អានតួអត្ថបទ
កូវីដ១៩-អង្គការ​សុខភាព​ពិភពលោក

អ្នក​ជំនាញ​WHO ៖ ​​សម្មតិកម្ម​មេរោគកូវីដ​ធ្លាយ​ពីមន្ទីរ​ពិសោធន៍ មិនគូរ​ឱ្យ​ជឿ

ប្រធាន​ក្រុមអ្នក​ជំនាញ​​​អង្គការ​សុខភាព​ពិភពលោក ដែល​កំពុង​ចុះ​ទៅ​អង្កេត​រក​ប្រភពដើម​នៃ​ជំងឺ​កូវីដ​១៩ ហាក់ដូច​ជា​​ចង់​​ច្រាន​ចោល​​​សម្មតិកម្ម​ដែល​មេរោគ​កូរ៉ូណា​ថ្មី​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​ចិន។ នៅ​ក្នុងបទ​សម្ភាសន៍​តាមទូរស័ព្ទ ពី​ទីក្រុង​ប៉េកាំង ​ជា​មួយ​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នា​ថ្ងៃព្រហស្បតិ៍​ទី ៤​កុម្ភៈ​២០២១​នេះ លោក​ Peter Ben Embarek បាន​អះអាង​ថា សម្មតិកម្ម​មេរោគ​កូវីដ​ធ្លាយ​ពី​មន្ទីរ​ពិសោធន៍​​ សម​ជា​​សេណារីយោ​ភាព​យន្ត​ខ្លាំងណាស់​។

វិទ្យាស្ថានស្រាវជ្រាវ​មេរោគ​វូហាន
វិទ្យាស្ថានស្រាវជ្រាវ​មេរោគ​វូហាន Hector RETAMAL AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ចុះ​ទៅ​អង្កេត​ដល់​វិទ្យាស្ថានស្រាវជ្រាវ​មេរោគ​​វ៉ូហាន លោក Peter Ben Embarek ប្រធាន​ក្រុម​អ្នក​ជំនាញ​អង្គការ​សុខភាពពិភពលោកបាន​អះអាងថា​ គិត​មក​ទល់​ត្រឹម​ពេល​នេះ គេពុំ​មាន​រក​ឃើញ​ភស្តុតាង​អ្វី​មក​បញ្ជាក់ និង​គួរ​ជឿ​ថា​មាន​ករណី​ធ្លាយ​មេរោគ​ចេញ​ពី​មន្ទីរ​ពិសោធន៍​វ៉ូហាន​ទេ។ សម្មតិកម្ម​ដែល​មាន​លេច​ឮកន្លង​មក សម​ជា​សេណារីយោ​ដ៏​ល្អ​សម្រាប់​ភាពយន្តឬ​រឿង​ភាគ ប៉ុន្តែលោកសន្យា បន្ត​អង្កេត​តាម​បែប​វិទ្យាសាស្ត្រ​និង​តាម​អង្គហេតុ​ ដើម្បី​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ​ស្តីអំពី​ដើម​ហេតុ​នាំ​មាន​រោគ​រាតត្បាត​សកល​បាន។ ​

ជាអ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ​នៅ​អង្គការ​សុខភាព​ពិភពលោក តាំង​ពី​ឆ្នាំ​២០១០​មក លោក Peter Ben Embarek ជាតិ​ដាណឺម៉ាកដែល​​ធ្លាប់​ចាត់​ទុក​វិទ្យាស្ថាន​ស្រាវជ្រាវ​មេរោគវូហាន ជា​ដំណាក់កាល​ទស្សនកិច្ច​ដ៏​សំខាន់ បាន​បញ្ជាក់​ថាបាន​ផ្តោះប្តូរ​កិច្ចសន្ទនា ដោយ​​ត្រង់​ទៅ​ត្រង់​មកជាមួយ ​​​ភាគី​ចិន​ និងប្រកប​ដោយ​អត្ថ​​ប្រយោជន៍​សម្រាប់​យល់​អំពី​ជំហរ​របស់​ចិន ក្នុង​ការ​ផ្តល់​ព័ត៌មាន​ផ្សេង​ៗ​ស្តី​ពី​ជំងឺ​កូវីដ​១៩ ដែល​បាន​ឃើញ​និងមានចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន។

បើ​តាម​លោក Peter Ben Embarek ការ​អង្កេត​​នេះ​មិន​អាច​ផ្តល់ចម្លើយ​បាន​ពេញ​លេញ​​អំពី​មូល​ហេតុ​នៃការរាត​ត្បាត​មែន តែ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់។ បេសកកម្ម​របស់លោក និង​​ក្រុមអ្នក​ជំនាញ​លើ​ទឹក​ដី​ចិន ត្រូវ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ។

សូម​បញ្ជាក់​ថា​​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ ធ្លាប់បាន​ព្រលយ​ភាព​សង្ស័យ​​​ចោទ​ថាមេរោគ​កូវីដ​១៩​បាន​​ធ្លាយ​មេរោគ ដោយ​ចេតនា​ឬ​អចេតនា ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​មេរោគ​​នៅ​វូហាន​ដែល​មាន​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​មេរោគ​ប្រភេទP3 និង P4។ មន្ទីរពិសោធន៍P3 សិក្សា​ស្រាវជ្រាវ​​អំពី​មេរោគ​កំណាចៗមួយ​ចំនួន ដូចជាមេរោគកូរ៉ូណាវីរុសនេះជាដើម។ ចំណែក មន្ទីរពិសោធន៍ P4 មាន​លក្ខខណ្ឌសន្តិសុខសុវត្ថិភាព កាន់​តែ​ខ្ពស់ ទៀត ព្រោះជា​កន្លែង​ធ្វើការស្រាវជ្រាវ ​មេរោគ ដែលកាចសាហាវកម្រិតខ្លាំង ដូចជាមេរោគ អេបូឡា ជាដើម។ មន្ទីរពិសោធន៍ P4 វូហាន​បាន​​បើក​ឲ្យដំណើរការ នៅឆ្នាំ​២០១៨ ដោយ សហការបច្ចេកទេសជាមួយ​អ្នកជំនាញ​បារាំង។ ​មុន​ផ្ទេរ​​តំណែងឱ្យ​រដ្ឋាភិបាល​ថ្មី អតីត​​ប្រមុ​ខការទូត​អាមេរិក ប៉ុមប៉េអូ បាន​ចង្អុល​មុខ​វិទ្យាស្ថាន​វូហាន​នេះ​ម្តង​ទៀត។ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​វិទ្យាស្ថាន​ស្រាវជ្រាវ​មេរោគ​វូហាន​ជាចំណុច​​ដ៏​ចម្រូង​ចម្រាស​ជាង​គេ​បំផុត​សម្រាប់​ក្រុម​អ្នក​អង្កេត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ