អានតួអត្ថបទ
តៃវ៉ាន់-វ៉ាក់សាំងកូវីដ​១៩

កូវីដ​១៩៖ តៃវ៉ាន់ដាក់ក្តីសង្ឃឹម​​ លើវ៉ាក់សាំង​ក្នុងស្រុក ខណៈចិន​រារាំង​មិនឲ្យ​​គេលក់វ៉ាក់សាំង​មកឲ្យ​ខ្លួន

មានប្រជាជនប្រមាណ​ជាង​២០លាននាក់ កោះតៃវ៉ាន់ ជាដែនដីដែលស្ថិតនៅឯកោ ដោយសារតែគ្មានគេហ៊ាន​រាប់រក ព្រោះតែមានចិនជាអ្នករារាំង។ បញ្ហានេះ បានធ្វើឲ្យ​កោះតៃវ៉ាន់ មិនអាចមានលទ្ធភាព ទទួលបានវ៉ាក់សាំង​បង្ការកូវីដ១៩ គ្រប់គ្រាន់យកទៅចាក់ជូនប្រជាជនខ្លួនទេ បើទោះបីជាមានប្រាក់ទិញក៏ដោយ។ ប្រការនេះ បានជំរុញឲ្យ​រដ្ឋាភិបាលតៃវ៉ាន់ ដាក់ការសង្ឃឹម និងជំរុញសហគ្រាសផលិតឱសថក្នុងស្រុក ឲ្យ​ស្រាវជ្រាវ ផលិតវ៉ាក់សាំងដោយខ្លួនឯង។ បេក្ខភាពវ៉ាក់សាំង១ ក្នុងចំណោម​៣ ដែលស្រាវជ្រាវដោយ​មន្ទីរពិសោធន៍តៃវ៉ាន់ កំពុងតែរងចាំការផ្តល់អាជ្ញាបណ្ណ​ ឲ្យ​​ផលិត​​ជាផ្លូវការ​ពីសំណាក់​អាជ្ញាធរ​កោះតៃវ៉ាន់។

បុគ្គលិកស្រាវជ្រាវម្នាក់ នៃមន្ទីរពិសោធន៍តៃវ៉ាន់ Medigen Vaccine Biologics Crop (MVC) កំពុងស្ថិតនៅក្នុងបន្ទប់ពិសោធន៍វ៉ាក់សាំង នៅ​ក្រុង​ Hsinchu ថ្ងៃទី១៧ មិថុនា ២០២១
បុគ្គលិកស្រាវជ្រាវម្នាក់ នៃមន្ទីរពិសោធន៍តៃវ៉ាន់ Medigen Vaccine Biologics Crop (MVC) កំពុងស្ថិតនៅក្នុងបន្ទប់ពិសោធន៍វ៉ាក់សាំង នៅ​ក្រុង​ Hsinchu ថ្ងៃទី១៧ មិថុនា ២០២១ AFP - SAM YEH
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំងបង្ការកូវីដ​១៩​មួយរបស់តៃវ៉ាន់ ស្រាវជ្រាវដោយ​មន្ទីរពិសោធន៍ Medigen សហការជាមួយ វិទ្យាស្ថានជាតិជម្ងឺឆ្លង (NIAID) របស់សហរដ្ឋអាេមរិក​ កំពុងផ្តល់ក្តីសង្ឃឹមច្រើន។ ជាប្រភេទ​វ៉ាក់សាំង ប្រើប្រូតេអ៊ីន Spike ទៅតោងនឹងមេរោគ ដើម្បី​ដាស់សរីរាង្គឲ្យ​បង្កើតជាប្រព័ន្ធអង់ទីក័រ។

ថ្ងៃទី១០មិថុនា មន្ទីរពិសោធន៍តៃវ៉ាន់ Medigen Vaccine Biologics Crop (MVC) បានប្រកាស​លទ្ធផល ថាវ៉ាក់សាំងខ្លួនមាន​ប្រសិទ្ធភាព​ បង្កើត​ជាប្រព័ន្ធអង់ទីក័រ ចំនួន៩៩.៨% បន្ទាប់ពី​បាន​​សាកល្បង​ដំណាក់កាល​ទី​២ ទៅលើមនុស្ស​ ចំនួន​​៤០០០នាក់។ នៅថ្ងៃ១៥ មិថុនា មន្ទីរពិសោធន៍នេះ បាន​ដាក់ឯកសារសុំ​អាជ្ញាបណ្ណ​​ផលិត ជាលក្ខណៈបន្ទាន់ បើទោះបីគ្មាន​​​ការ​សាកល្បងទ្រង់ទ្រាយ​ធំ​​ដំណាក់​កាលទី៣។ លោកស្រី Ho Mei-Shang សាស្ត្រាចារ្យនៅ Academia Sinica ទីក្រុងតៃប៉ិ បានបញ្ជាក់​ថា តៃវ៉ាន់មិន​មាន​អ្នកជំងឺកូវីដ១៩ ច្រើន​គ្រប់គ្រាន់ ដើម្បីធ្វើតេស្តទ្រង់ទ្រាយ​ធំ​​ដំណាក់កាល​​ទី៣ទេ។

សូមបញ្ជាក់ថា មូលហេតុចំបង ដែលជំរុញឲ្យ​កោះតៃវ៉ាន់ ប្រឹងប្រែង​ស្រាវជ្រាវ​ផលិតវ៉ាក់សាំង​​ដោយ​ខ្លួនឯង គឺដោយសារ​​តៃវ៉ាន់ ត្រូវបាន​ចិនរារាំង មិនឲ្យប្រទេសផ្សេង ឬ​សហគ្រាសផលិត​​ឱសថ​នៅបរទេស លក់​វ៉ាក់សាំង​មកឲ្យ​។ លោក Wu Chien-Huei អ្នកស្រាវជ្រាវនៅ​​Academia ​Sinica បានលើក​ឡើង​ថា សម្រាប់​លោកស្រី ប្រធានាធិបតី ឆៃ អ៊ីងវែន ការដាក់​ក្តីសង្ឃឹម​លើ​វ៉ាក់សាំង​​ក្នុងស្រុក វាគឺ​ជារឿង​ចាំបាច់ ដើម្បី​ធានា​សន្តិសុខជាតិ។

លោកស្រី Ho Mei-Shang បានលើកឡើងថាមន្ទីរពិសោធន៍​តៃវ៉ាន់ បាន​ចាប់ផ្តើមស្រាវជ្រាវ​រកវ៉ាក់សាំង​បង្ការ​កូវីដ​១៩ តាំងតែ​ពីដើម​ឆ្នាំ​២០២០។ កាលពីខែកក្កដា ២០២០​ រដ្ឋាភិបាលតៃវ៉ាន់ បាន​ផ្តល់​ជំនួយ​ថវិកា ចំនួន​១៥លាន​អឺរ៉ូម្នាក់ ទៅ​ឲ្យ​​មន្ទីរ​ពិសោធន៍​ផលិតឱសថ​៣​របស់តៃវ៉ាន់។ រដ្ឋាភិបាល​បានសម្រេច បញ្ជា​ទិញ​​វ៉ាក់សាំងពី​​​មន្ទីរពិសោធន៍​២ ចំនួន​សរុប​១០លាន​ដូស។

យ៉ាងណាក៏ដោយ បើតាមការស្ទាបស្ទង់មតិ ប្រជាជនតៃវ៉ាន់ នៅ​តែមិនទាន់មានទំនុកចិត្តលើវ៉ាក់សាំង​​ផលិត​ក្នុងស្រុកទេ បើប្រៀបធៀបទៅនឹង​វ៉ាក់សាំង​​បរទេស ដូចជា Pfizer និង Moderna ជាដើម។ ទន្ទឹមនឹង​នេះ លោកស្រី Ho Mei-Shang បានត្អូញត្អែរ​ថា ទោះវ៉ាក់សាំងតៃវ៉ាន់ល្អ​កម្រិតណាក៏ដោយ ក៏លោកស្រី​គ្មានសង្ឃឹមថា អង្គការ​សុខភាពពិភពលោក​ នឹង​សម្រេច​ទទួលស្គាល់​ដែរ ព្រោះអង្គការ​នេះ មិនទទួល​ស្គាល់​តៃវ៉ាន់ ថាជា​ប្រទេសមួយ​​ផងនោះ​។

គួររំលឹកថា នៅរវាងខែឧសភា ២០២១ ខណៈដែល​តៃវ៉ាន់ជួប​រលក​ឆ្លង​រាលដាល​ខ្លាំង តៃវ៉ាន់​មានវ៉ាក់សាំង​បង្ការ​កូវីដ​១៩ តែ​ប្រមាណ​​៣សែន​ដូសទេ សម្រាប់​ប្រជាជន​ខ្លួន​​២០លាននាក់ ដែលបានមក​តាមរយៈយន្តការ Covax។​ រដ្ឋាភិបាល​តៃវ៉ាន់​អះអាងថា ចិនបាន​រារាំង បង្អាក់ការ​ចុះ​កិច្ចសន្យា​ទិញវ៉ាក់សាំង ចំនួន​​៥លាន​ដូស រវាង​តៃវ៉ាន់ និង​មន្ទីរពិសោធន៍​អាល្លឺម៉ង់ BioNTech៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ