អានតួអត្ថបទ
ចិន-ហុងកុង

ប៉េកាំង​ប្តេជ្ញា​មិនធ្វើ​សម្បទាន ក្នុងរឿង​ធ្វើកំណែទម្រង់​ប្រព័ន្ធបោះឆ្នោត​នៅហុងកុង

ឆ្លើយតប​នឹង​ប្រទេស​លោកខាងលិច ដែល​បាន​បរិហាររិះគន់ ចំណាត់ការរបស់​ប៉េកាំង ដើម្បី កែប្រែ​ប្រព័ន្ធបោះឆ្នោត ហុងកុង អ្នកតំណាង​ទីក្រុង​ប៉េកាំង​បាន​ចេញ​មុខ​ធ្វើ​សន្និសីទ​នៅថ្ងៃ​សុក្រនេះ ដើម្បី អះអាង​ការពារ​ថា សេចក្តីព្រាងច្បាប់​ធ្វើ​កំណែទម្រង់​ប្រព័ន្ធបោះឆ្នោត ជាចំណាត់ការ​ទី២ បន្ទាប់​ពី​ច្បាប់​សន្តិសុខជាតិហុងកុង ដើម្បី បិទបញ្ចប់​ចលាចល និង​ភាពអនាធិបតេយ្យ នៅទីក្រុង​ហុងកុង។

ប៉ូលិស​ហុងកុង ក្នុង​ពិធីបង្ហូតទង់ជាតិ​ចិន ហុងកុង នៅទីក្រុង​ហុងកុង នៅថ្ងៃទី​១១​មីនា​ ថ្ងៃ​ដែល​សភា​ចិន អនុម័ត យល់ព្រម​ឲ្យគេ​ធ្វើកំណែទម្រង់​ប្រព័ន្ធបោះឆ្នោត នៅ​ហុងកុង
ប៉ូលិស​ហុងកុង ក្នុង​ពិធីបង្ហូតទង់ជាតិ​ចិន ហុងកុង នៅទីក្រុង​ហុងកុង នៅថ្ងៃទី​១១​មីនា​ ថ្ងៃ​ដែល​សភា​ចិន អនុម័ត យល់ព្រម​ឲ្យគេ​ធ្វើកំណែទម្រង់​ប្រព័ន្ធបោះឆ្នោត នៅ​ហុងកុង REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍ អង់គ្លេស សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ប្រតិកម្ម​រិះគន់ៗ ជាបន្តបន្ទាប់ នៅក្រោយ សភា​ចិន​បោះឆ្នោត​យល់ព្រម ឲ្យ​គេ​ធ្វើកំណែទម្រង់​ប្រព័ន្ធបោះឆ្នោត នៅ​ហុងកុង។

សហភាពអឺរ៉ុប បាន​បរិហារ​ចំណាត់ការ​របស់​ទីក្រុង​ប៉េកាំង ថា ជា​ការរំលោភ​មួយថ្មីទៀត ទៅលើ​គោលការណ៍​ប្រទេសមួយ ប្រព័ន្ធពីរ។ ចំណែក​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន បាន​វាយតម្លៃថា ចិន​កំពុង​រំលោភ​ការសន្យា របស់​ខ្លួន ជាមួយ​ប្រជាជន​ហុងកុង ដែលមាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង ចិន​អង់គ្លេស និង​ដែល​បានធ្វើឡើង​នៅមុន​ពេល​អង់គ្លេស​ប្រគល់​ហុងកុង​ទៅ ឲ្យ​ចិន​កាន់កាប់​វិញ នៅ ឆ្នាំ ១៩៩៧។

នៅក្រោយ សភាចិន អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីកំណែទម្រង់​ប្រព័ន្ធបោះឆ្នោត ហុងកុង ទាំងសហភាពអឺរ៉ុប និង​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់ ជាមួយ​ចិន ប៉ុន្តែ អ្នកតំណាងជាន់ខ្ពស់ របស់​ចិន បាន​ចេញមុខ​មក​បញ្ជាក់ថា ចិន​នឹង​មិន​ធ្វើ​សម្បទាន អ្វីទាំងអស់ នៅក្នុង​រឿង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត នៅហុងកុង និង​ថា ប៉េកាំង​នឹង​មិន​ធ្វើ​សម្បទាន នៅចំពោះ​មុខ​កម្លាំងបរទេស ដែល​ចង់​បង្ករអស្ថិរភាព នៅហុងកុង។

នៅក្នុង​សន្នីសិទ​កាសែត នៅថ្ងៃ​សុក្រនេះ លោក Zhang Xiaoming អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​នៃ​ការិយាល័យ កិច្ចការ​ហុងកុង និង​ម៉ាកាវ របស់​រដ្ឋាភិបាល​ចិន បាន​ចាត់ទុក ផែនការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធបោះឆ្នោត ហុងកុង ថា ជា​ការវាយ ដាល់ មួយដៃ​ទៀត នៅ​បន្ទាប់​ពី​ច្បាប់​សន្តិសុខជាតិ​ហុងកុង​បាន​ទៅ បិទបញ្ចប់ ចលាចល នៅ ទីក្រុង​ហុងកុង កាលពី ឆ្នាំមុន។

បន្ថែម​ពីលើ​ច្បាប់សន្តិសុខ​ជាតិ ដែល​បាន​បើកផ្លូវ​ឲ្យ​ប៉ូលិស​ហុងកុង ចាប់ឃុំ​ខ្លួន សកម្មជន និង​អ្នកនយោបាយ​ដើម្បី លទ្ធិប្រជាធិបតេយ្យ ហុងកុង ជាច្រើនរូប កំណែទម្រង់ ប្រព័ន្ធ​បោះឆ្នោត​ហុងកុង មាន​គោលដៅ បន្ថែម​អំណាច​ទៅ​ឲ្យ​គណៈកម្មការ​បោះឆ្នោត​ហុងកុង ដើម្បី​មានសិទ្ធិ​ជ្រើសរើស រាល់​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​សភាហុងកុង។

ទៅតាម​សេចក្តីព្រាង​កំណែទម្រង់ ដែលសភា ចិន​បាន​បោះឆ្នោត​អនុម័ត​នៅថ្ងៃ​ព្រហស្បតិ៍ គណៈកម្មការ​បោះឆ្នោត នឹង​ពង្រីក​ចំនួន​សមាជិក​របស់ខ្លួន ពី ១២០០​នាក់ទៅ ១៥០០នាក់។ វិធានការ​នេះ នឹង​ទៅកាត់​បន្ថយ ចំនួន​សមាជិក​សភា ហុងកុង ដែលកើតចេញ​មកពីការបោះឆ្នោត​ដោយ​ផ្ទាល់ របស់​ប្រជាជន​ហុងកុង។ ជារួម គណៈកម្មការ បោះឆ្នោត ហុងកុង ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង​ ជាអ្នកជ្រើសរើស មេដឹកនាំ​ហុងកុង និងសមាជិកសភា​ហុងកុង​ដែល​ស្មោះស្ម័គ្រ​នឹង​បក្ស​កុម្មុយនិស្តចិន។

អ្នកនយោបាយ មកពី​គណបក្ស​ដើម្បី​ប្រជាធិបតេយ្យ​ហុងកុង ធ្លាប់​បាន​បរិហារ​រួចហើយថា កំណែទម្រង់​ប្រព័ន្ធបោះឆ្នោត គឺ​ជា​ការសម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅហុងកុង ព្រោះថា វា​នឹង​ផាត់ចោល រាល់​អ្នកប្រជាធិបតេយ្យ ហុងកុង ដែល​គ្មាននិន្នាការ គាំទ្រ​នយោបាយ​របស់​ប៉េកាំង ចេញ​ពីក្នុង​ស្ថាប័ន​ដឹកនាំ​នៅ​ហុងកុង៕

 

À la suite du vote de jeudi, le comité permanent de l'ANP devrait être chargé de rédiger un projet de loi qui sera officiellement approuvé par le Parlement chinois avant d'être imposé à Hong Kong.

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ