អានតួអត្ថបទ
ហុងកុង

អាជ្ញាធរ​ដោះលែង កញ្ញា Agnes Chow សកម្មជនប្រជាធិបតេយ្យ​ដ៏លេចធ្លោ នៅហុងកុង

កញ្ញា​Agnès Chow សកម្មជន​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ដ៏មាន​ប្រជាប្រិយភាព​នៅ​ហុងកុង ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យមាន​សេរីភាព នៅ​ថ្ងៃ​សៅរ៍ទី ១២​មិថុនានេះ នៅក្រោយ ជាប់ឃុំ​អស់​រយៈពេល ៧ខែ។ ធ្លាប់​ត្រូវ​តុលាការ ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី​បទ​ចូលរួម​ក្នុង​បាតុកម្ម​ខុសច្បាប់ នៅ​មុខ​ទីស្នាក់ការប៉ូលិស កាលពី​ឆ្នាំ ២០១៩ សកម្មជន​ប្រជាធិបតេយ្យ​ដ៏លេចធ្លោ​របស់​ហុងកុង​រូបនេះ ត្រូវ​បាន​គេ​ដោះលែង នៅ​ចំ​ខួប ២​ឆ្នាំ នៃ​មហាបាតុកម្ម​ប្រឆាំង​ច្បាប់​ធ្វើបត្យាប័ន ដែល​បាន​អង្រួន ទីក្រុង​ពាណិជ្ជកម្ម ហុងកុង កាលពី​ថ្ងៃទី ១២​មិថុនា ឆ្នាំ ២០១៩។

នាង Agnes Chow សកម្មជនទាមទារ​ប្រជាធិបតេយ្យ​ដ៏លេចធ្លោនៅហុងកុង ត្រូវ​ដោះលែង​ឲ្យមាន​សេរីភាព នៅក្រោយជាប់ពន្ធនាគារ ៧ខែ ពីបទចូលរួម​ក្នុង​ការប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​ខុសច្បាប់​នៅមុខ​ទីស្នាក់ការ​ប៉ូលិស កាលពី​ឆ្នាំ ២០១៩
នាង Agnes Chow សកម្មជនទាមទារ​ប្រជាធិបតេយ្យ​ដ៏លេចធ្លោនៅហុងកុង ត្រូវ​ដោះលែង​ឲ្យមាន​សេរីភាព នៅក្រោយជាប់ពន្ធនាគារ ៧ខែ ពីបទចូលរួម​ក្នុង​ការប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​ខុសច្បាប់​នៅមុខ​ទីស្នាក់ការ​ប៉ូលិស កាលពី​ឆ្នាំ ២០១៩ AP - Vincent Yu
ផ្សាយពាណិជ្ជកម្ម

ក្នុង​បទចោទប្រកាន់ ចូលរួម ក្នុង​ការប្រមូលផ្តុំ​ខុសច្បាប់ នៅ​មុខទីស្នាក់ការ​ប៉ូលិស កាលពី​ឆ្នាំ ២០១៩ កញ្ញា​Agnes Chow សកម្មជន​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង ត្រូវ​បាន​អាជ្ញាធរ​ដោះលែង នៅថ្ងៃ​សៅរ៍នេះ បន្ទាប់ពី​បាន​ជាប់ពន្ធនាគារ ៧ខែ

ជាមួយ សកម្មជនប្រជាធិបតេយ្យ ពីរនាក់ផ្សេងទៀត គឺ Joshua Wong និង ​Ivan Lam ដែលរងការចោទប្រកាន់ដូចគ្នា កញ្ញា Agnes Chow អាយុ ២៤ឆ្នាំ ត្រូវ​បាន​តុលាការ​ហុងកុង​​សម្រេច​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ ១០ខែ។ នៅពេល Joshua Wong និង​Ivan Lam នៅតែ​ជាប់​ក្នុង​ពន្ធនាគារ​ដដែល អាជ្ញាធរ​ហុងកុង មិនបាន​ពន្យល់ថា ហេតុអ្វី បានជា​គេ​ដោះលែង នាង Agnes Chow ឲ្យ​មាន​សេរីភាព មុន​កាល​កំណត់​នោះទេ។

នៅពេល​ដើរចេញ​ពី​ពន្ធនាគារ នាង​Agnès Chow ផ្ទាល់ ក៏មិន​បាន​​និយាយ​​អត្ថាធិប្បាយអ្វី ប្រាប់​​អ្នក​កាសែត​ដែរ។ ទោះ​មាន​សេរីភាព លើកនេះ នាង Agnès Chow នៅ មិនទាន់​រួចផុតទាំងស្រុង ​ពីសំណាញ់ច្បាប់ ស្តីពី​សន្តិសុខជាតិ​ហុងកុង ដែល​ទីក្រុង​ប៉េកាំង បានចាប់អនុវត្ត តាំង​ពីខែ កក្កដា​​ឆ្នាំ​មុននោះទេ។ ជាមួយ​មហាសេដ្ឋី ហុងកុង លោក​ជីមី ឡៃ នាង Agnès Chow ត្រូវ​អាជ្ញាធរ​ហុងកុង ចោទប្រកាន់ ផងដែរ ពី​បទញុះញង់ ឲ្យ​មាន​ការបះបោរ​បំបែក​ទឹកដី និងសហការ​បម្រើ​ផលប្រយោជន៍ឲ្យ​បរទេស។

និយាយ​ភាសា ជប៉ុនស្ទាត់រត់មាត់ កញ្ញា Anges Chow​ឧស្សាហ៍​សរសេរ​សារទ្វីត ជា​ភាសា​ជប៉ុន និង​ធ្វើដំណើរ​ញឹកញាប់ ទៅជប៉ុន។ នៅក្នុង​ក្រសែភ្នែក​របស់​យុវជន​ជប៉ុន នាង Anges Chow​ជា​ទេពធីតា ប្រជាធិបតេយ្យ។

ជាមួយ Joshua Wong ដែលកំពុង​ជាប់ក្នុង​ពន្ធនាគារ ក្នុង​បទចោទប្រកាន់​ជាច្រើន ទៅតាម​ច្បាប់​ការពារ​សន្តិសុខជាតិ នាង​ Anges Chow ធ្លាប់​បាន​ចូលរួម សកម្ម​ក្នុង​ចលនា​បដិវត្តន៍​ឆ័ត្រ កាលពី ឆ្នាំ ២០១៤ ដើម្បី ទាមទារ​ការបោះឆ្នោត​ជា​សកល​នៅទីក្រុង​ហុងកុង។ នៅ​ឆ្នាំ ២០១៩ Agnès Chow និង​សកម្មជនប្រជាធិបតេយ្យ​វ័យក្មេងជាច្រើនទៀត បាន​លើកគ្នា ទៅ​ប្រមូលផ្តុំ នៅមុខ​ទីស្នាក់ការ​ប៉ូលិស​ហុងកុង ដើម្បី​ទាមទារ​ឲ្យ​គេ​លុបចោល​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ចិន។ ច្បាប់​ដ៏ចម្រូងចម្រាស​នេះ​បាន​បណ្តាល​ឲ្យ​មាន​បាតុកម្ម ប្រឆាំង​រដ្ឋអំណាច​ហុងកុង ជាច្រើនខែ នៅមុន​ពេល​ទីក្រុង​ប៉េកាំង សម្រេច​បង្កើត អនុវត្ត​ច្បាប់ សន្តិសុខ​ជាតិ​ហុងកុង នៅ ខែកក្កដា។ នៅថ្ងៃ​សៅរ៍ ទី១២​មិថុនា នេះ ដែលជាខួប ២ឆ្នាំ នៃ​មហាបាតុកម្ម ប្រឆាំង​ច្បាប់​ធ្វើបត្យាប័ន ប៉ូលិស ជាង ២ពាន់​នាក់ ត្រូវ​បាន​ពង្រាយ នៅ​ទីក្រុង​ហុងកុង។ ក្រោមច្បាប់​ការពារ​សន្តិសុខជាតិ ហុងកុង បាតុកម្ម និង​ការជួបជុំ​ដើម្បី រំលឹកខួប ការបង្រ្កាប នៅទីលាន​ធានអានមេន ត្រូវហាមឃាត់ ជាមួយ ហេតុផល ទប់ស្កាត់​ការចម្លង​មេរោគកូវីដ។ ប៉ុន្តែ នៅថ្ងៃ​សៅរ៍នេះ អាជ្ញាធរ​ហុងកុង មិនបាន​ហាមឃាត់​ជាផ្លូវការ​មិនឲ្យ​មានការជួបជុំ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ