អានតួអត្ថបទ
ភូមា-នយោបាយ

យោធាភូមាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នមួយឆ្នាំ ក្រោយការធ្វើរដ្ឋប្រហារនិងចាប់ខ្លួនមេដឹកនាំស៊ីវិល អ៊ុងសាន ស៊ូជី

ទាហាន​ភូមា​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ រយៈ​ពេល​មួយ​ឆ្នាំ​ ក្រោយ​តែ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹកនាំ​ស៊ីវិល​ និង​ជា​ទីប្រឹក្សា​រដ្ឋ​ លោក​ស្រី​ អ៊ុងសាន ស៊ូជី ​ដោយ​ជោគជ័យ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​១​កុម្ភៈ​នេះ​។ ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ពេល​នេះ​ គឺ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ប្រទេស​ឲ្យ​បាន​នឹងនរ​ ក្រោយ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​។

បដាដែលមានរូបភាពរបស់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ុងសានស៊ូជីនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាថ្ងៃសុក្រទី ២៩ ខែមករាឆ្នាំ ២០២១
បដាដែលមានរូបភាពរបស់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ុងសានស៊ូជីនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាថ្ងៃសុក្រទី ២៩ ខែមករាឆ្នាំ ២០២១ AP - Thein Zaw
ផ្សាយពាណិជ្ជកម្ម

យោធាភូមានៅព្រឹកនេះ បានចេញនូវសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍របស់ ខ្លួន Myawaddy ថាខ្លួនបានសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ដើម្បីដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍តានតឹងដែលកំពុងកើតមាននៅក្នុងប្រទេសភូមា ហើយអំណាចទាំងអស់នឹងត្រូវផ្ទេរឲ្យឧត្តមសេនីយ៍ជាន់ខ្ពស់លោក មិន អ៊ុងឡាង (Min Aung Hlaing) ជាអ្នកកាន់ការបណ្តោះអាសន្ន។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះ គឺក្រោយពេលដែលយោធាភូមា បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី និងឃុំឃាំងលោកស្រី ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យមួយចំនួន ក្រោយតែយោធាភូមាបានរកឃើញថាមានបញ្ហាមិនប្រក្រតីមួយចំនួនកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី៨វិច្ឆិកា២០២០។                              

បើតាមសេចក្តីថ្លែងការណ៍ពីការដាក់ប្រទេសក្នុងគ្រាអាសន្នពីភាគីយោធាភូមា បានបង្ហាញថា បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលប្រើក្នុងពេលបោះឆ្នោតពហុបក្សនៅថ្ងៃទី៨វិច្ឆិកានោះ ត្រូវបានរកឃើញថាមានភាពខុសគ្នាច្រើន ព្រមទាំងបញ្ហាមិនប្រក្រតីមួយចំនួន ហើយគណៈកម្មាធិការរៀបចំការបោះឆ្នោតភូមា នៅតែខកខានក្នុងការដោះស្រាយបញ្ហានោះ។ ការបោះឆ្នោតកាលពីឆ្នាំ២០២០កន្លងទៅ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ឈ្នះឆ្នោតនិងទទួលបានអាសនៈសភាចំនួន៣៩៧អាសនៈក្នុងចំណោមអាសនៈសរុបចំនួន៤៧៦។

ជាមួយគ្នានេះ ក្រោយការដាក់ប្រទេសក្នុងគ្រាអាសន្ន ជើងហោះជើរក្នុងស្រុកត្រូវផ្អាកមួយរយៈ ហើយព្រលានយន្តហោះអន្តរជាតិនៅទីក្រុងយ៉ង់ហ្គោនក៏ត្រូវបានបិទ។ មិនតែប៉ុណ្ណោះសេវាទូរស័ព្ទ និងប្រព័ន្ធអ៊ីនធឺណែតត្រូវបានកាត់ផ្តាច់នៅតាមទីក្រុងធំៗនៃប្រទេសភូមា។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ