អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថ្កោលទោស « ការប្រើ​កម្លាំង​​ជ្រុល​ហួសហេតុ » របស់​​កងទ័ព​ភូមា​ទៅ​លើ​​បាតុករ​

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំលើកទី​៤៦ នៅទីក្រុងហ្សឺណែវ ដោយ​បានជជែកគ្នាអំពីសំណុំរឿងភូមា។ ក្រៅពីបា​នទាមទារឲ្យ​ដោះលែងអ្នកទោសទាំងអស់ ក្រុមប្រឹក្សា​នេះ បានប្រកាសថ្កោលទោស ការប្រើកម្លាំង​ជ្រុលហួសហេតុ របស់​កងទ័ពភូមា ដែលបាន​បង្ក្រាបចលនាបាតុកម្ម​របស់​ប្រជាជន បណ្តាលឲ្យ​ស្លាប់​មនុស្ស​ជាច្រើនរយនាក់។

បាតុករភូមា មានយុវជន និងព្រះសង្ឃផង កំពុងពួនពីការបាញ់រះរបស់សមត្ថកិច្ចភូមា ។ ក្រុងម៉ាន់ដាឡេ​ ថ្ងៃទី ២២មីនា ២០២១
បាតុករភូមា មានយុវជន និងព្រះសង្ឃផង កំពុងពួនពីការបាញ់រះរបស់សមត្ថកិច្ចភូមា ។ ក្រុងម៉ាន់ដាឡេ​ ថ្ងៃទី ២២មីនា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចចិត្តរួម នៅថ្ងៃទី២៤មីនា ដោយ​បានប្រកាសថ្កោលទោសសាជាថ្មី នូវការធ្វើរដ្ឋប្រហារយោធា នៅប្រទេសភូមា។ ស្ថានប័នកំពូល បាន​ទាមទារផងដែរ ឲ្យ​របបសិកភូមា ត្រូវដោះលែងមនុស្សទាំងអស់​ ដែលត្រូវបាន​ចាប់ខ្លួន ក្រៅប្រព័ន្ធច្បាប់ មិនថា បាតុករ អ្នកនយោបាយ អ្នកកាសែត និងជនបរទេស ដែលមានពាក់ព័ន្ធនឹងការធ្វើបាតុកម្ម។

សេចក្តីសម្រេចចិត្តនេះ បាន​ប្រកាសថ្កោលទោសផងដែរ នូវការប្រើកម្លាំងហួសហេតុ ការប្រើគ្រាប់កាំភ្លើងពិត បាញ់រះទៅលើ​ក្រុមបាតុករដោយ​ឥតរើសមុខ របស់កម្លាំងសមត្ថកិច្ចភូមា។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទាមទារឲ្យ​របបសិក ត្រូវតែគោរព​សិទ្ធិសេរីភាព​បញ្ចេញ​មតិរបស់​ប្រជាជន។

សូមរំលឹកថា នេះគឺជាលើកទី២ហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស ចេញសេចក្តីថ្លែការណ៍ថ្កោលទោសរបបសិកភូមា។ កាលពី​ថ្ងៃទី​១២កុម្ភៈ​ ស្ថាប័នកំពូលនេះ បានបើកសម័យប្រជុំវិសាមញ្ញ និងបានចេញសេចក្តីថ្លែការណ៍អំពានាវ ឲ្យ​របបសិកភូមា ត្រូវដកចេញនូវ​ច្បាប់អាជ្ញាសិក ព្រមទាំងត្រូវដោះលែងអ្នកទោសនយោបាយ​ទាំងអស់។

យ៉ាងណាក៏ដោយ របបសិកភូមានៅតែធ្វើមិនដឹងមិនឮ។ គិតមកត្រឹមពេលនេះ មានបាតុករស្លាប់ ចំនួនជាង​២៦០នាក់។ ជាងនេះទៀត ប៉ុន្មានថ្ងៃមុននេះ របបសិកភូមាបានប្រកាសថា នឹងបង្ក្រាប​អំពើអាណាធិបតេយ្យឲ្យរាបដូចកន្ទេល។ ក៏ប៉ុន្តែកាលពីថ្ងៃពុធទី​២៤មីនា របបសិក បានដោះលែងអ្នកទោសចំនួន​ប្រមាណ​៦០០នាក់ ដែលក្នុងនោះមាន​អ្នកកាសែត របស់​បណ្តាញព័ត៌មានអាមេរិក Associated Press ម្នាក់ផងដែរ។​

ក្រៅពីប្រកាសថ្កោលទោសទាំងនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានហៅឲ្យ​របបសិកភូមា បើកទ្វារអនុញ្ញាត ឲ្យ​អ្នកជំនាញអន្តរជាតិចូលទៅភូមា ដោយ​គ្មានការ​កៀបសង្កត់ និង​ឃ្លាំមើល ដើម្បី​បើកការស៊ើបអង្កេតឲ្យ​បានច្បាស់ អំពីស្ថានការណ៍ពិតជាក់ស្តែង។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ក៏បានលើកឡើងផងដែរ អំពី​បញ្ហា​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរផ្សេងទៀត ដែល​អាជ្ញាធរភូមា បាន​ធ្វើទៅលើជនជាតិភាគតិច ជាក់ស្តែងជនជាតិរ៉ូហ៊ីងយ៉ា។ ច្បាប់ភូមា​មិន​អនុញ្ញាតឲ្យ​ ជនជាតិរ៉ូហ៊ីងយ៉ា​ទទួលសញ្ជាតិជាប្រជាជនភូមាស្របច្បាប់ទេ ដែលប្រការនេះធ្វើឲ្យ​ពួកគេ រស់នៅក្រៅច្បាប់ គ្មានសិទ្ធិចូលរួមក្នុងជីវភាព​សង្គម និងនយោបាយ​របស់ភូមាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ