អានតួអត្ថបទ
ចិន-កូវីដ១៩

កូវីដ​​១៩៖ អាជ្ញាធរចិន​ចាត់វិធានការ​បង្អាក់​ការធ្វើ​ដំណើរ​ចុះឡើង ក្នុង​រដូវ​កាល​ចូលឆ្នាំ​​ចិន

ជាធម្មតា នៅក្នុងអំឡុងពេល​បុណ្យ​ចូលឆ្នាំប្រពៃណីចិន គឺមាន​ប្រជាជន​ចិន ដែលជាពល​ករ​ចំណាកស្រុករាប់សិបលាននាក់ ដែលតែងតែធ្វើដំណើរត្រលប់ទៅស្រុកកំណើតជួបជុំគ្រសារ។ ក៏ប៉ុន្តែ នៅឆ្នាំនេះ ដើម្បីបង្ការការឆ្លងរាលដាលនូវកូវីដ​១៩ អាជ្ញាធរចិនបានចេញវិធានការ​មួយចំនួន ដើម្បីទប់កុំ​ឲ្យ​ប្រជាជនធ្វើដំណើរចុះឡើង និង​មានវិធានការលើកទឹកចិត្ត ដល់អ្នកដែល​មិន​ធ្វើដំណើរទៅជួបជុំគ្រួសារ​នៅខេត្តផ្សេងៗផងដែរ។

ភ្លើងគោម​លំអតាមរបង នៅទីក្រុងប៉េកាំង ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។ ប៉េកាំង ថ្ងៃទី ១១ កុម្ភៈ ២០២១
ភ្លើងគោម​លំអតាមរបង នៅទីក្រុងប៉េកាំង ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។ ប៉េកាំង ថ្ងៃទី ១១ កុម្ភៈ ២០២១ REUTERS - CARLOS GARCIA RAWLINS
ផ្សាយពាណិជ្ជកម្ម

បុណ្យ​ចូលឆ្នាំ គឺជាបុណ្យ​ដ៏សំខាន់បំផុត ក្នុងប្រពៃណីជនជាតិចិន ហើយក៏ជាវិស្សមកាល​មួយ​ដ៏សំខាន់ផងដែរ ដើម្បី​អនុញ្ញាតឲ្យ​ប្រជាជន អាចឈប់សម្រាក ជួបជុំក្រុមគ្រួសារ។ ប្រជាជនចិន​ដែលពលករ ឬបុគ្គលិក មកពីខេត្តផ្សេងៗ រាប់សិបលាននាក់ នៅតាមទីក្រុងធំៗនានា ជាធម្មតាតែងតែយកឱកាសនេះ ត្រលប់ទៅលេង​ស្រុកកំណើត។

បើទោះបីជាការណីឆ្លងរាលដាលកូវីដ​១៩ នៅប្រទេសចិន មានការចុះអន់ថយ​ខ្លាំង សឹងតែគ្មានសោះក៏ដោយ តែអាជ្ញាធរចិន មិនបានបន្ធូរបន្ថយការប្រុងប្រយ័ត្ននោះទេ ជាពិសេសនៅក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ។ វិធានការមួយចំនួន​ត្រូវបានដាក់ចុះ មានទាំងការ​រារាំងហាមឃាត់ការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ​ និងការលើកទឹកចិត្ត អរគុណចំពោះអ្នកដែលសុខចិត្ត មិនធ្វើដំណើរ។

ក្រុងប៉េកាំង គឺជាតំបន់ដែលមានវិធានការតឹងតែងជាងគេបង្អស់។ អ្នកដែលចង់ធ្វើដំណើរចេញ ឬចូលក្រុងប៉េកាំង គឺត្រូវតែមានលទ្ធផលតេស្តអវិជ្ជមានកូវីដ មុនពេលមកដល់។  ហើយ​ពេលមកដល់ គឺត្រូវ​ស្នាក់នៅ​ដាច់ដោយឡែក១៤ថ្ងៃ ដោយ​ត្រូវ​ធ្វើតេស្តបន្ថែម​២ដងទៀត មុននឹងអាចចេញដំណើរទៅណាមកណាបាន។

ចំពោះការលើកទឹកចិត្តប្រជាជនមិនឲ្យធ្វើដំណើរវិញ រដ្ឋាភិបាលចិន បានចំណាយ​ប្រាក់ប្រមាណ ជាង​៤០លានយាន់ ដែលស្មើជាង​៦លានដុល្លារសហរដ្ឋអាមេរិក។ អំណោយ​លើកទឹកចិត្តទាំងនោះ គឺមានដូចជាគូប៉ុងបញ្ចុះតម្លៃទំនិញអនឡាញ អំណោយជាកញ្ចប់សេវាទូរស័ព្ទ និង​សេវាមើលខ្សែភាពយន្តអនឡាញជាដើម។

ជាការកត់សំគាល់ទូទៅ ក្នុងអំឡុងពេល​ចូលឆ្នាំចិនឆ្នាំនេះ គេសង្កេតឃើញ ការធ្វើដំណើរក្នុងស្រុក​ តាមរថភ្លើង និងតាម​យន្តហោះ បានធ្លាក់ចុះដល់ទៅ​៨០% បើ​ប្រៀបធៀបទៅបុណ្យ​ចូលឆ្នាំ​ ឆ្នាំមុន។ ស្ថានីយរថភ្លើងធំៗនៅទីក្រុងប៉េកាំង ដែលធ្លាប់តែមានមនុស្ស​កកកុញណែនណាន់តាន់តាប់ នៅថ្ងៃមុនចូលឆ្នាំមួយថ្ងៃ គឺមានសភាស្ងាត់ប្លែកពីធម្មតា។ តែយ៉ាងណាក៏ដោយ ​ក៏នៅមាន​​មនុស្សមួយចំនួនតូចដែរ ដែល​បានសម្រេចចិត្ត​ធ្វើដំណើរទៅជួបជុំគ្រួសារ ដោយ​សារក្តីនឹករលឹក អត់ទ្រាំពុំបាន​ បើទោះបីជាដឹងថាពេលត្រលប់មកវិញ នឹងត្រូវធ្វើតេស្ត ហើយ​ត្រូវធ្វើចត្តាឡីស័កក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ