អានតួអត្ថបទ
ភូមា-នយោបាយ

អង្គការកាកបាទក្រហមបារម្ភពីស្ថានភាពដុនដាប និងវិបត្តិមនុស្សធម៌នៅភូមា

នៅ​ក្នុង​ប្រទេស​ភូមា ២ខែ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​អ៊ុង សានស៊ូជី ចលនា​បាតុកម្ម​ប្រឆាំង​នឹង​របបសឹក​កំពុង​បន្ត​មាន​សន្ទុះ​កាន់​តែ​ខ្លាំង។ ចំណែក​ការ​វាយបង្ក្រា្កប​របស់​កម្លាំង​ប៉ូលិស និង​ទាហាន​លើ​ក្រុម​បាតុករ​ក៏​មិន​ចុះ​ខ្សោយ​ដែរ។ តួលេខ​របស់​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ​បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​សុក្រ ទី២ មេសា​ថា មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៥៤៣នាក់ ក្នុង​នោះ​មាន​កូនក្មេង​ជាង ៤០នាក់។ ចំណែក​អង្គការ Save the Children បាន​បញ្ជាក់​ពី​ចំនួន​កូនក្មេង និង​ក្មេងជំទង់​ស្លាប់​បាន​កើន​ទ្វេដង​ក្នុង​រយៈពេល ១២ថ្ងៃ​ចុង​ក្រោយ​នេះ។ ដោយឡែក អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ពី​ការ​វាយប្រហារ​លើ​ក្រុម​បុគ្គលិក​របស់​អង្គការ​កាកបាទក្រហម​ក្នុង​ស្រុក​ចំនួន ៣០លើក​ដោយ​បណ្តាល​ឲ្យ​ស្លាប់ ២នាក់​ស្លាប់ និង​របួស ៦នាក់។ ទន្ទឹម​គ្នា​នេះ ឡានពេទ្យ និង​អាគារ​របស់​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​នៅ​ក្នុង ១២រដ្ឋ និង​តំបន់​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ។ លោក​អាឡិចសង់ដ័រ ម៉ាត់ធ្យូ នាយក​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​ម្តែង​ក្តីបារម្ភ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ និង​វិបត្តិ​មនុស្សធម៌​នា​ប៉ុន្មាន​សប្តាហ៍​​ខាង​មុខ។

ក្រុមបាតុករភូមា
ក្រុមបាតុករភូមា AP
ផ្សាយពាណិជ្ជកម្ម

« ស្ថានការណ៍​នៅ​នឹង​កន្លែង​មាន​ការ​លំបាក​ខ្លាំង​ណាស់។ នៅ​ម្ខាង គេ​បាន​សង្កេត​ឃើញ​វត្តមាន​ចលនា​បាតុកម្ម​នៅ​តាម​ផ្លូវ ហើយ​នៅ​ម្ខាង​ទៀត មាន​បញ្ហា​ជា​ច្រើន​រាប់​មិន​អស់​ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាជន​កាន់​តែ​ងាយ​រងគ្រោះ​ជាង​មុន​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ តម្លៃ​ចំណីអាហារ​ឡើង​ថ្លៃ​ខ្ពស់ ការ​រកលុយ​ជួប​ការ​លំបាក ប្រព័ន្ធ​សុខាភិបាល​មាន​វិបត្តិ កង្វះ​វិធានការ​បង្ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ និង​រដូវភ្លៀង​ធ្លាក់​ដែល​នឹង​ឈាន​មក​ដល់​នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ កត្តា​ទាំង​អស់​នេះ​នឹង​បង្ក​ការ​លំបាក​ធំធេង​ដល់​ប្រជាជន​ភូមា​ដោយ​ចៀស​មិន​រួច។

បន្ទាប់​មក គេ​ត្រូវ​បូក​បន្ថែម​នូវ​កត្តា​ផ្សេង​ទៀត គឺ​អំពើ​ហិង្សា ចលនា​បះបោរសង្គម និង​ស្ថានការណ៍​នៅ​តាម​តំបន់​ជាប់ព្រំដែន។ សរុប​មក​គេ​អាច​និយាយ​បាន​ថា ស្ថានការណ៍​កំពុង​ស្ថិត​ក្នុង​អស្ថិរភាព​ខ្ពស់​ខ្លាំង។ ឥឡូវនេះ បើ​គេ​និយាយ​ពី​អំពើហិង្សា​ប្រឆាំង​នឹង​ក្រុម​បុគ្គលិក​មនុស្សធម៌​វិញ គឺ​បាន​កើត​ឡើង​ចំនួន ៣២លើក។ គឺ​ជា​អំពើហិង្សា​ដោយ​ការ​វាយប្រហារ ឬ​មួយ​ដោយ​ការ​បំភិតបំភ័យ។ យើង​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ទូទៅ​កុំ​ឲ្យ​មាន​ការ​រារាំង​ដល់​ការងារ​របស់​ក្រុម​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ក្រុម​មនុស្ស​ដែល​កំពុង​ត្រូវ​ការ​ជំនួយ។

ជា​ពិសេស​នៅ​ក្នុង​បរិបទ​សព្វថ្ងៃ គឺ​ជំនួយ​ផ្នែក​សុខភាព​ដែល​ជា​តម្រូវការ​ចាំ​បាច់​បំផុត។ យើង​ចង់​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ទទួល​ស្គាល់​ពី​ភាព​មិន​លំអៀង​របស់​ក្រុម​បុគ្គលិក​កាកបាទក្រហម និង​ទុក​ឲ្យ​ពួក​គេ​អាច​ចូល​ទៅ​ជួយ​ប្រជាជន​ដែល​កំពុង​ជួប​ការ​លំបាក »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ