អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

ភូមា៖ ​សហគមន៍អន្តរជាតិ ​ថ្កោលទោស​រដ្ឋប្រហារ និង​ទាមទារ​ឲ្យ​​ដោះលែង​លោកស្រី​អ៊ុងសាន ស៊ូជី

ក្រោយ​ហេតុការណ៍រដ្ឋប្រហារយោធានៅភូមា នៅថ្ងៃទី​១កុម្ភៈ​ ប្រតិកម្មអន្តរជាតិបានធ្លាក់មកជាបន្តបន្ទាប់ ដោយ​បានសម្តែងការព្រួយ​បារម្ភ អំពីអនាគតនៃ​លទ្ធិប្រជាធិបតេយ្យ​នៅភូមា។ សហគមន៍អន្តរជាតិ ​បាន​អំពាវនាវឲ្យ​ក្រុមយោធាភូមា គោរពសន្លឹកឆ្នោតរបស់​ប្រជាជន ព្រមទាំងបាន​ទាមទារឲ្យ​ដោះលែង លោកស្រី​អ៊ុងសាន ស៊ូជី នឹង​មនុស្ស​ឯទៀត ជាបន្ទាន់។

ប្រជាជនភូមា ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារយោធា នៅខាងមុខ​ស្ថានទូតភូមា ក្នុងទីក្រុង​បាងកក ។ ថ្ងៃទី ១ កុម្កៈ ២០២១
ប្រជាជនភូមា ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារយោធា នៅខាងមុខ​ស្ថានទូតភូមា ក្នុងទីក្រុង​បាងកក ។ ថ្ងៃទី ១ កុម្កៈ ២០២១ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

ស្ថានភាពចលាចលនយោបាយនៅ​ភូមា កំពុង​តែធ្វើឲ្យ​សហគមន៍អន្តរជាតិ ព្រួយ​បារម្ភបំផុត។ ពន្លក​អនាគតនៃលទ្ធិប្រជាធិបតេយ្យ ដែលទើបតែបានចាប់លាស់​បាន​បន្តិច ក៏ស្រាប់តែត្រូវ​បាន​គេក្តិចទៅវិញ ដោយ​ការធ្វើរដ្ឋប្រហារយោធា ជាថ្មីម្តងទៀតនៅថ្ងៃទី​១កុម្ភៈ។

លោក អង់តូនីញ៉ូ ហ្គូតទែស អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​លើកឡើងថា ការប្រកាសប្រមូលក្តោបក្តាប់អំណាចទាំងស្រុង ពីសំណាក់ក្រុមយោធា នឹងបំផ្លាញដល់ការ​ធ្វើ​កំណែទម្រង់ ប្រជាធិបតេយ្យ នា​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបាន ថ្លែងថ្កោលទោស​ផងដែរ ចំពោះ​ការចាប់ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី ព្រមទាំង​អ្នកនយោបាយ​ជាច្រើនរូបទៀត នៅក្រោយ​ហេតុការណ៍​​​រដ្ឋប្រហារ​។

ដូចគ្នាដែរ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសរសេរ​លើទំព័រ​Twitter ថា តាងនាមឲ្យ​សហភាពអឺរ៉ុប លោក​សូមថ្កោលទោស យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការធ្វើ​រដ្ឋប្រហារ ព្រមទាំងការចាប់ខ្លួន​លោកស្រីអ៊ុងសាន ស៊ូជី និងអ្នកនយោបាយ​ផ្សេងទៀត។ លោកបន្តថា លទ្ធផល​នៃការបោះឆ្នោត​បែបប្រជាធិបតេយ្យ​ ត្រូវតែទទួលបាន​ការគោរពទទួលយក។ ចំណែកលោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុប បាន​លើកឡើងថា ប្រជាជនភូមាត្រូវការ​លទ្ធិប្រជាធិបតេយ្យ ហើយ​សហភាពអឺរ៉ុប នឹងនៅជាមួយ​ប្រជាជនភូមាជានិច្ច។

ចំណែកលោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បាន​សរសេរលើTwitter ថា លោកថ្កោល​ទោស​ ​​រដ្ឋប្រហារយោធារបស់កងទ័ពភូមា និង​ថ្កោលទោសចំពោះការចាប់ឃុំខ្លួន​លោកស្រីអ៊ុងសាន ស៊ូជី ព្រមទាំងអ្នកទោសនយោបាយ​ឯទៀត។ លោក Jen Psaki អ្នកនាំពាក្យសេតវិមានអាមេរិកវិញ​ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិកប្រឆាំងចំពោះ​ការកែប្រែ​លទ្ធផលបោះ​ឆ្នោត ដែលប្រជាជន​ភូមា​បានសម្រេចដោយ​សេរី កាលពីថ្ងៃទី​៨វិច្ឆិកា​។ លោកថា សហរដ្ឋអាមេរិក នឹងចាត់វិធានការ ទៅលើ​ក្រុម​​មនុស្ស​ ដែល​​ដឹកនាំ​ការធ្វើរដ្ឋប្រហារនេះ​។

ដូចគ្នាដែរ លោក Gabriel Attal អ្នក​នាំពាក្យ​​រដ្ឋាភិបាលបារាំង បានថ្លែងនៅតាមវិទ្យុ នៅព្រឹកថ្ងៃទី​១កុម្ភៈនេះថា រដ្ឋាភិបាលបារាំង សូម​អំពាវនាវឲ្យ​កងទ័ពភូមា ត្រូវដោះលែងមនុស្ស​ទាំងអស់ ហើយ​ទទួលស្គាល់លទ្ធផល​បោះឆ្នោត ដែលប្រជាជនភូមាបាន​សម្រេចចិត្ត។ លោកបានអះអាងថា រដ្ឋាភិបាលបារាំង កំពុងពិភាក្សា ជាមួយ​ដៃគូ និងស្ថាប័នអន្តរជាតិឯទៀត ដើម្បីរកយន្តការអន្តរជាតិ ជួយ​ស្រោចស្រង់លទ្ធិប្រជាធិបតេយ្យភូមា។ រដ្ឋាភិបាលជប៉ុន សិង្ហបុរី ឥណ្ឌា និងអូស្ត្រាលីជាដើម សុទ្ធតែបាន​សម្តែងការព្រួយ​បារម្ភ អំពី​ការរលត់រលាយ​ នូវការរីកចំរើន​បង្គួរ នៃលទ្ធិប្រជាធិបតេយ្យនៅភូមា។

ដោយឡែក លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេសចិន មិនបានថ្លែងថ្កោលទោសឲ្យ​ចំៗ ទៅលើ​ការធ្វើរដ្ឋប្រហារយោធានេះទេ ដោយ​លោក​លើកឡើងថា ចិនកំពុងតែសង្កេតតាមដាន ដើម្បីស្វែងយល់ស្ថានការណ៍នយោបាយ នៅភូមា​ឲ្យ​បានច្បាស់។ លោកបន្ថែមថា រដ្ឋាភិបាលចិន អំពាវនាវឲ្យគ្រប់ភាគីនយោបាយភូមា ត្រូវស្វែងរកដំណោះស្រាយ​ ដោយ​ឈរលើ​ក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ