អានតួអត្ថបទ
ចិន-កូវីដ១៩

អ្នកជំនាញ​អន្តរជាតិ ចាប់ផ្តើម​​​ស៊ើបអង្កេត​អំពី​​ប្រភព​​កូវីដ​១៩​នៅវូហាន ខណៈ​អាមេរិក​ថា​មិនទាន់​ទុកចិត្ត​

នៅថ្ងៃទី​២៨មករានេះ ក្រុម​​អ្នកជំនាញ​នៃអង្គការសុខភាព​ពិភពលោក បានចាប់ផ្តើម ធ្វើការ​ស៊ើបអង្កេត ស្តីពី​ប្រភពនៃ​​មេរោគជំងឺកូវីដ​១៩ នៅទីក្រុងវូហាន បន្ទាប់​ពី​បានធ្វើ​ចត្តឡីស័ក រយៈពេល​២សប្តាហ៍។ ជាប្រតិបត្តិការ​ស៊ើបអង្កេត ដែល​លក្ខណៈរសើបជាទីបំផុត សម្រាប់រដ្ឋាភិបាល​ចិន ដែលធ្លាប់ត្រូវបាន​គេចោទ ថាមិនមានភាព​ស្មោះត្រង់ ហើយបាន​ប្រើឥទ្ធិពល​លើអង្គការសុខភាព​ពិភពលោក។ យ៉ាងណាមិញ រដ្ឋាភិបាល​លោកចូ បៃដិន​បានលើកឡើងថា សហរដ្ឋអាេមរិក នឹង​ពិនិត្យ​មើល​ថាតើខ្លឹមសារនៃការស៊ើបអង្កេតនេះ វាភាព​គួរឲ្យ​ទុកចិត្ត​កម្រិតណា។

អ្នកជំនាញ១០នាក់របស់អង្គការសុខភាព​ពិភពលោក នៅក្នុងរថយន្តមួយ​ នៅទីក្រុងវូហាន ដើម្បីធ្វើដំណើរទៅ ស្រាវជ្រាវពី​ប្រភព​នៃកូវីដ​១៩។ វូហាន​ថ្ងៃទី ២៨ មករា ២០២១
អ្នកជំនាញ១០នាក់របស់អង្គការសុខភាព​ពិភពលោក នៅក្នុងរថយន្តមួយ​ នៅទីក្រុងវូហាន ដើម្បីធ្វើដំណើរទៅ ស្រាវជ្រាវពី​ប្រភព​នៃកូវីដ​១៩។ វូហាន​ថ្ងៃទី ២៨ មករា ២០២១ REUTERS - THOMAS PETER
ផ្សាយពាណិជ្ជកម្ម

អ្នកកាសែតបារាំង AFP ដែល​ត្រូវបាន​អាជ្ញាធរចិនទប់​ មិនឲ្យ​ចូលជិត​ក្រុមការងារ​ពិសេសនេះ បាន​អះអាងថា គេបានត្រឹម​តែ​ឃើញ​ក្រុម​អ្នកជំនាញនេះ​ពីចំងាយ​​ មានគ្នា​១០នាក់ ចេញពីសណ្ឋាគារឡើងរថយន្ត តែគេមិនដឹងថាធ្វើដំណើរទៅកន្លែងណាទេ។​​ ចំណែក​កាលវិភាគលំអិត ស្តីពីសកម្មភាពការងារស្រាវជ្រាវនេះ ក៏គ្នាន​នរណាអាចដឹងបានដែរ។

សូមបញ្ជាក់ថា កូវីដ១៩ បាន​លេចរូបរាង្គឆ្លងរាលដាលដំបូងបំផុត នៅក្រុងវូហាន កាលពី​ចុងខែធ្នូ ឆ្នាំ​២០១៩។ គិតត្រឹមពេលនេះ កូវីដ​១៩បានផ្តាច់ជីវិតមនុស្សប្រមាណ​២លាន១សែននាក់ នៅទូទាំងពិភពលោក ហើយបច្ចុប្បន្ន កំពុងបន្តយាយីសុខភាព និងសេដ្ឋកិច្ចប្រទេសជាច្រើន។ រដ្ឋាភិបាលចិន ត្រូវបាន​គេចោទ ថាបានលាក់បាំង រារាំង មិនចង់ឲ្យ​មានការអង្កេតស្រាវជ្រាវ​ស្តីពីប្រភពនៃមេរោគនេះ។ ប្រភពនៃកូវីដ​១៩ បានក្លាយ​ជាចំណុចវិវាទប្រកែក ចោទគ្នាទៅវិញទៅមក រវាងអាមេរិក និងចិនផងដែរ ប្រមាណមួយឆ្នាំ​មកនេះ។

កាលពីដំបូងអាជ្ញាធរចិន អះអាងថា គេបានរកឃើញមេរោគនេះ នៅក្នុងទីតាំងផ្សារមួយ​កន្លែងក្នុងក្រុងវូហាន។ អ្នកជំនាញ​មួយចំនួន​អះអាងថា កូវីដ១៩ ជាប្រភេទមេរោគកូរ៉ូណាវីរុស មានប្រភពចេញពី​សត្វប្រចៀវ។ តែទន្ទឹមនឹងនេះ មានពាក្យ​ចចាមអារ៉ាម​ ដែល​គ្មាន​លក្ខណៈមិន​ប្រាកដប្រជាផ្សេងទៀត អះអាងថាមេរោគនេះ ធ្លាយ​ចេញពីមន្ទីរពិសោធន៍មួយ​នៅវូហាន។ ក្រោយ​មកទៀត មានពាក្យ​ចចាមអារ៉ាមនៅ​ចិន ថា​កូវីដ​១៩ ឆ្លងចូល​មកចិន តាមរយៈសាច់គោកកនាំចូលពីអាមេរិក។ អ្នកនាំពាក្យ​ក្រសួងការបរទេសចិនម្នាក់ ធ្លាប់បានលើកឡើងដោយ​គ្មានភស្តុតាងថា គឺទាហានអាមេរិក ដែលមកចូលរួម​កម្មវិធី​ប្រកួតកីឡាមួយនៅ​វូហាន កាលពីចុងឆ្នាំ​២០១៩ ដែលបាននាំកូវីដ​១៩មក។

យ៉ាងណាក៏ដោយ លោក Michael Ryan មន្ត្រីទទួលបន្ទុកកិច្ចការអាសន្ន នៃអង្គការសុខភាពពិភពលោក បាន​អះអាងកាលពី​សប្តាហ៍មុនថា ក្រុមអ្នកជំនាញ​របស់​អង្គការលោក នឹងព្យាយាមស្រាវជ្រាវរកការពិត ថាកូវីដ១៩កើតនៅទីណា មិនថានៅចិន ឬនៅក្រៅចិនឡើយ។ លោកអះអាងថា គ្រប់សម្មត្តិកម្មទាំងអស់ នឹងត្រូវយក​មកពិចារណា។

ដោយឡែកកាលពីថ្ងៃទី​២៧មករា លោក ជែន សាគី អ្នកនាំពាក្យ​រដ្ឋាភិបាលអាមេរិក បាន​លើកឡើងថា អាមេរិក​ចង់បានការស៊ើបអង្កេតអន្តរជាតិមួយ ដែល​ស៊ីជំរៅ ច្បាស់លាស់បំផុត។ លោក​បន្ថែមថា រដ្ឋាភិបាល​លោក​នឹងថ្លឹងថ្លែងពិនិត្យ ​ថារបាយការណ៍ស្រាវជ្រាវរបស់អង្គការ​សុខភាព​​ពិភពលោក​ មាន​ភាពប្រត្យក្ស អាចគួរឲ្យ​ទុកចិត្តបាន​កំរិតណា។  សម្តីលើកឡើងខាងលើនេះ បានធ្វើឲ្យ​ភាគីចិន ប្រតិកម្មភ្លាមផងដែរ ថាអាមេរិកកំពុងយក​បញ្ហានេះ ទៅលាយឡំនឹងរឿងនយោបាយ​ការបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ