អានតួអត្ថបទ
ចិន-កូវីដ១៩

ចិន​ប្រកាស​ថា​​បាន​​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ​ជូន​ប្រជាជន​បាន​ដល់​ ១​ពាន់​លាន​ដូស

អាជ្ញាធរ​សុខាភិបាល​ចិន​នៅថ្ងៃអាទិត្យ ២០ មិថុនា​ បានប្រកាសថា​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ជូន​ប្រជាជន​បាន​រហូត​ដល់​ទៅ​ចំនួន​ ១ ពាន់លានដូស​។ ១​ពាន់លាន​ដូស​គឺ​ស្មើ​នឹង​ប្រមាណ​ ៤០%​ នៃ​វ៉ាក់សាំង​សរុប​ទាំងអស់​ដែល​ត្រូវ​បានគេ​ចាក់​ជូន​ប្រជាជន​នៅទូទាំង​ពិភព​លោក​ គិត​រហូត​មកទល់ពេលនេះ​។

ប្រជាជនចិន ក្នុងពេលកំពុងទទួលបានការវ៉ាក់សាំងបង្ការកូវីដ១៩ នៅទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។
ប្រជាជនចិន ក្នុងពេលកំពុងទទួលបានការវ៉ាក់សាំងបង្ការកូវីដ១៩ នៅទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។ STR AFP/Archivos
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមថ្ងៃអាទិត្យទី​ ២០ មិថុនា​ ឆ្នាំ២០២១នេះ ចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ​សរុប​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក​កើនដល់ជាង​ ៣ លាន​ ៨សែននាក់​ ហើយ​មាន​ប្រទេស​ជាច្រើន​នៅ​បន្ត​រងគ្រោះ​ និង​កំពុង​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លងរាតត្បាត​កូវីដ​នៅ​ឡើយ​។ យ៉ាងណាក៏ដោយ​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅក្នុងប្រទេសមួយចំនួន​ បានឲ្យ​អនុញ្ញាត​ប្រទេសទាំងនោះ​អាច​ផ្តើម​មាន​សកម្មភាព​ធម្មតាឡើងវិញ​ជា​បណ្តើរៗហើយ​។

ចិន​ស្ថិត​ក្នុង​ចំណោមក្រុមប្រទេស​ដែល​បាន​ចាក់វ៉ាក់សាំងកូវីដ​ជូន​ប្រជាជនក្នុងចំនួនដ៏​ច្រើន​គួរ​ឲ្យកត់សម្គាល់។ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ អាជ្ញាធរ​សុខាភិបាលចិន​ថា​បាន​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ​១៩ ជូន​ប្រជាពលរដ្ឋបាន​ដល់ ១ពាន់​លាន​ដូស។ សេចក្តីប្រកាស​នេះ​ធ្វើឡើង​ក្រោយ​ តួលេខ​នៃការចាក់ថ្នាំបង្ការកូវីដ​សកល​បាន​កើនឡើងលើស​ ២,៥ ពាន់លានដូស​ និងនៅ​ខណៈ​ដែល​ចំនួន​អ្នកស្លាប់​ដោយសារជំងឺកូវីដ​នៅក្នុង​ប្រទេស​ប្រេស៊ីល​កើន​ដល់​កន្លះលាននាក់​។

អាជ្ញាធរចិន​បាន​កំណត់​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា​ដោយ​ចង់​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ជូន​ប្រជាជនឲ្យ​បាន​ ៤០ %​ នៃ​ប្រជាជនចិន​សរុប​ទាំងអស់​ចំនួន​ប្រមាណ​ ១,៤ ពាន់​លាននាក់​នៅចុងខែមិថុនានេះ​។

ជោគជ័យរបស់​ចិន​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ​ គឺ​ផ្ទុយ​ស្រឡះ​ពី​ប្រទេស​ប្រេស៊ីល​ដែលកាលពីថ្ងៃសៅរ៍​បាន​ក្លាយ​ជាប្រទេសទី​ ២​ នៅលើ​ពិភពលោក​ បន្ទាប់ពី​សហរដ្ឋអាមេរិក​ ដែល​មាន​អ្នក​ស្លាប់​ដោយ​សារកូវីដ​កើនដល់លើស​ ៥សែននាក់​។

កិច្ច​ខិតខំ​ប្រឹងប្រែងចាក់វ៉ាក់សាំង​របស់​ប្រទេស​អាមេរិកខាងត្បូង​មួយនេះ​ មាន​ភាព​យឺត​យ៉ាវ ហើយ​មាន​ប្រជាជន​ប្រេស៊ីល​តែ​ ១១ % ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ចាក់​ថ្នាំបង្ការ​កូវីដ១៩​ ខណៈ​រលកចម្លងកូវីដ​ទីបី​កំពុង​រីករាលដាលពាសពេញប្រទេស​។

គួរ​គូសបញ្ជាក់ជូនថា​ ចំនួន​អ្នកឆ្លងកូវីដសរុបទាំងអស់​នៅក្នុងប្រទេស​ចិន​មាន​ចំនួន​ជាង​ ៩ម៉ឺន​ ១​ពាន់​ករណី​។ ចិន​បាន​កត់ត្រា​ករណី​ឆ្លងថ្មី​ ២៣ ករណី​កាលពីថ្ងៃអាទិត្យម្សិលមិញ​។ គួរជ្រាបដែរថា ប្រទេសចិនទំនង​ជា​ផលិតវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​បាន​ច្រើន​ជាង​ ៣ ពាន់​លាន​ដូសនៅក្នុងឆ្នាំ ២០២១នេះ​។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារសារព័ត៌មាន​ស៊ីនហួ​កាលពីខែមេសា​។ ក៏ប៉ុន្តែ​ អាជ្ញាធរចិន​មិន​បាន​បញ្ជាក់​ប្រាប់​នោះ​ទេ​ពីទិន្នន័យវ៉ាក់សាំង​ដែល​នឹង​ត្រូវ​លក់ចេញទៅ​បរទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ