អានតួអត្ថបទ
ភូមា

​ក្រោយបង្ក្រាប​ស្លាប់​យ៉ាង​ច្រើន​បំផុត ​ភូមា​ ដាក់​ច្បាប់អាជ្ញាសឹក

ថ្ងៃ​អាទិត្យ​ទី ១៤​មីនា ម្សិលមិញ ជា​ថ្ងៃដែលមាន​បាតុករ​បាត់​បង់​ជីវិត​ច្រើនជាង​គេបំផុត​ គិត​ចាប់​តាំង​ពី​ចលនា​បាតុកម្មប្រឆាំង​នឹង​រដ្ឋប្រហារ​បាន​ចាប់ផ្តើម​មក។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​បាតុករ ៤៤​នាក់ នេះ​បើ​តាម​តួលេខផ្តល់​ដោយ​​អង្គការ​ជំនួយ​អ្នក​ទោស ដែល​សន្និដ្ឋាន​ថា ចំនួនជន​រងគ្រោះ​ពិត​អាច​ច្រើន​តុល្យការ​នេះ​ឆ្ងាយ​ណាស់។ ចំណែក​សវនាការ​កាត់ទោស​​លោកស្រី​ អ៊ុងសាន ស៊ូជី ដែល​ត្រូវ​ចាប់​បើក​នៅ​ថ្ងៃចន្ទ​ទី ១៥ តាមវីដេអូខុនហ្វេរ៉ង់ ត្រូវ​លើក​ពេលទៅ​ធ្វើ​នៅ​ថ្ងៃទី ២៤​មីនាវិញ ដោយ​​ហេតុ តែ​គ្មាន​បណ្តាញ​អ៊ីនធ័រនែត​។

បាតុកម្ម​របស់​ពលរដ្ឋ​ភូមា​នៅ​ទីក្រុង​Yagon
បាតុកម្ម​របស់​ពលរដ្ឋ​ភូមា​នៅ​ទីក្រុង​Yagon © REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​សន្ទុះ​បាតុកម្មកាន់​តែខ្លាំង របប​សឹក​បាន​ប្រកាស​ដាក់​ច្បាប់​អាជ្ញា​សឹក នៅ​តាមខេត្ត​ក្រុង​មួយ​ចំនួន តាំង​ពី​ល្ងាច​ថ្ងៃ​អាទិត្យមក។ ក្នុង​មួយ​ថ្ងៃ​អាទិត្យ​មួយ​ម្សិលមិញ មាន​បាតុករ​យ៉ាង​ហោច​ណាស់ ៤៤​នាក់ ក្នុងនោះ​២២​នាក់ នៅ​ក្នុង​សង្កាត់ឧស្សាហកម្ម​ជាយក្រុង​រ៉ង់​ហ្គូន​ Hlaing Tharyarទី​ដែល​មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សាបំផុត។ ប៉ូលិស​និង​យោធា​ភូមា បាន​បាញ់​រះ​លើ​បាតុករ ក្រោយ​ពី​មាន​អគ្គីភ័យ​ឆេះ​​រោង​ចក្រ​កាត់​ដេរចិន​ ជា​ច្រើន​កន្លែង​មក។ គ្មាន​នរណា​ចេញមុខ​ទទួលខុស​ត្រូវ​ធ្វើ​ឱ្យ​ឆេះ​រោងចក្រ​កាត់​ដេរចិន​ទេ។ ប៉ុន្តែចិត្ត​​​ស្អប់​ខ្ពើម​ប្រឆាំង​ចិន បាន​ផុស​ច្រើន​កាន់​តែ​ច្រើន​ក្នុង​អារម្មណ៍​ពលរដ្ឋ​ភូមា​ ដោយ​ខ្លះ​យល់​ថា​ចិន​ ជា​អ្នកវិនិយោគ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេសភូមា តែ​មាន​ជំហរ​ស្រទន់​ជ្រុល​ជាមួយ​​​មេដឹកនាំ​យោធា។

ក្រោយ​ការ​ប៉ះទង្គិច​និ​ងបង្ក្រាប​យ៉ាង​ហិង្សា​ភ្លាម មេដឹកនាំ​យោធា​បាន​ប្រកាសដាក់​តំបន់​ខេត្ត​ក្រុង​ ក្នុង​នោះ​មានសង្កាត់​Hlaing Tharyar មួយ​ផង ក្រោម​ច្បាប់​អាជ្ញា​សឹក។ រាល់​ជនចាប់​ខ្លួន​បាននឹង​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​យោធា ហើយ​អាច​ជាប់​ពន្ធនាគារ​ដល់​បី​ឆ្នាំ ព្រមទាំង​ត្រូវ​ធ្វើ​ការ​ជា​ទម្ងន់​ទៀត។

ស្ថានភាព​នេះបាន​ជំរុញ​ឱ្យ​ចិន​​ចេញស្តី។ ស្ថានទូត​ចិន​បានស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ភូមា​ធានា​រក្សាសន្តិសុខ​ដល់ក្រុមហ៊ុន​និ​ងបុគ្គលិក​ចិន។ ចំណែក​បេសកកម្មជនពិសេស​ទទួលបន្ទុក​កិច្ចការ​ភូមា​របស់​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ការ​ថ្កោល​ទោស​អំពើ​ហិង្សា​នៅ​ថ្ងៃ​អាទិត្យ​ទី ១៤​មីនា​នេះ​យ៉ាង​ខ្លាំង។ ការ​បាញ់សម្លាប់ បង្ក្រាប​ ធ្វើ​មាន​ការបាត់ខ្លួន​ដោយ​បង្ខំ និង​ការធ្វើ​ទារុណកម្ម របស់​ក្រុម​យោធា​ ​ត្រូវ​បាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ចាត់ទុកថា​អាច​​ជា​បទ​ឧក្រិដ្ឋ​កម្មប្រឆាំងនឹងមនុស្ស​ជាតិ ដូច្នេះ​ត្រូវ​បញ្ឈប់​នូវ​រាល់​ការ​ផ្គត់ផ្គង់​ ឧបត្ថម្ភ​ជាអាវុធ និង​ថវិកាដល់​ពួក​យោធា។ នេះ​ជា​បើ​តាម​សារ​ទ្វីត​របស់​អ្នក​រាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិទទួល​បន្ទុកកិច្ចការ​ភូមា​ដដែល។

ដោយឡែក សវនាការ​កាត់ទោស​លោកស្រី អ៊ុងសានស៊ូជី អតីត​ប្រមុខ​រដ្ឋាភិបាល​ស៊ីវិល​ភូមា និង​ជា​ជ័យលាភី រង្វាន់ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ដែល​​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ​ទី ១៥មីនា ត្រូវ​អាក់ខាន​ទៅ​វិញ ដោយ​ហេតុ​គ្មានបណ្តាញ​អ៊ីនធ័រនែត។ តាំង​ពី​មាន​ផ្ទុះហេតុការណ៍​បាតុកម្ម​មក របប​សឹកបាន​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ីនធ័រនែត​ជា​ញឹកញយ។ សវនាការ​ថ្ងៃ​នេះ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី ២៤មីនា​វិញ។ លោកស្រី​ អ៊ុងសាន ស៊ូជី រងការ​ចោទ​ប្រកាន់ជា​ច្រើន​ករណី ដូច​ជា មិន​គោរព​បម្រាម​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​កូវីដ​១៩ ញុះញង់​ឱ្យ​មាន​ការ​ប៉ះបោរ​និង​អស្ថិរភាពសង្គម​ រំលោភ​ច្បាប់​ទូរគមនាគមន៍ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​ទទួល​សំណូក​ជា​លុយ​៦សែនដុល្លារ និង​មាស​ជាង១១គីឡូ។ លោកស្រី​ អ៊ុងសានស៊ូជី ហាក់​មាន​សុខភាព​ល្អ​ បើ​តាម​រូប​ភាព​វីដេអូ​កាលពី​ថ្ងៃទី ១​មីនា​ ពេល​បើកសវនការ​លើក​មុខ។ ប៉ុន្តែ​លោកស្រីនៅ​បន្ត​ជាប់​ឃុំឃាំង​ក្នុង​ទី​អាថ៌កំបាំង​មួយ ដោយ​ពុំ​អាច​មាន​នរណា​ចូល​ជួប​សូម្បី​តែ​មេធាវី​របស់​លោកស្រី៕

/

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ