អានតួអត្ថបទ
ប្រភពកូវីដ១៩

ចិនបដិសេធ​មិន​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​បន្ត​ការ​អង្កេត​រក​ប្រភព​​កូវីដ១៩

ប៉េកាំង​មិន​ពេញ​ចិត្ត​ការ​​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោក និង​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​រាល់​ការ​​​សង្ស័យដែល​ថា​មេរោគ​កូវីដ​១៩ ទំនង​ជា​អាចធ្លាយ​ចេញ​ពី​​មន្ទីរ​ពិសោធន៍ចិន​។ ​នៅថ្ងៃព្រហស្បតិ៍​ទី ២២​កក្កដា​២០២១​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចិន បាន​បរិហារ​អង្គការ​សុខភាព​ពិភពលោក​ថា ក្រអឺតក្រទម និង​​ ប្រកាស​​ច្រាន​ចោល​សំណើ​សុំ​អង្កេត​រក​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​ផ្ទៃ​ប្រទេស​ខ្លួន​។

អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ចិន លោក Zeng Yixin ថ្ងៃទី ២២​កក្កដា ២០២១
អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ចិន លោក Zeng Yixin ថ្ងៃទី ២២​កក្កដា ២០២១ AFP - LEO RAMIREZ
ផ្សាយពាណិជ្ជកម្ម

 

​​​កាលពី​សប្តាហ៍​មុន នាយក​អង្គការ​សុខភាពពិភពលោក Tedros Adhanom Ghebreyesus បានស្នើ​​សុំធ្វើ​សវនកម្ម​មន្ទីរ​ពិសោធន៍​នៅ​ក្នុង​តំបន់​ដែល​មាន​លេច​មេរោគ​កូរ៉ូណាវីរុស​ដំបូង​គេ ពោល​គឺ​មន្ទីរពិសោធន៍​នៅ​ក្រុង​វ៉ូហាន​ ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូវីដ​១៩​មុនគេ​ កាលពី​ខែ​ធ្នូ​២០១៩។ ​

ប៉ុន្តែ​ចិន​មិន​ទទួល​ស្វាគមន៍សំណើ​នេះ​​ទេ។ នៅ​ក្នុង​សន្និសីទ​កាសែត​ លោក ហ្សេង យៀស៊ីន អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចិន បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​សំណើ​ ​សុំ​បន្ត​ការ​អង្កេត​រក​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩ របស់​អង្គការ​សុខភាព​​ពិភពលោក ដោយ​បាន​បន្ទោស​ថា អង្គការ​សុខភាព​ពិភពលោក​គ្មាន​ឆន្ទៈល្អ មិន​ចេះ​គោរព​ និង​មាន​ភាព​ក្រអឺតក្រទម​​ដាក់​វិទ្យាសាស្ត្រ​ណាស់។

ចិន​បាន​បដិសេធដាច់​ខាត តាំង​ពី​ដំបូង និង​ជា​រហូត​មក ថា​ គ្មាន​ទេ​​ការ​លេច​ធ្លាយ​មេរោគ​កូវីដ​ចេញ​ពី​មន្ទីរ​ពិសោធន៍ចិន​ណាមួយ​ ឬ​ក៏​មន្ទីរ​ពិសោធន៍របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​មេរោគ​​វ៉ូហាន ដូច​ជំនឿ​របស់​ប្រទេសមួយ​ចំនួន​នោះ​ឡើយ​។ អ្នក​ទទួល​ខុស​ត្រូវ​វិទ្យាស្ថាន ក៏បាន​ចេញ​មុខ​មក​ធានា​អះអាង​ជា​ថ្មី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២២​កក្កដា​នេះ​​ថា​ គ្មានហេតុការណ៍​​លេច​ធ្លាយ ឬគ្រោះថ្នាក់​អ្វី បាន​​កើត​ឡើង​សោះនៅ​ក្នុង​ស្ថាប័ន​។​

ផ្ទុយ​ទៅ​វិញ ​អាជ្ញាធរ​ចិន​ក៏​ដូច​ជា​ប្រព័ន្ធឃោសនា​ព័ត៌មាន​ចិន​ទាំង​ឡាយ​​ តែងតែ​ចង្អុល​មុខ ចោទ​បក​វិញ​ថា មេរោគ​កូវីដ​១៩ ទំនង​ជា​បាន​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​អាមេរិក ឈ្មោះ Fort Detrick ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ទីក្រុង​វ៉ាស៊ីងតោន និង​ដែល​កំពុង​សិក្សាស្រាវជ្រាវ​​ប្រឆាំង​នឹង​​ភេរវកម្មជីវសាស្ត្រ។ បើ​តាម​សារព័ត៌មាន បែប​ជាតិ​និយម​ចិន​ Global Times  មាន​ពលរដ្ឋ​ចិន​ប្រមាណ​៥​លាន​នាក់ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ទាមទារ​ឱ្យ​បើក​អង្កេត​មន្ទីរ​ពិសោធន៍​Fort Detrick​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ