អានតួអត្ថបទ
ភូមា

ឯកអគ្គរដ្ឋ​ទូត​ភូមាប្រចាំអ.ស.ប.​បរិហា​រ​មេដឹកនាំ​យោធា នៅ​លើវេទិកា​អង្គការ​សហប្រជាជាតិ

នៅ​ថ្ងៃ​សុក្រ​ទី ២៦​កុម្ភៈ២០២១ នៅចំពោះ​មុខ​​អង្គមហា​សន្និបាត​អង្គការ​ប្រជាជាតិ ឯកអគ្គរដ្ឋ​ទូត​ភូមា​ប្រចាំអង្គការ​សហប្រជាជាតិលោក Kyaw Moe Tun បានបរិហារ​រដ្ឋប្រហារ​របស់​មេ​ដឹកនាំ​សឹក​ភូមា និង​បានអំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​សកម្មភាពឱ្យ​បាន​ខ្លាំងក្លា​ ​​ជួយ​ពលរដ្ឋ​ភូមា។ លោកឯកអគ្គរដ្ឋ​ទូតបាន​បិទ​បញ្ចប់​សុន្ទរកថា ដោយ​លើក​ម្រាមដៃ​បី​​ឡើង​លើ ជា​និម្មិត្តរូបនៃ​ការ​​គាំទ្រ​ចលនា​ប្រឆាំង​នៅ​ក្នុង​ប្រទេសផង។

លោក Kyaw Moe Tun ឯកអគ្គរដ្ឋ​ទូត​ភូមា ប្រចាំ​អង្គការ​សហប្រជាជាតិ​ លើក​ម្រាមដៃ​បី ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អង្គ​មហា​សន្និបាត​ ថ្ងៃទី ២៦​កុម្ភៈ​២០២១
លោក Kyaw Moe Tun ឯកអគ្គរដ្ឋ​ទូត​ភូមា ប្រចាំ​អង្គការ​សហប្រជាជាតិ​ លើក​ម្រាមដៃ​បី ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អង្គ​មហា​សន្និបាត​ ថ្ងៃទី ២៦​កុម្ភៈ​២០២១ AP
ផ្សាយពាណិជ្ជកម្ម

ក្នុងសុន្ទរកថា​​១២​នាទី​ លោក Kyaw Moe Tun ឯកអគ្គរដ្ឋ​ទូត​ភូមា​​ប្រចាំ​អង្គការ​សប្រជាជាតិ​មិន​ត្រឹម​តែ​បរិហារ​រដ្ឋប្រហារ​និង​ទង្វើ​បង្ក្រាបបាតុករ​ស៊ីវិល ព្រមទាំង​ទង្វើ​ឧក្រិដ្ឋ​លើ​ជនជាតិ​ភាគតិច​​របស់​ពួក​យោធា​ទេ តែ​ថែម​ទាំង​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ធ្វើ​យ៉ាង​ណា​បិទ​បញ្ចប់​អំណាច​សឹក​នៅ​ភូមា​ឱ្យ​បាន​ឆាប់​រហ័សផង និង​ ​ប្រគល់​អំណាច​មក​ឱ្យ​ប្រជាពលរដ្ឋ​ភូមា​វិញផង។ ជាមួយ​នឹង​ពាក្យ​ប្តេជ្ញា​នាំ​ភូមា​ឱ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល បង្កើត​ឡើង​ដោយ​ពលរដ្ឋ​និង​ដើម្បី​ពលរដ្ឋ លោកឯកអគ្គរដ្ឋ​ទូត បាន​សំណូមពរ​ឱ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួលស្គាល់​របប​ដឹកនាំ​ដែលកើត​ចេញ​ពី​រដ្ឋប្រហារ​ថ្ងៃទី ១កុម្ភៈ ២០២១​ និង​កុំសហការ​រដ្ឋាភិបាល​សឹកនេះ។ អន្តរាគមន៍​របស់​លោក​ Kyaw Moe Tun បាន​ទទួល​ការ​ស្វាគមន៍​ទះ​ដៃ​អបអរ​យ៉ាង​កងរំពង​ ក្នុង​សាល​ប្រជុំ ព្រម​ទាំង​ការ​លើក​សរសើរ​ពី​សំណាក់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង្គការ​កិច្ច​សហប្រតិបត្តិការ​អ៊ីស្លាម ថា​ជា​សុន្ទរកថា​ដ៏​ក្លាហាន​ និងច្បាស់​លាស់។

សំឡេងប្រឆាំង​នឹង​អាជ្ញាធរ​​ឯង ចេញពីបបូរមាត់​ឯកអគ្គរដ្ឋ​ទូត នៅ​អង្គការសហប្រជាជាតិ​ ជាការ​ដ៏កម្របំផុត។ ​​ករណីនេះ​ធ្លាប់កើត​មាន​ជា​លើក​ចុងក្រោយ​បង្អស់​កាលពី​ឆ្នាំ​២០១១ ដោយ​​ឯកអគ្គរដ្ឋទូត​លីប៊ី​ស្រែក​ប្រឆាំងនឹង​របបផ្តាច់ការ​កាដាហ្វី​ ពេល​កំពុង​មានការ​ប៉ះបោរប្រជាជន​យ៉ាង​​ខ្លាំង​នៅ​លីប៊ី។

មុន​សុន្ទរកថា​របស់​ឯកអគ្គរដ្ឋ​ទូត​ភូមា​ លោកស្រីChristine Schraner Burgener ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកកិច្ចការ​ភូមា ក៏​បាន​ថ្កោល​ទោស​ទង្វើ​បង្ក្រាប​របស់​ក្រុមយោធា​ភូមាដែរ។ តំណាង​អង្គការ​សហប្រជាជាតិ​ចង់​ចុះទៅត្រួត​ពិនិត្យ​ស្ថានការណ៍​ដោយ​ផ្ទាល់​ក្នុង​ដឹកដី​ភូមា ជាមួ​យ​នឹងលក្ខខណ្ឌ​សុំ​ជួប​លោក​ស្រី​អ៊ុងសានស៊ូជី ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាលសឹក​បដិសេធ​។

ដូច​ទម្លាប់​ ចិនតាម​រយៈ​ឯកអគ្គរដ្ឋ​ទូត​​ប្រចាំ​អង្គការ​សហប្រជាជាតិ ចាត់ទុក​ស្ថានភាព​ភូមា​ជា​​កិច្ចការ​ផ្ទៃក្នុង និង​ស្នើ​សុំ​ឱ្យ​គ្រប់​ភាគី​កុំលូកដៃ ដែល​អាច​​ញុះញង់​ឱ្យ​មាន​ភាព​តាន​តឹង និង​​កាន់​តែ​ធ្ងន់ធ្ងរ​ ក្លាយ​ជា​អំពើ​ហិង្សា​បង្ហូរ​ឈាម។

សូម​បញ្ជាក់​ថា ក្នុង​ពេល​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​បើក​មហាសន្និបាត​ពិសេស ​ដែលស្នើ​​រៀប​ចំ​ឡើងដោយ​សហរដ្ឋ​អាមេរិក​និងសហភាព​អឺរ៉ុប ស្តី​ពី​វិបត្តិ​ភូមា​ និង​ដែលចូលរួម​ដោយ​​តំណាង​ការ​ទូត​ចំនួន​១៩៣ប្រទេស ចលនា​បាតុកម្ម​នៅ​ភូមា​កាន់​រីក​ធំឡើងៗ។ មាន​ក្រុម​ជនជាតិ​ភាគ​តិច កាន់​តែ​ច្រើនឡើងៗ​ បានមក​ចូល​រួម​ធ្វើ​បាតុកម្ម​​ដែរ។ ចំណែក​ប៉ូលិសវិញ ​បាន​បាញ់​កាំភ្លើង​គ្រាប់​ជ័រដើម្បី​បំបែក​ហ្វូង​បាតុករ។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ