្ពស់​បី​ម៉ែត្រ​កន្លះ។នេះ​បើ​តាម​ការ​ប្រកាស​របស់​ប្រមុខ​ដឹកនាំ​រដ្ឋ​មហារាស្ត្រា Maharashtra ដោយ​បញ្ជាក់​ថា ​ទំនប់​ បារាយ ស្ទឹង​ ក្នុង​តំបន់​សុទ្ធ​តែ​ជន់​ជោរ​ ទប់​លែង​ជាប់​ទាំង​អស់ ដែល​បង្ខំចិត្ត​ឱ្យ​អាជ្ញាធរ​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​​រស់​តាម​មាត់​ទឹក​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព។

​នៅ​ក្នុង​ក្រុង​ប៊ុមបេ ក្រុង​សេដ្ឋកិច្ច​របស់​ឥណ្ឌា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៣៤​នាក់​បាន​ស្លាប់ និង​ការ​បាក់​រលំអាគារ ផ្ទះ​សម្បែង ដោយ​សារ​កម្លាំង​ទឹកភ្លៀង​ហូរ​បាក់ដី។

ប្រឈម​នឹង​ស្ថានការណ៍​ដែល​ពុំ​បាន​ព្រាង​ទុក​នេះ យោធា​​ជើង​ទឹក ជើង​អាកាស បាន​បញ្ចេញ​កងទ័ព​មកធ្វើ​ប្រតិបត្តិការ​​សង្គ្រោះ។ ប៉ុន្តែ​ទំហំ​នៃ​គ្រោះ​មហន្តរាយ​ធំធេង​ខ្លាំង មាន​ការ​ហូរ​បាក់​ដី​ផង បាក់​ផ្លូវ​ បាក់ស្ពាន​ផង ផ្លូវ​ល្អ​ត្រូវ​លិច​ទឹក ឬ​ត្រូវ​គាំង​ស្ទះដោយ​រថយន្ត​កាមីញ៉ុង​រាប់​ពាន់​គ្រឿង ​ទើប​ប្រតិបត្តិការ​ជួប​ការ​ស្មុគស្មាញ​ខ្លាំង។ ជា​សរុប​ភូមិ​ស្រុក​រាប់​រយ​និង​ក្រុង​ជាង​១០​នៃ​រដ្ឋ​ភាគ​លិច​ ត្រូវ​រង​ការ​ខូចខាត គ្មាន​អគ្គីសនី​និង​ទឹក​ស្អាត​ប្រើប្រាស់​ទេ។

សូម​បញ្ជាក់​ថា​ពី​ខែ​មិថុនា​ដល់​ខែ​​កញ្ញា​ ជា​រដូវ​វស្សា មាន​ភ្លៀង​ធ្លាក់​ច្រើន និង​តែង​តែ​បណ្តាលឱ្យ​មាន​ការ​ជន់លិច និង​បាក់​រលំផ្ទះ ប៉ុន្តែ​សន្ធឹក​នៃ​ទឹក​ភ្លៀង​កាន់​តែ​កំណាច។ ឥណ្ឌា​ក៏​ដូចបណ្តា​តំបន់​ផ្សេង​ៗ​ និង​ចិន​ រងគ្រោះ​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​​ទឹក​ភ្លៀង ដែល​បើ​តាម​អ្នកជំនាញ​ឧតុនិយម​ ​ការ​ប្រែប្រួល​អាកាសធាតុ បាន​ជំរុញ​ឱ្យ​រដូវវស្សា​ និង​ទឹកភ្លៀង​មូសុង​កាន់​តែ​កំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ