អានតួអត្ថបទ
ចិន-វ៉ាក់សាំងកូវីដ​១៩

​វ៉ាក់សាំង​​កូវីដ​១៩​របស់​មន្ទីរពិសោធន៍​​ចិន Sinopharm​ មានប្រសិទ្ធិភាព​​​៧៩% តែ​នៅតែ​ខ្វះ​ទំនុកចិត្ត​

ថ្វីបើមាន​ប្រទេសមួយចំនួន ដូចជា​ហុងគ្រី ឥណ្ឌូណេស៊ី ម៉ារ៉ុក ហ្សកដានី ឬសេណេហ្គាល់ជាដើម បានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩​ របស់មន្ទីរពិសោធន៍ចិន Sinopharm រួចហើយក៏ដោយ តែវ៉ាក់សាំងនេះ មិនសូវទទួល​បានទំនុកចិត្ត ប៉ុន្មានទេ ពីសំណាក់​ប្រទេសភាគច្រើន ជាពិសេសនៅអឺរ៉ុប បើប្រៀបធៀបទៅនឹងវ៉ាក់សាំងផ្សេងទៀត របស់​មន្ទីរពិសោធន៍ Pfizer/BioNTech Moderna និង AstraZeneca ជាដើម។

បុគ្គលិកកម្ពុជា កំពុងរៀបចំដឹកជញ្ជូនវ៉ាក់សាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ចិន Sinopharm ដែលចិនបានប្រគល់​ឲ្យ​កម្ពុជា​។ ភ្នំពេញ​ ថ្ងៃទី ៧ កុម្ភៈ ២០២១
បុគ្គលិកកម្ពុជា កំពុងរៀបចំដឹកជញ្ជូនវ៉ាក់សាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ចិន Sinopharm ដែលចិនបានប្រគល់​ឲ្យ​កម្ពុជា​។ ភ្នំពេញ​ ថ្ងៃទី ៧ កុម្ភៈ ២០២១ AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី៣០ធ្នូ ឆ្នាំ២០២០ មន្ទីរពិសោធន៍ផលិតឱសថចិន Sinopharm បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ​១៩របស់ខ្លួន គឺមាន​ប្រសិទ្ធិភាព​ចំនួន ៧៩.៣៤% ដោយ​ផ្អែកលើការបូកសរុប លទ្ធ​ផល​សាកល្បងទ្រង់ទ្រាយធំ ដំណាក់កាលទី​៣។ អាជ្ញាធរគ្រប់គ្រងឱសថចិន ក៏​បានចេញអាជ្ញាបណ្ណផលិត និងចែកចាយ​ ទៅឲ្យ​មន្ទីរពិសោធន៍នេះ។

ផ្អែកតាមការប្រកាសនេះ គឺ​កម្រិតប្រសិទ្ធិភាពនៃវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ចិន Sinopharm មានទាបជាង ប្រសិទ្ធិភាព​របស់វ៉ាក់សាំង នៃ​​មន្ទីរពិសោធន៍អាមេរិក Pfizer/BioNTech និង Moderna ដែលមានសុទ្ធតែជាង​៩០%។ តែយ៉ាងណា វ៉ាក់សាំងរបស់ Sinopharm គឺមានកម្រិតប្រសិទ្ធិភាព ខ្ពស់ជាងវ៉ាក់សាំងរបស់មន្ទីរពិសោធន៍អង់គ្លេស AstraZeneca បន្តិច។

អ្វីដែលគេដឹង សម្រាប់ពេលនេះ គឺថា ខុសពីវ៉ាក់សាំង របស់ Pfizer/BioNTech និង Moderna ដែល​មានទំរង់ថ្មីស្រឡាង ផ្គុំឡើងដោយ​បច្ចេកទេស ARN វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ចិន Sinopharm គឺជាវ៉ាក់សាំង ដែលមានទំរង់លក្ខណៈសាមញ្ញ ហើយគេធ្លាប់ប្រើ​ជាធម្មតាកន្លងមក ក្នុងវិស័យ​ឱសថសាស្ត្រ។ វ៉ាក់សាំង របស់មន្ទីរពិសោធន៍ចិន Sinopharm និងវ៉ាក់សាំងរបស់មន្ទីរពិសោធន៍អង់គ្លេស AstraZeneca គឺត្រូវបាន​ផលិត​ឡើង ដោយ​បច្ចេកទេសដូចគ្នា។

មានន័យថា វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Sinopharm គឺប្រើវិធី​ធម្មតា ដោយ​យកមេរោគ កូរ៉ូណាវីរុសប្រភេទថ្មី (Sars-CoV-2) ដែលគេបានសម្លាប់វា ក្នុងកម្រិតតូចមួយ យកទៅចាក់បញ្ចូល​ទៅក្នុង​ខ្លួន​មនុស្ស​ ដើម្បីដាស់សរីរាង្គមនុស្ស ឲ្យ​កម្រើក ហើយផលិត​ប្រព័ន្ធអង់ទីក័រ ដើម្បីទប់ទល់ជាមួយ​មេរោគនេះ។ គុណសម្បតិ្តមួយ នៃ​វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Sinopharm នេះ គឺគេអាចរក្សាទុក ក្នុងទូទឹកកកធម្មតា ក្នុងសីតុណ្ហភាព ចន្លោះពី ២°c ទៅ ៨°c។ វ៉ាក់សាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ចិន Sinopharm គឺត្រូវចាក់ចំនួន​២ដូស ដោយ​រំលងគ្នា​ចំនួន​២៨ថ្ងៃ។

តែយ៉ាងណា គិតមកត្រឹមពេលនេះ មានដំណឹងតិចតួចបំផុត​ ដែលបញ្ជាក់លំអិត ស្តីអំពីលទ្ធផល​សាកល្បង របស់វ៉ាក់សាំងចិន Sinopharm។ ដែលប្រការនេះ បានធ្វើ​ឲ្យ​មានការមិនទុកចិត្ត ពីសំណាក់​ប្រទេសមួយចំនួន។ ក្រៅ​តែពី​​ខ្វះ​ឯកសារលំអិតស្តីពីលទ្ធផលសាកល្បង អ្នកជំនាញមួយ​បានលើកឡើងថា មន្ទីរពិសោធន៍​​ផលិត​ឱសថរបស់ចិន មានបទពិសោធន៍តិចណាស់ ក្នុងការប្រមូលទិន្នន័យ នៃការធ្វើ​តេស្តសាកល្បងទ្រង់ទ្រាយ​ធំនៅក្រៅប្រទេស ដោយហេតុថា នៅក្នុង​ស្រុកចិន មិនមាន​អ្នក​ជំងឺ​កូវីដ​១៩​ច្រើន​គ្រប់គ្រាន់ទេ។

មន្ទីរពិសោធន៍ផលិតឱសថចិនខ្លះ ក៏ធ្លាប់ជួប​រឿងអាស្រូវផលិតវ៉ាក់សាំងគ្មានគុណភាពផងដែរ។ តែយ៉ាងណា ក្រសួងការបរទេសចិន បានអះអាងកាលពីថ្ងៃសុក្រកន្លងទៅ ថាអាជ្ញាធរចិន មិនបានលេងសើចជាមួយ​វ៉ាក់សាំងកូវីដ១៩ទេ ពោលគឺអ្នកជំនាញចិន បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ហើយ​ធានាថាវ៉ាក់សាំងនេះ មាន​ប្រសិទិ្ធភាព​ល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ