អានតួអត្ថបទ
វៀតណាម

វៀតណាម៖លោកង្វៀង ហ៊្វូចុងជាប់ឆ្នោតអាណត្តិទី៣ ជាអគ្គលេខាធិការគណបក្សកុម្មុយនិស្ត

នៅ​ក្នុង​ប្រទេស​វៀតណាម អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​លោក​ង្វៀង ហ៊្វូចុង​ត្រូវ​បាន​សមាជ​បក្ស​លើកទី១៣ បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី៣១ មករា​ឲ្យ​បន្ត​កាន់​តំណែង​មួយ​នេះ​សម្រាប់​អាណត្តិទី៣ រយៈពេល ៥ឆ្នាំ។ មាន​អាយុ ៧៦ឆ្នាំ និង​ជា​អ្នកអភិរក្សនិយម​គាំទ្រ​ចិន លោក​ង្វៀង ហ៊្វូចុង​ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ទី១ ដែល​ទទួល​បាន​តំណែង​នេះ​ចំនួន ៣អាណត្តិ​ជាប់​គ្នា គិត​តាំង​ពី​វៀតណាម​បាន​ចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ១៩៨៦។ តែ​ទន្ទឹម​នឹង​បន្ត​កាន់​តំណែង​អាណត្តិទី៣ ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត លោក​ង្វៀង ហ៊្វូចុង​ត្រូវ​បោះបង់​តំណែង​ប្រធានាធិបតី​ដែល​លោក​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ ២០១៨។ បើ​គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ តំណែង​ប្រធានាធិបតី​នឹង​ធ្លាក់​ទៅ​លើ​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​លោក​ង្វៀង ស្វឹនហ៊្វុក។ មាន​អាយុ ៦៦ឆ្នាំ លោក​ង្វៀង ស្វឹនហ៊្វុក​ទទួល​បាន​ការ​កោតសរសើរ​ពី​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩ បាន​ល្អ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន។ តើ​លោក​ង្វៀង ហ៊្វូចុង​មាន​ប្រជាប្រិយភាព​អ្វី​ខ្លះ​បាន​ជា​សមាជ​គណបក្ស​កុម្មយនិស្ត​បោះឆ្នោត​ឲ្យ​លោក​កាន់​តំណែង​អគ្គលេខាធិការ​អាណត្តិទី៣?។

លោកង្វៀង ហ៊្វូចុងត្រូវ​បាន​សមាជគណបក្សកុម្មុយនិស្តវៀតណាម​បោះឆ្នោតឲ្យ​កាន់​តំណែងអគ្គលេខាធិការបក្ស​អាណត្តិទី៣ ក្នុង​ថ្ងៃទី៣១ មករា ២០២១។
លោកង្វៀង ហ៊្វូចុងត្រូវ​បាន​សមាជគណបក្សកុម្មុយនិស្តវៀតណាម​បោះឆ្នោតឲ្យ​កាន់​តំណែងអគ្គលេខាធិការបក្ស​អាណត្តិទី៣ ក្នុង​ថ្ងៃទី៣១ មករា ២០២១។ AP - Lê Trí DÅ©ng
ផ្សាយពាណិជ្ជកម្ម

« ប្រជាប្រិយភាពទី១ របស់​លោក​ង្វៀង ហ៊្វូចុង គឺ​មក​ពី​គេ​ចាត់​ទុក​គាត់​ជា​អ្នក​តំណាង​ឲ្យ​មនោគមន៍វិជ្ជា និង​ទ្រឹស្តី​ម៉ាក ឡេលីន​និយម ព្រោះ​នៅ​ក្នុង​សុន្ទរកថា​របស់​គាត់ លោក​ង្វៀង ហ៊្វូចុង​តែង​បាន​លើក​ឡើង​ច្រើន​ពី​ទ្រឹស្តី​ម៉ាក ឡេលីន​និយម។ តាម​ពិត​ទៅ ប្រជាជន​វៀតណាម​បាន​ចាត់​ទុក​លោក​ង្វៀង ហ៊្វូចុង​ដូច​ជា​ជីតា​ម្នាក់​តំណាង​ឲ្យ​ទ្រឹស្តី​ម៉ាក ឡេលីន​និយម នោះ​បើ​ទោះ​បី​ជា​ប្រជាជន​បាន​សើចចំអក​លើ​ទ្រឹស្តី​មួយ​នេះ​ក៏​ដោយ។

ប្រជាប្រិយភាពទី២ របស់​លោក​ង្វៀង ហ៊្វូចុង គឺ​ស្នាដៃ​របស់​គាត់​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​គាត់​បាន​បោសសំអាត​នៅ​ក្នុង​ជួរ​បក្ស កងទ័ព និង​ប៉ូលិស។ យុទ្ធនាការ​មួយ​នេះ​របស់​លោក​ង្វៀង ហ៊្វូចុង​ទទួល​បាន​ការ​សរសើរ​ខ្លាំង​ណាស់ ព្រោះ​ថា​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​ចិន​ដែរ មាន​ការ​រិះគន់​ខ្លាំង​ណាស់​លើ​អំពើ​ពុករលួយ​របស់​មន្រ្តី និង​សមាជិក​ក្នុង​គណបក្ស។ ដូច្នេះ យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​ផ្អែក​លើ​ទ្រឹស្តី​ម៉ាក់ ឡេលីន​និយម​ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាជន។

ចំណែក​ប្រជាប្រិយភាពទី៣ ចុង​ក្រោយ​របស់​លោក​ង្វៀង ហ៊្វូចុង និយាយ​ដោយឡែក និង​របស់​គណបក្ស​កុម្មុយនិស្ត និយាយ​ជា​រួម គឺ​ដោយសារ​តែ​វៀតណាម​គ្រប់គ្រង​បាន​ល្អ​លើ​វិបត្តិ​ជំងឺ​កូវីដ១៩ ជាង​ប្រទេស​មួយ​ចំនួន។ តែ​ការងារ​មួយ​នេះ​ទទួល​បាន​ច្រើន​ពី​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្រ្តី​លោក​ង្វៀង ស្វឹនហ៊្វុក ហើយ​បើ​តាម​ខ្ញុំ​ដឹង នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​រូប​នេះ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​នា​ពេល​ខាង​មុខ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ