អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

ភូមា៖ ​បាតុកម្មនៅតែ​បន្ត​ទូទាំងប្រទេស ខណៈ​អាជ្ញាធរ​ចេញច្បាប់​អាជ្ញាសិក​នៅ​ក្រុងរ៉ង់ហ្គូន

កាលពីយប់ថ្ងៃអាទិត្យ ប្រជាជនភូមាជាច្រើនពាន់នាក់ បានជួបជុំគ្នានៅតាមទីក្រុងធំៗ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ ដល់បាតុករដែលស្លាប់ ដោយ​ការបង្រ្កាបយ៉ាងហិង្សាបំផុត របស់​កងទ័ព។ ក្នុងចំណោម​ គេឃើញមាន​ក្រុមគ្រូពេទ្យជាច្រើននាក់​ ក្នុងឯកសណ្ឋានពេទ្យពណ៌ស ដែលបានចូលរួមដង្ហែរក្បួន ដើម្បី​បរិហារ ចំពោះការប្រើកម្លាំងហួសប្រមាណ ពីសំណាក់សមត្ថកិច្ច មកលើ​បាតុករស្លូតត្រង់។ គិតមកត្រឹមពេលនេះ មានមនុស្ស​ប្រមាណ​២៥០នាក់ហើយ ដែលបានស្លាប់។

ប្រជាជននាំគ្នាចាកចេញពីទីក្រុងរ៉ង់ហ្គូន បន្ទាប់ពី​អាជ្ញាធរចេញច្បាប់អាជ្ញាសិក តាមចាប់ និងគំរាមកំហែងគ្រប់ភាព ទៅលើ​ប្រជាជន។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី​២០ មីនា ២០២១
ប្រជាជននាំគ្នាចាកចេញពីទីក្រុងរ៉ង់ហ្គូន បន្ទាប់ពី​អាជ្ញាធរចេញច្បាប់អាជ្ញាសិក តាមចាប់ និងគំរាមកំហែងគ្រប់ភាព ទៅលើ​ប្រជាជន។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី​២០ មីនា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

នៅរដ្ឋកាឈីន ភាគខាងជើងបង្អស់ភូមា ប្រជាជនជាច្រើនពាន់នាក់ បានមកជួបជុំគ្នា ក្នុងវេលាយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ដើម្បីអុជទៀន រំលឹកវិញ្ញាណក្ខន្ធ ដល់​អ្នកស្លាប់ ដោយ​ការបង្ក្រាបរបស់សមត្ថកិច្ច។ នៅទីក្រុងម៉ាន់ដាឡេ ភាគកណ្តាលប្រទេស ដែលជាទីក្រុងធំទី​២វិញ ប្រជាជនបានបន្តជួបជុំគ្នា សឹងតែដល់ទល់ភ្លឺ ដោយមានការចូលរួម ពីក្រុមគ្រូបង្រៀន គ្រូពេទ្យ បុគ្គលិកធនាគារ និងបុគ្គលិក​សេវាដឹកជញ្ជូន​ផ្លូវដែកជាដើម។

« សង្គ្រោះថ្នាក់ដឹកនាំរបស់យើង » « សង្គ្រោះអនាគតយើង » ទាំងនេះគឺជាឃ្លា ដែលមានសរសេរនៅលើ​ផ្ទាំងបដាក្រណាត់របស់​ប្រជាជនភូ​មា អមទៅដោយ​ពន្លឺភ្លើងទៀនក្រហមច្រាល។ ស្ត្រីម្នាក់ជា គ្រូពេទ្យបានថ្លែងប្រាប់អ្នកយកព័ត៌មានបារាំងថា ក្រុមគ្រូពេទ្យទាំងអស់ មានសេចក្តីក្លាហាន មិនខ្លាចឈាមប្រជាជន ដែល​ពួកយោធាបានបង្ហូរនោះទេ។

សូមបញ្ជាក់ថាគិត ចាប់ពីថ្ងៃទី​១កុម្ភៈមក គឺមានបាតុករភូមា ប្រមាណ​២៥០នាក់ហើយ ដែលបានស្លាប់ ដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច។ នេះបើផ្អែកតាម​តួលេខរបស់សមាគមជួយ​អ្នកទោសនយោបាយនៅភូមា​ (AAPP)។ ប្រភពដដែលនេះ អះអាងថា តួលេខអ្នកស្លាប់អាចមានច្រើន​ជាងនេះ ដោយសារ​តែប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពភូមាបានចាប់ខ្លួនមនុស្សច្រើននាក់ណាស់ ហើយ​មួយចំនួន​ធំ បានបាត់ដំណឹងឈឹងសូន្យ។

ដោយឡែក នៅទីក្រុងរ៉ង់ហ្គូនវិញ អាជ្ញាធរបានចេញច្បាប់អាជ្ញាសិក ធ្វើឲ្យ​ប្រជាជន​មានការភ័យបារម្ភជាខ្លាំង។ សង្កាត់មួយចំនួនធំ​ បានក្លាយទៅជាសមរភូមិប្រយុទ្ធយ៉ាងអាណាធិបតេយ្យ រវាងក្រុមបាតុករ និងសមត្ថកិច្ច ដែលបាញ់រះមិនញញើតដៃ។ ប្រជាជននៅក្រុងរ៉ង់ហ្គូន បានអះអាងថា ពួកគេបានរងនូវការគំរាមកំហែង សម្លុតបំភ័យ ពីសំណាក់អាជ្ញាធរ ប្រៀបបីដូចជា​ជនឧទ្ទាមក្នុងសង្រ្គាមស៊ីវីល ទាំងដែលពួកគេគ្មានអាវុធសោះ។ នៅតាមស្ថាននីយ៍រថភ្លើង គេសង្កេតឃើញ ប្រជាជនភូមាជាច្រើននាក់កកកុញ ធ្វើដំណើរចាកចេញពីក្រុងរ៉ង់ហ្គូន ដោយសារតែពួកគេមិនចង់បន្តរស់នៅក្នុងភាពភ័យខ្លាច។ ដូចគ្នាដែរ អាជ្ញាធរថៃ និងឥណ្ឌា បានលើកឡើងថា គេសង្កេតឃើញប្រជាជនភូមាបានភៀសខ្លួនចូលមកក្នុងទឹកដីគេកាន់តែច្រើន។

សូមបញ្ជាក់ថា ទោះជាមានការថ្កោលទោស និង​ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចក៏ដោយ តែកងទ័ពភូមានៅតែធ្វើមិនដឹងមិនឮ។ មនុស្សប្រមាណ២៣០០នាក់ ត្រូវបានចាប់ខ្លួន។ មន្ត្រីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រឈមនឹងទោសក្បត់ជាតិ ដែលអាចជាប់ពន្ធនាគារ២២ឆ្នាំ។ ចំណែកលោកស្រីអ៊ុងសាន ស៊ូជី​វិញ ត្រូវតុលាការរបស់របបសិក ចោទពីបទប្រព្រឹត្តិអំពើពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ