អានតួអត្ថបទ
ចិន-ទឹកជំនន់

ចិន​ រង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដ៏​កំណាចបំផុត ទំនប់​ទឹក​ធំ​មួយ​ចាប់​ប្រេះ

​គ្រោះមហន្តរាយ​ទឹក​ជំនន់​ដ៏​កំណាច​បំផុត​ កំពុង​គំរាមកំហែង​ប្រទេស​ចិន​។ ខេត្ត​ហឺណាន់ Henan ដែល​ស្ថិត​នៅភាគ​កណ្តាល​នៃ​ប្រទេសកំពុង​រងគ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ក្រៃ​លែង។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង។ ក្នុង​​ថ្ងៃ​អង្គារ​ម្សិលមិញ ទឹក​ភ្លៀង​បាន​ធ្លាក់​ដូច​គេ​ហែក​មេឃ​ ​បង្កជា​​មហន្តរាយនិង​ភាព​​ស្លន់​ស្លោ​យ៉ាង​ខ្លាំង។ ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ​ កម្ពស់​ទឹក​ធ្លាក់​មាន​កំរិត​ស្មើ​នឹង​ភ្លៀង​ធ្លាក់​មួយ​ឆ្នាំ។ ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ ក្រុង​ចឹងចូវ Zhengzhou បាន​​ហៅ​ទាហាន​ជា​ច្រើនមក​ជួយ។ ម្យ៉ាង​ទៀត​ ទំនប់​ទឹក​ដ៏​ធំ​និ​ងសំខាន់​របស់​ខេត្ត​មាន​ស្នាម​ប្រេះ​ អាចនឹង​​ធ្លាយ​ដាច់​ នៅគ្រប់​ពេល។

ទឹកភ្លៀង​បាន​ជន់​លិច​ក្រុងហឺណាន់។ ទិដ្ឋភាព​ថ្ងៃទី ២០កក្កដា ២០២១​
ទឹកភ្លៀង​បាន​ជន់​លិច​ក្រុងហឺណាន់។ ទិដ្ឋភាព​ថ្ងៃទី ២០កក្កដា ២០២១​ STR AFP
ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារ​ឧតុនិយម បាន​ប្រកាស​អាសន្ន​ទឹក​ជំនន់​​កំរិត​ខ្ពស់​បំផុត នៅ​​​ខេត្ត​ហឺណាន់ ដែល ទឹក​ភ្លៀង​បាន​ជន់​លិច​ផ្លូវ​ថ្នល់ ផ្លូវ​ហាយវ៉េ ស្ថានីយ៍​រថភ្លើង ចំការ​ដំណាំរុក្ខជាតិ​ស៊ីផ្លែ វាលស្រែ​វាលស្រូវ ស្ទើរ​គ្មាន​សល់​។ ចរាចរណ៍​ផ្លូវ​ថ្នល់-​ផ្លូវ​ដែក​ជួប​ការ​រអាក់រអួល​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​អង្គារ​ទី ២០​កក្កដា ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​ ត្រូវ​កាត់​ផ្តាច់​ដោយ​លំហូរ​ទឹក​ភក់​បុក​ចូល​ជន់​លិច​ដល់​ក្នុង​រថភ្លើង​ដែល​កំពុង​ធ្វើ​បើកបរ​ បង្ក​ឱ្យ​អ្នក​ដំណើរ​ភ័យ​ស្លន់​ស្លោ​ និង​ស្លាប់​យ៉ាង​ហោច​១២នាក់។ ក្នុង​តែ​មួយ​ប៉ប្រិច​ភ្នែក​ទឹក​បាន​ឡើង​ដល់​ត្រឹម​ក ...

គ្មាន​ទេ​សេវា​ទូរស័ព្ទ អគ្គីសនី​ នៅ​តាម​ផ្លូវ​ មាន​តែ​ទឹកភក់​​ហូរនាំ​កង់ម៉ូតូ​ ឡាន​និង​វត្ថុ​ជា​ច្រើន​ផ្សេង​ទៀត ដោយ​កម្លាំង​ទឹក​កាលពី​ម្សិល។ មក​ទល់​នឹង​ព្រឹក​ថ្ងៃពុធ​ទី ២១​កក្កដា ២០២១​នេះ ទឹក​ភ្លៀង​ដ៏​ធំ​កំណាច​ខ្លាំង​មិនធ្លាប់​មានគិត​តាំង​ពី៦០​ឆ្នាំ​មក​​ នៅ​បន្ត​ជន់លិច​ក្រុង។ ពលរដ្ឋ​ជាង​១សែន​នាក់​ត្រូវ​ជម្លៀស​ពី​​គេហដ្ឋាន និង​៣៦០០០​នាក់ ជា​អ្នក​រងគ្រោះ​ដោយ​ផ្ទាល់​ពី​ទឹក​ជំនន់​។ នេះ​បើ​តាម​តួលេខ​របស់​សាលាក្រុង​ចឹងចូវ។ ទឹក​ជំនន់​នេះ បាន​ថែម​ទាំង​​បង្ក​ឱ្យ​មាន​ការ​ហូរ​បាក់​ដី រលំផ្ទះ បាក់​ជញ្ជាំង​អាគារ ​​នៅ​តំបន់​ជិត​ខាង​និង​ស្លាប់​មនុស្ស​បន្ថែម​៤នាក់​ផ្សេង​ទៀត។

បើ​តាម​សារព័ត៌មាន​​ផ្លូវការ​ ប្រតិបត្តិការ​សង្គ្រោះក្រុង​ហឺណាន់ បាន​ជំនួយ​បន្ថែម​ពី​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ ប្រមាណ​១៨០០​នាក់​ មកពី​៧​ខេត្ត​ជិត​ខាងផង និង​ទាហាន​ទ័ព​អាកាស នៃ​កង​កម្លាំង​សង្គ្រោះ​បន្ទាន់ ​ជាង​១៣០​នាក់ផង​ ព្រមទាំង​កង​កម្លាំង​វិស្វកម្ម​ទៀត។

រដ្ឋាភិបាល​ក៏​បាន​បញ្ចេញ​ទាហាន​យ៉ាង​ច្រើន​មក​ដាក់​ពង្រាយ​នៅ​តាម​បណ្តោយ​ខ្សែ​ទឹកក្នុងតំបន់​ ដើម្បី​លើក​​​ទំនប់​ ដោយ​ប្រើ​បាវខ្សាច់ ​ ជាពិសេស​នៅ​តំបន់​ជិត​ទំនប់ទឹក​ អៀហឺតាន​ Yihetan។  បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អគ្គមេបញ្ជាការតំបន់​នៃកងទ័ព​យោធា​ប្រជាជន​ចិន កាលពី​ថ្ងៃអង្គារ ទី​២០កក្កដា ទំនប់​ទឹក​អៀហឺតាន ដែល​នៅ​ជិត​ក្រុង​ចាស់​ លឿយ៉ាន Luoyangមាន​ស្នាម​ប្រេះ​ប្រវែង​២០ម៉ែត្រ​ និង​អាច​ដាច់​ធ្លាយ​ បាន​គ្រប់​ពេល​។ កងទ័ព​កំពុង​ព្យាយាម​​បង្វៀង​មុខ​ទឹក។

ចិន​តែ​ងរង​គ្រោះ​ទឹក​ជំនន់​ជា​ញឹកញយ​នៅ​រដូវ​វស្សា ដោយ​ពេល​ខ្លះ​គ្រោះ​មហន្តរាយ​នេះ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជា​ច្រើន និង​ជា​ច្រើន​ពាន់​នាក់ផង​កាលពី​ឆ្នាំ​១៩៩៨ នៅ​តំបន់ទំនាប​ទន្លេ​យ៉ង់សេ។ ចំណែក​ក្រុងហឺណាន់ និង​ក្រុង​លឿយ៉ាន ដែល​នៅ​ជាប់​ទន្លេ​លឿង ក៏​ធ្លាប់​មាន​ប្រវត្តិ​រងគ្រោះ​ទឹក​ជំនន់​ស្លាប់​មនុស្ស​ច្រើន​ដែរ។ ហើយបើ​តាម​អ្នក​វិទ្យាសាស្ត្រ ជា​មួយ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ គ្រោះ​ទឹក​ជំនន់​នឹង​កាន់តែ​កំណាច​ឡើងៗ​ នៅ​ចិន ក៏​ដូច​ជា​នៅលើ​ពិភពលោក​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ