អានតួអត្ថបទ
ចិន​-សិទ្ធិមនុស្ស

សំណុំ​រឿង​អ៊ុយ​ហ្គួរ​៖ ចិន​វាយ​បក​ទៅ​សហភាព​អឺរ៉ុប​ដោយ​ការ​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​អឺរ៉ុប

ប្រទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ ២២​ មីនា​ ២០២១​ ដាក់​ទណ្ឌកម្ម​លើ​ជន​ជាតិ​អឺរ៉ុប​ចំនួន​ ១០​នាក់​ រួម​មាន​អ្នក​នយោបាយ​ អ្នកជំនាញស្រាវជ្រាវ​ និង​អង្គភាព​ចំនួន​ ៤​ផ្សេង​ទៀត។ ចំណាត់ការ​​របស់​ក្រុងប៉េកាំងនេះធ្លាក់មកភ្លាមមួយរំពេច​ ដើម្បី​​សង​សឹក​​ចំពោះ​​ការ​ដាក់​ទណ្ឌកម្ម​​ពីសំណាក់​ក្រុង​ព្រុចសែល ​​ប្រឆាំង​នឹង​មន្រ្តី​ចិន​​ជុំវិញ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ស៊ីនជាំង​។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian។ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ប្រទេសចិន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​អឺរ៉ុប​ទាំង​អស់ ១០ រូប​ពី​បទថាបាន​ “ជ្រៀត​ជ្រែក​យ៉ាងខ្លាំង​” ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ និង​ចំពោះ “ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​”។

នៅក្នុង​បញ្ជី​ឈ្មោះ​បុគ្គល​ដែល​ត្រូវ​ទទួលរង​ទណ្ឌកម្ម​ រួមមាន​សមាជិក​សភាអឺរ៉ុប ​៥រូប សមាជិក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​និង​សន្តិសុខ​របស់​សហភាពអឺរ៉ុប​ ព្រមទាំង​អ្នក​ស្រាវជ្រាវអាល្លឺម៉ង់​ម្នាក់ផង​។

យោងតាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការ​បរទេស​ចិន​ រដ្ឋាភិបាល​ក្រុងប៉េកាំង​ប្រឆាំង​ដាច់ខាត​និង​ថ្កោលទោសជាខ្លាំង​ ចំពោះ​ការ​ដាក់ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប​ ប្រឆាំង​នឹង​មន្ត្រីខ្លួន​ ក្រោម​ការ​ចោទប្រកាន់ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ​នៅឯតំបន់​ស្វយ័ត​ស៊ីនជាំង​។

សម្រាប់​ចិន​ ពាក្យ​ចោទប្រកាន់​របស់​សហភាពអឺរ៉ុប​ គឺជា​ការផ្សព្វផ្សាយ​ភូត​កុហក​និង​​ធ្វើ​ឲ្យប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់ចិន​ធ្ងន់ធ្ងរ​ណាស់​។ ចិន​បាន​ព្រមានថា​ ប្រសិន​បើ​សហភាពអឺរ៉ុប​ មិន​កែប្រែ​កំហុស​របស់​ខ្លួនទេនោះ​ ចិន​នឹង​មាន​វិធានការ​បន្ថែមទៀត​ប្រឆាំង​ទល់​នឹង​អឺរ៉ុប​។

គួរជ្រាបថា​ ចំណាត់ការ​របស់​រដ្ឋាភិបាល​ចិន​បានធ្លាក់​មក​ភ្លាម​មួយរំពេច​ នៅថ្ងៃ​តែ​មួយ​ បន្ទាប់​ពី​សហភាពអឺរ៉ុប​ បាន​សម្រេច​ដាក់ទណ្ឌកម្ម​ចិន​ពាក់ព័ន្ធ​ការ​រំលោភសិទ្ធិមនុស្ស។​ កាលពី​ថ្ងៃចន្ទ​ម្សិលមិញ ​សហភាពអឺរ៉ុប​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្រ្តីចិន​បួន​រូប​ជុំវិញ​ការ​បង្ក្រាប​លើជន​ជាតិ​អ៊ុយហ្គួរ​។

ទន្ទឹមគ្នានេះ​ តាម​រយៈកិច្ចប្រជុំ​នៅក្នុង​ទីក្រុងព្រុចសែល​ រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់ផងដែរ អំពី​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​របប​សឹក​ភូមា​ ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​តាមរយៈ​រដ្ឋប្រហារ​ និងបាន​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​។

សហភាពអឺរ៉ុប​ បាន​សម្រេច​បង្កកទ្រព្យសម្បត្តិ​ និង​បញ្ចូលឈ្មោះ​មន្ត្រី​គ្រាក់ៗ​ភូមាជាច្រើន​នាក់ ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ហាមឃាត់​ទិដ្ឋាការ​។ ពួកគេ​ទាំងនោះរួម​មាន​លោក​ឧត្តមសេនីយ៍​មីន អ៊ុងឡាំង​ មន្រ្តី​យោធាជាន់ខ្ពស់​ ៩ នាក់ផ្សេងទៀត​ និង​ចុងក្រោយគេ​គឺ​ប្រធាន​គណៈ​កម្មាធិការ​រៀបចំការបោះឆ្នោត​ភូមា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ