អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​រឹតបន្តឹង​សន្តិសុខ ក្រោយ​មានចលនា​តវ៉ា របស់​កសិករ

អាជ្ញាធរ​ឥណ្ឌាបាន​​រឹតបន្តឹង​សន្តិសុខ យ៉ាង​ខ្លាំង​ ​នៅទីក្រុង​​ញូដេលី ក្រោយ​ពី​មាន​ការ​ប៉ះទង្គិចគ្នា យ៉ាង​ហិង្សា រវាង​កង​កម្លាំង​ប៉ូលិស និង​ចលនា​តវ៉ា​របស់​កសិករ។ កសិករ​ឥណ្ឌា រាប់ពាន់​នាក់ មិន​សប្បាយ​ចិត្ត​ បាន​នាំ​គ្នា​ធ្វើដំណើរ​តាម​ត្រាក់ទ័រ​​មក​​​ឥវ៉ាប្រឆាំង​នឹងការ​ធ្វើ​​កំណែទម្រង់របស់រដ្ឋាភិបាល​ដែល​ចង់​បើកទូលាយ​​ទីផ្សារ​កសិកម្ម។

ការ​ប៉ះទង្គិចហិង្សា​រវាង​ប៉ូលិស​និង​កសិករ​ឥណ្ឌា​ថ្ងៃទី ២៦មករា ២០២១
ការ​ប៉ះទង្គិចហិង្សា​រវាង​ប៉ូលិស​និង​កសិករ​ឥណ្ឌា​ថ្ងៃទី ២៦មករា ២០២១ REUTERS - ADNAN ABIDI
ផ្សាយពាណិជ្ជកម្ម

ចលនា​តវ៉ា​​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​វិច្ឆិកា ២០២០​មក ដោយមាន​ការ​បោះ​ទីតាំង យក​គ្រឿង​យន្ត​ មកបញ្ឈរ​ តាមមាត់​ផ្លូវ​​ដែល​ជា​​ច្រក​ចូលដ៏​សំខាន់ៗ​របស់​រដ្ឋ​ធានី។ ប៉ុន្តែ​​​​កសិករ​ឥណ្ឌា​បាន​បង្កើន​សកម្មភាព​ខ្លាំង​នៅ​ថ្ងៃ​ម្សិលមិញ ​ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ ដើម្បី​បំពង​សំឡេង​ប្រឆាំង​នឹង​គម្រោង​ធ្វើ​កំណែទម្រង់​​បើក​សេរី ទីផ្សារ​កសិកម្ម។

ការ​ប៉ះទង្គិច​ហិង្សា​ក៏​បាន​ផ្ទុះឡើង​ រវាង​កង​កម្លាំង​ប៉ូលិស និង​កសិករ។ ក្បួន​បាតុកម្ម​យានយន្តកសិកម្ម​ដែល​មាន​ផ្ទុក​ពេញ​ដោយ​កសិករ​ មិន​បាន​រំខាន​ដល់​កម្មវិធី​បុណ្យ​ជាតិ​មែន តែ​បាន​ទម្លុះ​របង​សុវត្ថិភាព​របស់​អាជ្ញាធរ​ បើក​ចូល​ពេញ​​រដ្ឋធានី។  មានកសិករ​ម្នាក់​បាន​ស្លាប់​ដោយ​ចៃដន្យ​ នៅ​ពេល​ក្បួន​ត្រាក់ទ័រ​បត់​ និង​មាន​ប៉ូលិស​៨៦​នាក់​បាន​រង​របួស។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការ។ ការ​ប៉ះទង្គិច​បាន​កើត​ឡើងខ្លាំង​​នៅ​មុខ​​ទីស្នាក់ការ​ប៉ូលិស និង​សន្តិសុខ​ជាតិ​ក្រុង​ញូដេលី​។ តែ​ពេញ​ផ្ទៃ​រដ្ឋ​ធានី​ ប៉ូលិស​បាន​​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ និង​ប្រើ​ដំបង​បង្ក្រាប ឯ​ចំណែកក្រុម​កសិករ​វិញតដៃ​ដោយ​ប្រើ​អ្វី​ដែល​មាន​ក្នុង​ដៃ​ជា​អាវុធ និង​ខ្លះ​បាន​ឡើង​ទៅ​លើ​កំផែង​រដ្ឋ​ធានី​ចំណាស់​ជាង​៤០០ឆ្នាំ គ្រវី​ទង់​ជាតិ​ក្រហម​ឆ្អៅ មុន​នឹង​ត្រូវ​បានកងកម្លាំង​​សន្តិសុខ​បំបែក​អស់។

ពេល​យប់​មកដល់ អាជ្ញាធរ​បាន​កាត់​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​និង​អ៊ីនធ័រនែត ត្រង់​តំបន់​ជាយ​រដ្ឋធានី​ដែល​មាន​ក្រុម​កសិករ​បោះទីតាំង​នៅ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បញ្ជា​ឱ្យបញ្ចេញ​​កង​ស្វ័យត្រាន​ចំនួន១៥​កង​ពល​ ជា​ជំនួយ​បន្ថែមដើម្បី​​ការ​ពារ​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​ក្រុង។ នៅ​ព្រឹកថ្ងៃ​ពុធ​ទី ២៧​មករា ​ផ្លូវ​សំខាន់ៗរបស់​រដ្ឋធានី​​ត្រូវ​បិទ​ខ្ទប់ ឬ​ដាក់​រនាំងប៉ូលិស​ការពារ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង។ កងអាវុធ​ហត្ថ​បាន​មក​ឈរ​ជើងការពារ​ នៅ​តាម​ចំណុចសំខាន់ៗ​ជា​ច្រើន មាន​អាទិ៍​ នៅ​ភាគ​ខាង​ជើង​ក្រុង​ក្បែរ​កំផែងក្រហម។

តំណាង​ចលនា​តវ៉ា​កសិករ​បាន​បន្ទោស​ កង​កម្លាំង​សមត្ថកិច្ច​ថា​ជា​អ្នក​ពន្យុះ​ឱ្យ​មាន​អំពើ​ហិង្សា​ឡើង និង​បាន​សន្យា​វិល​មក​ដង្ហែក្បួនបាតុកម្ម​នៅមុខ​សភាជាតិ​ នៅ​ថ្ងៃទី ១កុម្ភៈ ២០២១ ថ្ងៃ​ដែលរដ្ឋាភិបាល​ត្រូវ​បង្ហាញ​​គម្រោង​ថវិកាជាតិ។ នេះ​ជា​ចលនាតវ៉ា ដ៏​ខ្លាំងក្លា​​លើក​ដំបូង​ តាំង​ពី​​លោក​ ណារិនដ្រា ម៉ូឌី ឡើង​គ្រប់គ្រងរដ្ឋាភិបាល​អស់​រយៈ​ពេល​៦​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ